
សារព័ត៌មាន អេភី បានរាយការណ៍ថា ផែនការទាក់ទាញក្រុមហ៊ុនអាម៉េរិក ដែលបានបោះទុនវិនិយោគនៅក្រៅប្រទេសឱ្យចូលមកបោះមូលដ្ឋានផលិតកម្មនៅអាម៉េរិកវិញរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក ហាក់កំពុងជាប់គាំង បើទោះបីជាមានការឧបត្ថម្ភធនក៏ដោយ។ អ្នកវិភាគបានលើកឡើងថា លោក ត្រាំ បានផ្តួចផ្តើមផែនការនេះតាំងពីអាណត្តិទី១ រហូតដល់រដ្ឋបាល លោក ចូ បៃដិន ហើយបានបន្តអនុវត្តដល់អាណត្តិបច្ចុប្បន្ន ដោយនៅក្នុងអាណត្តិនេះ លោក ត្រាំ ថែមទាំងបានប្រើវិធានពន្ធបដិការសង្កត់លើប្រទេសដៃគូពាណិជ្ជកម្ម តែផែនការនេះនៅតែមិនទទួលបានជោគជ័យ។ បើតាមការអះអាងរបស់អ្នកវិភាគ ផែនការនេះបានជាប់គាំងពាក់កណ្តាលផ្លូវអស់រយៈពេលជិត៣ឆ្នាំមកហើយ។
វិទ្យាស្ថានសម្រាប់ការគ្រប់គ្រងការផ្គត់ផ្គង់បានគូសបញ្ជាក់ថា គិតត្រឹមខែមិថុនា សកម្មភាពផលិតកម្មនៅសហរដ្ឋអាម៉េរិក នៅតែបន្តធ្លាក់ចុះ។ វិទ្យាស្ថាននេះ បានអះអាងថា រោងចក្រផលិតកម្មនៅសហរដ្ឋអាម៉េរិក បានធ្លាក់ចុះជាបន្តបន្ទាប់តាំងពីឆ្នាំ២០២២ មកម្ល៉េះ។
លោក អេរិច ហាហ្គូភៀន (Eric Hagopian) នាយកប្រតិបត្តិនៃក្រុមហ៊ុន Pilot Precision Products ដែលមានមូលដ្ឋាននៅរដ្ឋម៉ាសាឈូសេត បាននិយាយថា តាំងពីវិបត្តិសេដ្ឋកិច្ចនៅក្នុងឆ្នាំ២០០៨ មក ផលិតកម្មនៅសហរដ្ឋអាម៉េរិកហាក់ស្ថិតក្នុងសភាពទ្រុឌទ្រោមនៅឡើយ៕
ដោយៈ សរ សុជាតិ