
ពេលនេះមានក្ដីសង្ឃឹមកាន់តែខ្លាំងឡើងថា គម្រោងឧស្ម័នធម្មជាតិ (LNG) ក្រោមទុនវិនិយោគរហូតដល់ទៅ៤៤ពាន់លានដុល្លារនៅរដ្ឋអាឡាស្កា សម្រាប់ផ្គត់ផ្គង់ដល់ប្រទេសជប៉ុន ដែលជាប់គាំងយូរមកហើយនោះ អាចនឹងដំណើរការឡើងវិញ ក្រោយទទួលបានការគាំទ្រពីប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ។
លោក ហ្វ្រែង រីឆាត (Frank Richards) ប្រធានក្រុមហ៊ុនសាជីវកម្ម Alaska Gasoline Development Corp. (AGDC) ដែលស្ថិតនៅពីក្រោយគម្រោងឧស្ម័នធម្មជាតិរាវ LNG តម្លៃ៤៤ពាន់លានដុល្លារ ខាងលើនេះ បានលើកឡើងថា បើគិតពីចម្ងាយពីរដ្ឋអាឡាស្កា ទៅកាន់ប្រទេសជប៉ុន គឺជិតណាស់ ដោយចំណាយពេលត្រឹមតែ៩ថ្ងៃប៉ុណ្ណោះ បើដឹកជញ្ជូនតាមកប៉ាល់។ រដ្ឋអាឡាស្កា ស្ថិតនៅកៀកនឹងប្រទេសជប៉ុនជាងគេ បើធៀបនឹងអាម៉េរិក ភាគខាងត្បូង ប្រទេសអូស្ត្រាលី និងតំបន់មជ្ឈិមបូព៌ា។
សូមបញ្ជាក់ថា នៅជិតទីតាំងគម្រោងរោងចក្រចម្រាញ់ឧស្ម័នធម្មជាតិ LNG តម្លៃ៤៤ពាន់លានដុល្លារខាងលើនេះ មានរោងចក្រមួយដែលផ្គត់ផ្គង់ឧស្ម័នធម្មជាតិនេះដល់ប្រទេសជប៉ុន អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ដោយបានចាប់ផ្តើមដំណើរការតាំងពីឆ្នាំ១៩៦៩ មកម៉្លេះ។
វាជាគម្រោងប្រវត្តិសាស្រ្តមួយដែលបានជួយក្រុមហ៊ុនថាមពលយក្សជប៉ុន Tokyo Gas ផ្លាស់ប្តូរពីការប្រើប្រាស់ធ្យូងថ្មងាកមកប្រើប្រាស់ឧស្ម័នធម្មជាតិរាវ LNG សម្រាប់ការផ្គត់ផ្គង់តម្រូវការនៅតាមផ្ទះប្រជាជន។ ទោះជាយ៉ាងណា រោងចក្រនោះបានផ្អាកដំណើរការទៅហើយដោយសារវាមានសភាពចាស់ទ្រុឌទ្រោម និងការផលិតឧស្ម័នធ្លាក់ចុះ។
រីឯគម្រោងថ្មីតម្លៃ៤៤ពាន់លានដុល្លារ ដែលមានឈ្មោះថា Alaska LNG ខាងលើនេះនឹងមានសមត្ថភាពផលិតឧស្ម័នធម្មជាតិរាវ LNG ប្រមាណ២០លានតោន ក្នុងមួយឆ្នាំ ដែលស្មើនឹងប្រមាណ៣០%នៃតម្រូវការប្រើប្រាស់ប្រចាំឆ្នាំរបស់ប្រទេសជប៉ុន ទាំងមូល។ គម្រោងថ្មីនេះ ត្រូវបានផ្ដួចផ្ដើមឡើងរាប់ទសវត្សរ៍មកហើយ ប៉ុន្តែត្រូវបានពន្យារពេលរហូតមកទល់ពេលនេះដោយសារទំហំទុនវិនិយោគធំខ្លាំងពេក៕
ដោយ: តែម សុខុម