
ដោយសារកត្តាអវិជ្ជមានជាច្រើន រួមទាំងភាពមិនប្រាកដប្រជា ដែលកើតចេញពីការចរចាលើបញ្ហាការដំឡើងពន្ធជាមួយអាម៉េរិក មិនទាន់មានដំណោះស្រាយ និងការព្យាករជាច្រើនថា សេដ្ឋកិច្ចថៃ ទំនងជាមិនអាចសម្រេចបានតាមការព្យាកររបស់រដ្ឋាភិបាលក្នុងអត្រាកំណើន៣% នៅឆ្នាំនេះ អ្នកជំនាញសេដ្ឋកិច្ចមួយចំនួនស្នើឲ្យមានការរុះរើគណៈរដ្ឋមន្រ្តី តែអ្នកខ្លះគាំទ្រឲ្យលោកស្រី ផែថងថង បន្តកិច្ចការបន្តទៀត។
លោក គ្រៀនក្រៃ ធៀនុគល់ ( Kriengkrai Thiennukul) ប្រធានសហព័ន្ធឧស្សាហកម្មថៃ បាននិយាយថា វាមិនមែនជាពេលវេលាត្រឹមត្រូវសម្រាប់នាយករដ្ឋមន្ត្រីក្នុងការរុះរើគណៈរដ្ឋមន្ត្រីក្រោមការដឹកនាំរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា នោះទេ ពោលគឺឱ្យគណៈរដ្ឋមន្ត្រីបន្តធ្វើកិច្ចការរបស់ខ្លួន ដើម្បីអភិវឌ្ឍប្រទេស និងសេដ្ឋកិច្ច ដែលកំពុងប្រឈមមុខនឹងបញ្ហាទាំងខាងក្នុង និងខាងក្រៅ។
លោកយល់ថា កិច្ចការសំខាន់មួយរដ្ឋាភិបាលថៃ ត្រូវធ្វើជាចាំបាច់នាពេលនេះ គឺការចរចាពន្ធគយជាមួយរដ្ឋបាលលោក ដូណាល់ ត្រាំ ដែលបានដំឡើងពន្ធលើទំនិញរបស់ថៃ រហូតដល់ទៅ៣៦ % ដើម្បីឆ្លើយតបនឹងអតុល្យភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ សម្រាប់អ្នកជំនាញរូបនេះ រដ្ឋាភិបាលថៃ អាចផ្លាស់ប្តូរសមាជិកគណៈរដ្ឋមន្ត្រីរបស់ខ្លួនបាន បន្ទាប់ពីការចរចាលើបញ្ហាពន្ធជាមួយអាម៉េរិក បានបញ្ចប់ ពោលគឺលោកមិនចង់ឱ្យរដ្ឋាភិបាលរុះរើគណៈរដ្ឋមន្ត្រី និងចាប់ផ្តើមធ្វើអ្វីៗឡើងវិញនោះទេ ព្រោះវាខ្ជះខ្ជាយពេលវេលា។
ជាមួយគ្នានេះ លោក សាន់ហ្គា រួងវាតាណាគល់ (Sanga Ruangwattanakul) ប្រធានសមាគមធុរកិច្ចមួយនៅប្រទេសថៃយល់ឃើញថា មិនថាគណៈរដ្ឋមន្ត្រីថៃ ត្រូវបានរុះរើ ឬមិនរុះរើនោះទេ ការស្ដារឡើងវិញនូវភាពជាអ្នកដឹកនាំរបស់រដ្ឋមន្ត្រីមួយចំនួននរួមទាំងរដ្ឋមន្ត្រីទេសចរណ៍ និងកីឡា វារឿងដែលត្រូវធ្វើជាចាំបាច់។ សម្រាប់អ្នកជំនាញរូបនេះ រដ្ឋាភិបាល និងគណៈរដ្ឋមន្ត្រីថៃ គួរតែបំពេញមុខងារជានាយកប្រតិបត្តិរបស់ប្រទេស ប៉ុន្តែជារួមពួកគេមិនទាន់បង្ហាញពីភាពជាអ្នកដឹកនាំគ្រប់គ្រាន់ ដើម្បីជំរុញសេដ្ឋកិច្ចនៅឡើយទេ។
ប្រធានសមាគមធុរកិច្ចរូបនេះ កត់សម្គាល់ឃើញថា ក្រៅពីកិច្ចការងារប្រចាំ រដ្ឋាភិបាលថៃ ហាក់ដូចជាគ្មានវិធានការជំរុញត្រូវបានស្នើឡើង ដើម្បីឆ្លើយតបនឹងការអភិវឌ្ឍ និងលើកស្ទួយវិស័យទេសចរណ៍នៅឡើយទេ។ ជាក់ស្តែងភ្ញៀវទេសចរបរទេស ជាពិសេសមកពីប្រទេសចិន កំពុងផ្លាស់ប្តូរគោលដៅពីប្រទេសថៃ ទៅកាន់គោលដៅផ្សេងទៀតដូចជាវៀតណាម និងជប៉ុន ។
លោក ផូស អារ៉ាមវាតាណានុន (Poj Aramwattananont ) ប្រធានសភាពាណិជ្ជកម្មថៃ បាននិយាយថា ប្រទេសថៃ កំពុងប្រឈមមុខនឹងភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចពិភពលោក រួមទាំងការប្រែប្រួលនៃទីផ្សារហិរញ្ញវត្ថុ និងទីផ្សារមូលធន។ លោកបានសង្កត់ធ្ងន់ថា ប្រសិនបើរដ្ឋាភិបាលថៃ រុះរើគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីថ្មីគួរតែជារដ្ឋមន្រ្តីដែលមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការដោះស្រាយបញ្ហាខាងលើ។ សម្រាប់អ្នកជំនាញរូបនេះវាពិតជា សំខាន់ខ្លាំងណាស់សម្រាប់រដ្ឋាភិបាលថៃ ក្នុងការមានបុគ្គលដែលមានចំណេះដឹង មានសមត្ថភាព ដើម្បីដឹកនាំថៃ ឆ្លងកាត់ការលំបាក ដែលកំពុងជួបការលំបាក៕
ដោយៈ សរ សុជាតិ