លោក មូរាដ អ៊ីប្រាហ៊ីម ( Murad Ebrahim ) មន្រ្តីកំពូលនៃតំបន់ស្វយ័ត បាងសាមូរូ ( Bangsamoro) បានប្រាប់សារព័ត៌មាន Nikkei Asia ថា កោះមីនដាណាវ នៅឆ្នាំក្រោយនឹងអាចក្លាយជាមជ្ឈមណ្ឌលសម្រាប់ឧស្សាហកម្មហាឡាល នៅអាស៊ីអាគ្នេយ៍ ដែលមួយផ្នែកជាការវិនិយោគបរទេសពីបណ្តាប្រទេសមូស្លីមដូចជាម៉ាឡេស៊ី និងមកពីមជ្ឈិមបូព៌ា។ ក្រៅពីកិច្ចខិតខំប្រឹងប្រែងដើម្បីអភិវឌ្ឍកសិកម្ម នេសាទ និងការទាញយកឧស្ម័នធម្មជាតិ ព្រមទាំងទង់ដែង អាជ្ញាធរអន្តរកាលកំពុងលើកកម្ពស់ឧស្សាហកម្មកែច្នៃបសុបក្សី ហាឡាល ដោយរំពឹងថា នឹងជំរុញការងារនិងការនាំចេញទៅកាន់មជ្ឈិមបូព៌ា។
លោកបានបញ្ជាក់ថា នៅពេលនេះរោងចក្រមួយចំនួននៅតែស្ថិតក្នុងដំណើរការសាងសង់ ស្របពេលមានក្រុមហ៊ុនជាង៥០ បានបណ្តាក់ទុននៅក្នុងតំបន់ ឬបង្ហាញចំណាប់អារម្មណ៍ក្នុងការវិនិយោគនៅលើវិស័យឧស្សាហកម្មហាឡាលនេះ។
ដោយឡែកនៅក្នុងប្រទេសថៃ ដែលជាប្រទេសភូមិផងរបងជាមួយកម្ពុជា ឯណោះវិញ ក្រោមការគាំទ្ររបស់រដ្ឋាភិបាលថៃ ធនាគារនាំចេញនាំចូលថៃ កំពុងសហការជាមួយនឹងធនាគារអ៊ីស្លាមថៃ ដើម្បីផ្តល់ប្រាក់កម្ចីជាមួយនឹងអត្រាការប្រាក់ទាប ដើម្បីគាំទ្រដល់គោលដៅក្លាយជាមជ្ឈមណ្ឌលផលិតផលិតផល ហាឡាល ប្រចាំតំបន់អាស៊ាននៅឆ្នាំ២០២៨ ខាងមុខ។
សារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា គម្រោងនេះមានគោលបំណងជំរុញកំណើននៃវិស័យនាំចេញផលិតផលហាឡាលរបស់ថៃ ក៏ដូចជាជួយពង្រឹងសក្តានុពល និងជួយសហគ្រាសធុនតូច និងមធ្យមរបស់ថៃក្នុងការនាំចេញផលិតផល ហាឡាល ទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈកិច្ចសហប្រតិបត្តិការរួមបញ្ចូលគ្នាក្នុងការលើកកម្ពស់ និងអភិវឌ្ឍន៍ចំណេះដឹងសិក្សាលើប្រធានបទហាឡាល៕
ដោយៈ សរ សុជាតិ