ទោះបីជាស្ថានភាពសេដ្ឋកិច្ចពិភពលោកនៅមិនទាន់មានភាពប្រាកដប្រជាយ៉ាងណាក្តី ប៉ុន្តែការនាំចេញផលិតផលឧស្សាហកម្មកាត់ដេររបស់កម្ពុជា បានបង្ហាញសញ្ញាវិជ្ជមានគួរឱ្យកត់សម្គាល់នៅឆ្នាំ២០២៤នេះ។ ជាក់ស្តែងយោងតាមស្ថិតិពាណិជ្ជកម្ម ដែលក្រសួងពាណិជ្ជកម្មផ្តល់ឱ្យខេមបូណូមីស បានឱ្យដឹងថា នៅក្នុងរយៈពេល៨ខែ ឆ្នាំ២០២៤នេះ ការនាំចេញសម្លៀកបំពាក់សម្រេចបានជាង៦ពាន់៤រយលានដុល្លារ កើនឡើងជាង២៣% រីឯផលិតផលវាយនភណ្ឌសម្រេចបានជាង៣រយលានដុល្លារ កើនឡើងជាង១៧% ខណៈស្បែកជើងសម្រេចបានជាង១ពាន់លានដុល្លារកើនឡើងជាង២២% និងការនាំចេញផលិតផលធ្វើដំណើរសម្រេចបានជាង១ពាន់៣រយលានដុល្លារកើនឡើងជាង២០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា បានគូសបញ្ជាក់ថា ស្ថានភាពនៃការបញ្ជាទិញ និងការនាំចេញផលិតផលក្នុងវិស័យឧស្សាហកម្មកាត់ដេររបស់កម្ពុជា នៅឆ្នាំ២០២៤នេះ មានសម្ទុះកំណើនខ្ពស់បើធៀបទៅនឹងឆ្នាំ២០២៣កន្លងទៅ។ កត្តាដែលជំរុញឱ្យបណ្តារោងចក្រ សហគ្រាសក្នុងវិស័យឧស្សាហកម្មកាត់ដេរ ទទួលបានកំណើនបញ្ជាទិញច្រើនជាងមុននៅឆ្នាំនេះ អ្នកជំនាញរូបនេះ អះអាងថា ដោយសារមានតម្រូវការខ្ពស់ពីទីផ្សារអន្តរជាតិ ពិសេសខាងសហគមន៍អឺរ៉ុប និងសហរដ្ឋអាម៉េរិកតែម្តង។
ម្យ៉ាងទៀត ស្របពេលដែលប្រទេសមួយចំនួនកំពុងជួបបញ្ហាចលាចលក្នុងប្រទេសរបស់ខ្លួន ប៉ុន្តែនៅកម្ពុជា មានសុខសន្តិភាពពេញលេញនោះ ក៏បានផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគក្នុងការដាក់ការបញ្ជាទិញបន្ថែមពីកម្ពុជា ផងដែរ។
តាមរយៈកត្តាទាំងនេះ អ្នកឧកញ៉ា លី ឃុនថៃ រំពឹងជឿជាក់ថា ការវិនិយោគ និងការបញ្ជាទិញក្នុងវិស័យឧស្សាហកម្មកាត់ដេរនៅកម្ពុជា នឹងកាន់តែមានការកើនឡើងបន្ថែមទៀតនៅឆ្នាំ២០២៥ ខាងមុខ។
ជុំវិញការកើនឡើងការបញ្ជា និងនាំចេញផលិតផលកាត់ដេររបស់កម្ពុជា នៅឆ្នាំ២០២៤នេះ ត្រូវបានតំណាងសហជីពកម្មករវាយតម្លៃថា គឺដោយសារប្រទេស ដែលជាគូប្រជែងរបស់កម្ពុជា ដូចជាមីយ៉ាន់ម៉ា និងស្រីលង្កា ជួបបញ្ហាអសន្តិសុខ ដែលធ្វើឱ្យរំខានដល់ខ្សែច្រវាក់ផលិតកម្ម គួបផ្សំខ្សែច្រវាក់ផលិតកម្មក្នុងវិស័យនេះនៅកម្ពុជា បន្តដំណើរការជាធម្មតា ទោះបីមានការគំរាមកំហែងពីវិបត្តិមួយចំនួនក៏ដោយ។
គួរជម្រាបថា នៅក្នុងរយៈពេល៨ ឆ្នាំ២០២៤នេះ ការដោះដូរពាណិជ្ជកម្មរបស់កម្ពុជា បានឈានដល់ជាង៣៦ពាន់លានដុល្លារ មានការកើនឡើងជាង១៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះកម្ពុជា នាំចេញទៅកាន់ទីផ្សារអន្តរជាតិ សម្រេចបានទំហំទឹកប្រាក់ជាង១៧ពាន់លានដុល្លារ កើនឡើងជាង១៦% ខណៈការនាំចូលមានទំហំជិត១៩ពាន់លានដុល្លារកើនឡើងជាង១៦%។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕