
ការលក់តាមប្រព័ន្ធអនឡាញសរុបក្នុងតំបន់អាស៊ានក្នុងឆ្នាំ២០២៤ បានកើនឡើងដល់ជាង១២៨ពាន់លានដុល្លារអាម៉េរិក ដោយកើនឡើង១២% ដោយការទិញតាម Platform អនឡាញសំខាន់ៗរួមមាន Shopee, Lazada និង TikTok Shop មានចំណែកគ្របដណ្ដប់រហូតដល់ទៅជាង៩០%នៃការបញ្ជាទិញសរុប។
នៅវៀតណាម ការទិញតាម Platform Shopee បាននាំមុខគេជាមួយនឹងចំណែកទីផ្សារ៦៥%ដែលស្មើនឹងជាង១០ពាន់លានដុល្លារ តាម TikTok Shop មាន២៨% ដែលស្មើនឹង៤,៥ពាន់លានដុល្លារ តាមពីក្រោយដោយ Lazada មាន៦% និង Tiki មាន១%។ ទីផ្សារអនឡាញកំពូលៗផ្សេងទៀតរួមមាន ឥណ្ឌូនេស៊ី មានទំហំជាង៥៦ពាន់លានដុល្លារ ប្រទេសថៃ មានទំហំជាង២៣ពាន់លានដុល្លារ ហ្វីលីពីន មានទំហំ១៦ពាន់លានដុល្លារ និងម៉ាឡេស៊ី មានទំហំជាង១១ពាន់លានដុល្លារ។
របាយការណ៍នេះ បង្ហាញពីសក្ដានុពលដ៏ធំធេង នៃវិស័យអនឡាញដែលត្រូវបានព្យាករថានឹងកើនឡើងដល់១៣១ពាន់លានដុល្លារនៅត្រឹមឆ្នាំ២០៣០ ប្រសិនបើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ៕
ដោយ: តែម សុខុម