វិស័យអាកាសចរណ៍

តើក្រសួងស្ថាប័នពាក់ព័ន្ធត្រូវធ្វើអ្វីខ្លះ ដើម្បីឱ្យព្រលានយន្តហោះថ្មីក្លាយជាមេដែកក្នុងការស្រូបទាញភ្ញៀវទេសចរ?


អាកាសយានដ្ឋានអន្តរជាតិ តេជោ ដែលបានចំណាយទុនសាងសង់ប្រមាណ២ពាន់លានដុល្លារបានដាក់ឱ្យដំណើរការនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ដោយវានឹងជួយតភ្ជាប់ជើងមេឃកម្ពុជា ទៅកាន់ពិភពលោកឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។ អ្នកជំនាញក្នុងវិស័យទេសចរណ៍បានចាត់ទុកអាកាសយានដ្ឋានអន្តរជាតិនេះ ជាសមិទ្ធផលដ៏អស្ចារ្យមួយក្នុងការជួយស្រូបទាញភ្ញៀវទេសចរ ការវិនិយោគ និងជំរុញកំណើនសេដ្ឋកិច្ច។
វិស័យអាកាសចរណ៍
ដោយ

លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជា ជឿជាក់ថា តាមរយៈអាកាសយានដ្ឋានអន្តរជាតិ តេជោ ដែលទើបដាក់ឱ្យដំណើរការ វានឹងជួយស្រូបទាញភ្ញៀវទេសចរបរទេសកាន់តែច្រើនឱ្យមកទស្សនានៅកម្ពុជា និងជំរុញការតភ្ជាប់ជើងហោះហើរត្រង់ជាមួយប្រទេសផ្សេងៗ។ ដើម្បីឱ្យព្រលានយន្តហោះនេះអាចក្លាយជាមេដែកក្នុងការស្រូបទាញភ្ញៀវទេសចរ អ្នកជំនាញរូបនេះ យល់ឃើញថា ក្រសួងស្ថាប័នពាក់ព័ន្ធ ក៏ដូចជាប្រតិបត្តិករទេសចរ និងប្រជាពលរដ្ឋត្រូវចូលរួមជួយផ្សព្វផ្សាយពីសមិទ្ធផលនេះឱ្យផុសផុលបន្ថែមទៀត ជាពិសេសត្រូវពង្រឹងសណ្ដាប់ធ្នាប់សង្គម និងសណ្ដាប់ធ្នាប់ចរាចរណ៍ជាដើម។ បន្ថែមលើនេះ រាជរដ្ឋាភិបាលត្រូវបង្កើតទំនាក់ទំនងជាមួយប្រទេសក្នុងតំបន់ និងលើពិភពលោកឱ្យបានកាន់តែច្រើនបន្ថែមទៀត។

​ជាមួយគ្នានេះ លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច កត់សម្គាល់ឃើញថា ការដាក់ឱ្យដំណើរការព្រលានថ្មីនេះ គឺជាប្រវត្តិសាស្រ្តថ្មីមួយសម្រាប់កម្ពុជា ដែលអាចបើកផ្លូវដល់កម្ពុជា ក្នុងការធ្វើឱ្យប្រសើរឡើងនូវវិស័យដឹកជញ្ជូន ពាណិជ្ជកម្ម និងទេសចរណ៍។ អ្នកជំនាញរូបនេះ បានលើកឡើង ដើម្បីឱ្យព្រលានយន្តហោះថ្មីនេះក្លាយជាមេដែកស្រូបទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្រសួងស្ថាប័នពាក់ព័ន្ធរួមទាំងប្រតិបត្តិករទេសចរណ៍ ត្រូវផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍កម្ពុជា ឱ្យបានខ្លាំងបន្ថែមទៀត ក៏ដូចជាត្រូវពង្រឹងការធ្វើបដិសណ្ឋារកិច្ចល្អ ការរៀបចំមុខម្ហូបឱ្យមានចម្រុះជាតិសាសន៍ ពិសេសពលរដ្ឋឥស្លាម និងតភ្ជាប់ជើងហោះហើរពីភ្នំពេញទៅតំបន់ទេសចរណ៍ក្នុងស្រុកឱ្យបានច្រើនបន្ថែមបន្ថែមទៀត។

​គួរជម្រាបថា អាកាសយានដ្ឋានអន្តរជាតិ តេជោ​ ដែលចំណាយទុនសាងសង់អស់ប្រមាណជាង២ពាន់លានដុល្លារនេះ ត្រូវបានសាងសង់ឡើងជាប្រភេទ 4F ដែលជាស្តង់ដាធំជាងគេនៅក្នុងហេដ្ឋារចនាសម្ព័ន្ធសាងសង់អាកាសយានដ្ឋាន ដែលមានសមត្ថភាពអាចឱ្យយន្តហោះធុនយក្សគ្រប់ប្រភេទដូចជា Airbus A380-800 និង Boeing 747-800 អាចចុះចតបាន និងមានសមត្ថភាពស្វាគមន៍អ្នកដំណើរប្រចាំឆ្នាំរហូតដល់១៣លាននាក់ បន្ទាប់ពីដំណាក់កាលទី១ដាក់ឱ្យដំណើរការ ហើយនឹងកើនឡើងជាលំដាប់រហូតដល់៣០លាននាក់ នាពេលអនាគត។ អាកាសយានដ្ឋានអន្តរជាតិនេះ ត្រូវបានសាងសង់លើផ្ទៃដីប្រមាណ២ពាន់៦រយហិកតា ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងមួយផ្នែកស្ថិតនៅស្រុកបាទី ខេត្តតាកែវ៕

អត្ថបទ​៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


ពិព័រណ៍វិស័យផ្គត់ផ្គង់ ម្ហូបអាហារ ភេសជ្ជៈ និងបដិសណ្ឋារកិច្ចលេខមួយរបស់កម្ពុជា CAMFOOD CAMHOTEL EXPO នឹងត្រលប់មកវិញនៅចុងខែតុលាខាងមុខនេះ

ក្រុមហ៊ុន Informa Markets ដែលជាក្រុមហ៊ុនឈានមុខគេក្នុងការ រៀបចំពិព័រណ៍ ដោយមានការគាំទ្រពីក្រសួងទេសចរណ៍ ក្រសួងពាណិជ្ជកម្ម សមាគមចុងភៅកម្…

ក្រុមហ៊ុន សហគ្រាសក្នុងស្រុកកំពុងបង្កើនការផលិត ដើម្បីឆ្លើយតបនឹងកំណើនតម្រូវការ

និន្នាការគាំទ្រផលិតផលក្នុងស្រុកមានការកើនឡើងគួរឱ្យកត់សម្គាល់នៅមួយរយៈចុងក្រោយនេះ បន្ទាប់ពីពលរដ្ឋខ្មែរភាគច្រើនបាននាំគ្នាធ្វើពហិការមិនប្រើប្រាស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ