វិស័យអប់រំ

តើការផ្អាករៀបចំការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស វាជាការដើរថយក្រោយនៃវិស័យអប់រំ ឬយ៉ាងណា?


ក្រសួងអប់រំ យុវជននិងកីឡា បានសម្រេចផ្អាករៀបចំការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេសសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ដោយផ្តល់ភាពម្ចាស់ការដល់រដ្ឋបាលរាជធានី ខេត្ត ឱ្យរៀបចំការប្រឡងជ្រើសរើសសិស្សពូកែប្រចាំរាជធានី ខេត្ត ដោយខ្លួនឯង។ ការផ្អាកនេះ បានធ្វើឱ្យមានការវែកញែក និងផ្ទុះការរិះគន់មួយចំនួននៅលើបណ្តាញសង្គម ដោយអ្នកខ្លះបានចាត់ទុកការផ្អាកការរៀបចំការប្រឡើងជ្រើសរើសសិស្សពូកែទូទាំងប្រទេសនេះថា ជាដើរថយក្រោយនៃវិស័យអប់រំនៅកម្ពុជា។
វិស័យអប់រំ
ដោយ

លោកបណ្ឌិត ឈត ប៊ុនថង អ្នកស្រាវជ្រាវ និងជាអ្នកជំនាញទស្សនវិជ្ជា នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ប្រសិនបើមើលតែមួយជ្រុងអាចនឹងគិតឃើញពីការដើរថយក្រោយនៅក្នុងកំណែទម្រង់វិស័យអប់រំ ប៉ុន្តែបើពិនិត្យមួយជ្រុងទៀត វាជាកំណែទម្រង់មួយរបស់ក្រសួងអប់រំ យុវជន និងកីឡា។ បើតាមអ្នកជំនាញរូបនេះ ការសម្រេចរបស់ក្រសួងអប់រំ យុវជន និងកីឡាអាចឆ្លុះបញ្ចាំងពីទិដ្ឋភាពមួយចំនួន ក្នុងនោះមានការធ្វើប្រតិភូកម្មទៅថ្នាក់ក្រោមជាតិ និងម្យ៉ាងទៀតត្រូវបានគេមើលឃើញពីការទម្លាក់កម្រិត ឬអាចពាក់ព័ន្ធនឹងការទទួលខុសត្រូវលើការចំណាយរៀបចំជាដើម។

ទោះបីមានការកែប្រែកម្មវិធីលើការប្រឡងក៏ពិតមែន ប៉ុន្តែអ្នកជំនាញរូបនេះលើកឡើងថា វានៅតែមានការលើកទឹកចិត្ត និងជំរុញឱ្យមានការខិតខំរៀន ដើម្បីប្រកួតប្រជែងដដែល ប្រសិនបើការរៀបចំមិនមានការផ្លាស់ប្ដូរទម្រង់ ឬទម្លាក់កម្រិត។

​ដោយឡែក លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព យល់ឃើញថា ការផ្លាស់ប្ដូរឱ្យរាជធានី ខេត្ត រៀបចំការប្រឡងជ្រើសរើសសិស្សពូកែប្រចាំរាជធានី ខេត្ត ក្នុងឆ្នាំនេះ គឺជាការត្រឹមត្រូវ ព្រោះវាធ្វើឱ្យបណ្ដារាជធានី-ខេត្ត មានភាពម្ចាស់ការលើខ្លួនឯង។ តែយ៉ាងណាភាពម្ចាស់ការលើការរៀបចំរបស់រាជធានី ខេត្ត អាចទទួលបានលទ្ធផលល្អប្រសើរ លុះណាតែមានការរៀបចំប្រកបដោយតម្លាភាព គុណភាព និងមិនប្រកាន់បក្ខពួក។

នេះបើតាមការលើកឡើងរបស់លោក យង់ គិមអេង ដែលបានបន្ថែមថា ដើម្បីឱ្យដំណើរការនេះប្រព្រឹត្តទៅដោយរលូន គឺកុំឱ្យរឿងនយោបាយចូលជ្រៀតជ្រែកលើបញ្ហាបច្ចេកទេស ប៉ុន្តែប្រសិនបើអ្នកនយោបាយឱ្យអ្នកបច្ចេកទេសដើរតាមផ្លូវវិជ្ជាជីវៈ និងធ្វើកិច្ចការដោយត្រឹមត្រូវនោះកំណែទម្រង់នេះនឹងទទួលបានប្រសិទ្ធភាព។

​ពាក់ព័ន្ធនឹងកំណែទម្រង់នេះលោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានគូសបញ្ជាក់ថា មូលហេតុដែលជំរុញឱ្យក្រសួងអប់រំសម្រេចផ្អាករៀបចំការប្រឡងជ្រើសរើសសិស្សពូកែក្នុងឆ្នាំសិក្សា២០២៤-២០២៥ គឺដោយសារក្រសួងយកពេលទៅផ្តោតលើការងារអាទិភាពក្នុងការលើកកម្ពស់ និងគាំទ្រសាលារៀនឱ្យក្លាយជាសាលាគំរូ សំដៅលើកកម្ពស់គុណភាពអប់រំ និងអនុវត្តជាបន្តបន្ទាប់នូវកម្មវិធីក្រៅម៉ោងសិក្សា ដើម្បីឱ្យសិស្សានុសិស្សមានវិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទាស្របតាមសតវត្សរ៍ទី២១។

បើតាមអ្នកនាំពាក្យរូបនេះ នាពេលកន្លងមកការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មិនមែនគ្រាន់តែជាការវាស់ស្ទង់សមត្ថភាពរបស់សិស្សនោះទេ តែបានក្លាយជាឱកាសសម្រាប់ពួកគេនៅទូទាំងប្រទេសក្នុងការបង្ហាញសមត្ថភាព និងខិតខំប្រឹងប្រែងដើម្បីទទួលបាននិទ្ទេសនានា ជាពិសេសនិទ្ទេស A ព្រមទាំងមានការទទួលស្គាល់ពីគ្រប់មជ្ឈដ្ឋានរួចមកហើយ ហើយក៏ជាឱកាសសម្រាប់សិស្សទាំងអស់ក្នុងការទទួលបានការទទួលស្គាល់ និងឱកាសក្នុងការទទួលបានអាហារូបករណ៍នានា ផងដែរ។ បើតាមលោកជំទាវ ឃួន វិច្ឆិកា ការសម្រេចរបស់ក្រសួងមានបំណងជំរុញអនុវត្តភាពជាម្ចាស់ការរបស់រាជធានីខេត្ត ក៏ដូចជាផ្តល់ឱកាសឱ្យរាជធានី ខេត្ត អាចរៀបចំការប្រកួតប្រជែងស្របតាមបរិបទ និងធនធានរបស់ខ្លួនផងដែរ។

គូសបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡាបានសម្រេចផ្អាករៀបចំការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេសសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ហើយបានលើកទឹកចិត្តឱ្យរាជធានីខេត្ត ម្ចាស់ការក្នុងការរៀបចំការប្រឡងលើមុខវិជ្ជាអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យាថ្នាក់ទី៩ និងថ្នាក់ទី១២ ទៅតាមពេលវេលាសមស្របណាមួយ តាមមុខវិជ្ជា តាមកម្រិតថ្នាក់ និងផ្តល់រង្វាន់ដល់ជ័យលាភីសិស្សពូកែប្រចាំរាជធានីខេត្ត តាមលទ្ធភាព និងស្ថានភាពជាក់ស្តែងនៃរាជធានីខេត្តនីមួយៗ៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


មហាយក្សចិនរំពឹងថា នឹងមានការធ្វើដំណើរប្រហែល ៩ពាន់លានជើងនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិនឆ្នាំនេះ

ចរន្តធ្វើដំណើររបស់ប្រជាពលរដ្ឋនៅប្រទេសចិនក្នុងអំឡុងថ្ងៃឈប់សម្រាកនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនពីថ្ងៃទី២៨ ខែមករា ដល់ថ្ងៃទី៤ ខែកុម្ភៈ ត្រូវប…

លោក ដូណាល់ ត្រាំ ចេញការព្រមាន ក្រោយក្រុមហ៊ុនចិន បញ្ចេញ AI ថ្មីធ្វើឱ្យកក្រើកឧស្សាហកម្ម AI ពិភពលោក និងធ្វើឱ្យ Nvidia ខាតបង់ជិត៦០០ពាន់លានដុល្លារ

ក្រុមហ៊ុនបច្ចេកវិទ្យាទើបបង្កើតថ្មីមួយរបស់ប្រទេសចិន DeepSeek បានបញ្ចេញបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ជំនាន់ថ្មីមានតម្លៃទាបខ្លាំង ដែលមានសមត្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ