ដំណាំម្រេច

តើមានកត្តាអ្វីខ្លះជំរុញឱ្យការនាំចេញម្រេចរបស់កម្ពុជា កើនឡើងជិត១៥០% នៅ១១ខែឆ្នាំនេះ?


ទីផ្សារនាំចេញ និងតម្លៃម្រេចរបស់កម្ពុជា នៅឆ្នាំ២០២៤ នេះ មានការកើនឡើងគួរឱ្យកត់សម្គាល់ ពោលគឺកម្ពុជា រកចំណូលបានជាង៣៤លានដុល្លារពីការនាំចេញម្រេចទៅកាន់ទីផ្សារអន្តរជាតិ នៅ១១ខែកន្លងមកនេះ មានការកើនឡើងជិត១៥០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ជាមួយគ្នានេះក្រុមហ៊ុននាំចេញរបស់កម្ពុជា និងក្រុមហ៊ុនចិន កំពុងធ្វើការរួមគ្នា ដើម្បីជំរុញការនាំចេញម្រេចកម្ពុជាទៅទីផ្សារចិន បន្ថែមទៀត។ តើមានកត្តាអ្វីខ្លះជំរុញឱ្យនាំចេញម្រេចរបស់កម្ពុជា មានការកើនឡើងយ៉ាងគំហុកបែបនេះ?
ដំណាំម្រេច
ដោយ

ស្ថិតិពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្ម បានបង្ហាញថា នៅក្នុងរយៈពេល១១ខែ ឆ្នាំ២០២៤នេះ ការនាំចេញម្រេចរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ សម្រេចបានទឹកប្រាក់ជាង៣៤លានដុល្លារ មានការកើនឡើងជិត១៥០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានទំហំទឹកប្រាក់ត្រឹមតែជាង១៣លានដុល្លារប៉ុណ្ណោះ។

បើតាមការគូសបញ្ជាក់របស់លោក ម៉ាក់ នី ប្រធានសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា កត្តាដែលធ្វើឱ្យការនាំចេញម្រេចរបស់កម្ពុជា មានកំណើនខ្ពស់បែបនេះ គឺដោយសារតម្រូវការប្រើប្រាស់ម្រេចនៅប្រទេសនាំចូលមានការកើនឡើង ស្របពេលដែលទិន្នផលម្រេចនៅតាមបណ្តាប្រទេសនាំចេញធំៗមានការធ្លាក់ចុះ ដែលធ្វើឱ្យស្តុកម្រេចនៅលើពិភពលោកមានការធ្លាក់ចុះ។ ការធ្លាក់ចុះការផ្គត់ផ្គង់ម្រេចរបស់នៅលើទីផ្សារអន្តរជាតិនេះ បានជំរុញឱ្យតម្លៃម្រេចរបស់កម្ពុជា នៅឆ្នាំនេះ បានហក់ឡើងខ្ពស់រហូតដល់ជាង២ម៉ឺន៥ពាន់រយរៀលក្នុង១គីឡូក្រាម មានការកើនឡើងទ្វេដង បើធៀបនឹងតម្លៃកាលពីឆ្នាំមុន។

ប្រធានសមាគមរូបនេះ ហាក់មានក្តីរំពឹងខ្ពស់ និងជឿជាក់ថា ទីផ្សារម្រេចរបស់កម្ពុជា ចាប់ពីឆ្នាំ២០២៤នេះ រហូតដល់ឆ្នាំ២០៣០ខាងមុខនឹងបន្តមានភាពល្អប្រសើរបន្ថែមទៀត ពោលគឺតម្លៃម្រេចនឹងអាចរក្សាក្នុងរង្វង់ជាង២ម៉ឺន៤ពាន់រៀល ក្នុង១គីឡូក្រាម ដោយសារតែការផ្គត់ផ្គង់ម្រេចមិនមានការកើនឡើងខ្លាំង ខណៈតម្រូវការមានការកើនឡើងជារៀងរាល់ឆ្នាំ។

បើទោះបីម្រេចកម្ពុជា មានតម្លៃ និងទីផ្សារខ្ពស់តែលោក ម៉ាក់ នី អះអាងថា ការដាំដុះដំណាំម្រេចរបស់កសិករបច្ចុប្បន្ននៅតែជួបបញ្ហាប្រឈមមួយចំនួនដូចជា ជី ថ្នាំ អគ្គិសនី និងប្រេងមានតម្លៃថ្លៃ ចំណេះដឹងក្នុងការដាំដុះ និងថែទាំម្រេចនៅមានកម្រិត ហើយក្រុមហ៊ុននាំចេញម្រេចមានចំនួនតិចតួចជាដើម។

បើតាមការអះអាងរបស់ប្រធានសហព័ន្ធម្រេចរូបនេះ បន្ទាប់ពីកម្ពុជា បាននាំចេញម្រេចមួយចំនួនទៅកាន់ទីផ្សារចិន ជាលើកដំបូង កាលពីដើមឆ្នាំ២០២៤ កន្លងទៅ មកទល់ពេលនេះនៅមិនទាន់មានការនាំចេញបន្ថែមទៀតនោះទេ។ យ៉ាងណាមិញលោករំពឹងថា ការនាំចេញម្រេចរបស់កម្ពុជានឹងមានការកើនឡើងបន្ថែមទៀតនៅឆ្នាំ២០២៥ ខាងមុខនេះ ដោយសារបច្ចុប្បន្នក្រុមហ៊ុនរបស់ចិន និងក្រុមហ៊ុននាំចេញរបស់កម្ពុជា កំពុងធ្វើការជាមួយគ្នា ដើម្បីជំរុញការនាំចេញម្រេចទៅកាន់ទីផ្សារប្រទេសចិន៕




អត្ថបទបន្ទាប់


តើមានបញ្ហាអ្វីទើបជំរុញឱ្យលោក ត្រាំ គំរាមដកហូតព្រែកជីកប៉ាណាម៉ា យកមកគ្រប់គ្រងវិញ?

ប្រធានាធិបតីជាប់ឆ្នោតរបស់អាម៉េរិក លោក ដូណាល់ ត្រាំ កាលពីចុងសប្តាហ៍មុនបានគំរាមដកហូតព្រែកជីកប៉ាណាម៉ា ពីប្រទេសប៉ាណាម៉ា យកមកគ្រប់គ្រងវិញ…

ក្រុមហ៊ុនជិត១ម៉ឺន បានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម មានការធ្លាក់ចុះជាង១៧% នៅឆ្នាំនេះ តើអ្នកជំនាញមានការយល់ឃើញបែបណាចំពោះការធ្លាក់ចុះនេះ?

របាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បានបង្ហាញថា មានក្រុមហ៊ុន សហគ្រាសជាង៩៥០០បានចុះបញ្ជីពាណិជ្ជកម្មនៅឆ្នាំនេះ មានការថយចុះជាង១៧% បើធៀបនឹងឆ្នាំម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ