ប្រាក់ឈ្នួលកម្មករ

តើបញ្ហាពន្ធ និងជម្លោះព្រំដែនជាមួយថៃ អាចជាកត្តារាំងស្ទះក្នុងការដំឡើងប្រាក់ឈ្នួលអប្បរមាដល់កម្មករនៅឆ្នាំក្រោយឬយ៉ាងណា?


ការចរចាកំណត់ប្រាក់ឈ្នួលអប្បរមារបស់កម្មករនិយោជិតក្នុងវិស័យឧស្សាហកម្ម វាយនភណ្ឌកាត់ដេរសម្រាប់ឆ្នាំ២០២៦ បានដំណើរការ បើទោះបីបច្ចុប្បន្នស្ថានភាពសេដ្ឋកិច្ចកម្ពុជា កំពុងស្ថិតក្នុងភាពមិនប្រាកដប្រជា ដោយសារឥទ្ធិពលនៃអត្រាពន្ធគយបដិការរបស់សហរដ្ឋអាម៉េរិក និងបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ យ៉ាងណាក្តី។ តែយ៉ាងណាអ្នកជំនាញយល់ថា បញ្ហាទាំងនេះទំនងជាមិនអាចរាំងស្ទះដល់ការដំឡើងប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតសម្រាប់ឆ្នាំក្រោយនោះទេ ពោលគឺយ៉ាងហោចណាស់ ក៏អាចដំឡើងបានដល់ប្រមាណ២១០ដុល្លារក្នុង១ខែដែរ។
ប្រាក់ឈ្នួលកម្មករ
ដោយ

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា ជឿជាក់ថា ការកំណត់ប្រាក់ឈ្នួលអប្បរមាដល់កម្មករនិយោជិតនៅក្នុងវិស័យឧស្សាហកម្មវាយនភណ្ឌកាត់ដេរកម្ពុជា សម្រាប់ឆ្នាំ២០២៦ នឹងនៅតែអាចរក្សាបាននូវកំណើន ពោលគឺអាចឡើងយ៉ាងហោចណាស់ក៏២១០ដុល្លារដែរ បើទោះបីបច្ចុប្បន្នកម្ពុជាទទួលរងនូវអត្រាពន្ធគយបដិការ១៩% ពីអាម៉េរិក ឥទ្ធិពលភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល និងបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ក៏ដោយ។ ទន្ទឹមនឹងការរំពឹងមានការដំឡើងប្រាក់ឈ្នួលបន្ថែមពីម្ចាស់រោងចក្រ អ្នកជំនាញរូបនេះយល់ថា រាជរដ្ឋាភិបាល ក៏ត្រូវធ្វើយ៉ាងណាជួយកាត់បន្ថយថ្លៃដើមរបស់ក្រុមហ៊ុននិយោជក ដូចជាថ្លៃដឹកជញ្ជូន អគ្គិសនី និងការចំណាយផ្សេងៗមួយចំនួនបន្ថែមទៀត សំដៅជួយលើកកម្ពស់ការនាំចេញរបស់ឧស្សាហកម្មវាយនភណ្ឌកាត់ដេរកម្ពុជា។

​ជាមួយគ្នានេះ លោកបណ្ឌិត ឌុច ដារិន្ទ សាស្រ្តាចារ្យសេដ្ឋកិច្ចយល់ឃើញថា ការកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិកសម្រាប់ឆ្នាំ២០២៦ ត្រូវថ្លឹងថ្លែងយ៉ាងណាឱ្យឆ្លើយតបនឹងអត្រាអតិផរណា និងកំណើនសេដ្ឋកិច្ច ដើម្បីការពារសិទ្ធិ និងលើកកម្ពស់ជីវភាពរស់នៅរបស់កម្មករនិយោជិក ក៏ដូចជារក្សាការប្រកួតប្រជែងក្នុងវិស័យកាត់ដេរ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។ អ្នកជំនាញរូបនេះបានបន្ថែមថា ទោះបីបច្ចុប្បន្នមានបញ្ហាប្រឈមខាងក្រៅមួយចំនួន ដូចជាបញ្ហាភូមិសាស្រ្តនយោបាយក្នុងតំបន់ និងកំណើនយឺត នៃសេដ្ឋកិច្ចសកលក្តី តែកម្ពុជា មានយុទ្ធសាស្ត្រធ្វើពិពិធកម្មសេដ្ឋកិច្ចពាណិជ្ជកម្មរបស់ខ្លួន ព្រមទាំងបន្តស្វែងរកទីផ្សារនាំចេញ បន្តពង្រឹងសហប្រតិបត្តិការជាមួយប្រទេសដៃគូ និងជំរុញការលើកកម្ពស់ផលិតភាពក្នុងស្រុក ដូច្នេះហើយតាមរយៈការអនុវត្តវិធានការទាំងនេះ លោកបណ្ឌិត ឌុច ដារិន្ទ មានគំនិតសុទិដ្ឋិនិយមខ្ពស់ និងជឿជាក់ថា អត្រាប្រាក់ឈ្នួលអប្បបរមានៅឆ្នាំក្រោយ នឹងអាចកំណត់បានក្នុងកម្រិតមួយ ដែលអាចឆ្លើយតបនឹងអត្រាអតិផរណា និងស្ថានភាពសេដ្ឋកិច្ចជាក់ស្តែងនៅកម្ពុជា។

ពាក់ព័ន្ធបញ្ហាប្រាក់ឈ្នួលរបស់កម្មករ និយោជិតនេះដែរ ក្រុមសម្ព័ន្ធសហជីព សហព័ន្ធសហជីព និងអង្គការសង្គមស៊ីវិល បានបង្ហាញគោលជំហររួមគ្នាដោយស្នើឱ្យដំឡើងប្រាក់ឈ្នួលអប្បបរមាយ៉ាងតិចចំនួន ២៣២ដុល្លារ​ សម្រាប់ឆ្នាំ២០២៦ ដោយសារផ្អែកលើស្ថានភាពចាំបាច់ទាក់ទងនឹងការចំណាយជាក់ស្តែងរបស់កម្មករនិយោជិត និងសមត្ថភាពសេដ្ឋកិច្ចរបស់កម្ពុជា ដ្បិតថា គម្លាតរវាងប្រាក់ឈ្នួល និងការចំណាយបានបន្តរុញច្រានកម្មករនិយោជិតឱ្យកាន់តែធ្លាក់ក្នុងបំណុល និងបង្ខំឱ្យពួកគេកាត់បន្ថយការចំណាយលើថ្លៃអាហារ ការថែទាំសុខភាព និងការអប់រំ។

គួរជម្រាបថា នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិ ប្រាក់ឈ្នួលអប្បបរមា ផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៦ របស់ក្រុមប្រឹក្សាជាតិ ប្រាក់ឈ្នួលអប្បបរមា នៅថ្ងៃទី៣ ខែកញ្ញា ភាគីកម្មករនិយោជិតបានស្នើនូវតួលេខកំណើនចំនួន១០ដុល្លារអាម៉េរិក លើតួលេខបច្ចុប្បន្ន២០៨ដុល្លារ ខណៈតំណាងភាគីនិយោជកស្នើរក្សាតួលេខបច្ចុប្បន្ន២០៨ដុល្លារ​៕




អត្ថបទបន្ទាប់


តើលោក ត្រាំ មានការប្រតិកម្មយ៉ាងណាក្រោយមេដឹកនាំមហាអំណាចនុយក្លេអ៊ែ ចិន រុស្ស៊ី និងកូរ៉េខាងជើង បានជួបទល់មុខជាប្រវត្តិសាស្ត្រ?

វាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលមេដឹកនាំនៃប្រទេសមហាអំណាចនុយក្លេអ៊ែ ចំនួន៣ គឺមហាយក្សចិន រុស្ស៊ី និងកូរ៉េខាងជើង មានឱកាសជួបជុំគ្នាក្នុងព…

តើមានកត្តាអ្វីខ្លះជំរុញឱ្យតម្លៃមាសហក់ឡើងជាង១០០ដុល្លារក្នុង១តម្លឹងនៅ១សប្ដាហ៍ចុងក្រោយនេះ?

តម្លៃហាងឆេងមាសនៅលើទីផ្សារអន្តរជាតិ ក៏ដូចជានៅកម្ពុជា បានហក់ឡើងថ្លៃគួរឱ្យកត់សម្គាល់នៅមួយសប្ដាហ៍ចុងក្រោយនេះ ដោយបានបំបែកកំណត់ត្រាជាថ្មីដល់៣…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ