រដ្ឋាភិបាលថៃ គ្រោងធ្វើអន្តរាគមន៍ជួយប្រមូលទិញស្រូវរហូតដល់ទៅ៣លានតោនដើម្បីរក្សាស្ថិរភាពតម្លៃ ហើយក៏នឹងជួយលើកទឹកចិត្តឱ្យកសិករពន្យារពេលលក់ស្រូវរបស់ពួកគេរយៈពេលចន្លោះពី១-៥ខែ ផងដែរ តាមរយៈផ្តល់ប្រាក់កម្ចីដល់កសិករ ដើម្បីជួយកាត់បន្ថយការផ្គត់ផ្គង់លើសតម្រូវការ និងដើម្បីជួយរក្សាស្ថិរភាពតម្លៃ។
នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល បាននិយាយថា ទីផ្សារស្រូវអង្ករនានា នៅទូទាំងពិភពលោកគ្មានស្ថិរភាពនោះទេ សម្រាប់ឆ្នាំ២០២៥ នេះ ប៉ុន្តែអួតថា ប្រទេសថៃ នៅតែមានឱកាសល្អដ៏រឹងមាំ។ អំឡុងដំណើរទស្សនកិច្ចថ្មីៗនេះរបស់ស្ដេចថៃទៅកាន់ប្រទេសចិន ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានប្រកាសថា ប្រទេសចិននឹងជួយទិញអង្ករថៃ ចំនួន ៥០ម៉ឺនតោន ដែលនាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល បានហៅថា ជាការបញ្ជាទិញជាប្រវត្តិសាស្ត្រ។
ទន្ទឹមនេះ ប្រទេសថៃ ក៏នឹងលក់អង្ករ និងស្បៀងចំនួន១០ម៉ឺនតោន ទៅឱ្យប្រទេសសិង្ហបុរី ផងដែរ។ យុទ្ធសាស្ត្រស្រូវអង្កររបស់រដ្ឋាភិបាលថៃ ផ្តោតសំខាន់លើ៣ចំណុច រួមមាន រក្សាតម្លៃស្រូវឱ្យនៅកម្រិតស្ថិរភាព, កែលម្អការប្រកួតប្រជែងស្រូវអង្ករថៃ និងធានាស្ថិរភាពទីផ្សារទាំងក្នុងស្រុក និងទូទាំងពិភពលោក។
សម្រាប់វិធានការរយៈពេលខ្លី ថៃនឹងបន្តគម្រោងជួយអន្តរាគមន៍ជួយទិញស្រូវចំនួន៣លានតោន ដោយប្រើប្រាស់ថវិកាប្រមាណ៥២លានដុល្លារអាម៉េរិក, ពិនិត្យឡើងវិញនូវអត្រាការប្រាក់នៃប្រាក់កម្ចីសម្រាប់កសិករដើម្បីឱ្យសមស្របនឹងតម្លៃស្រូវអង្ករនៅលើទីផ្សារ ដើម្បីកុំឱ្យកសិករខាត។ លើសពីនេះ លើកទឹកចិត្តឱ្យកសិករដែលមានជង្រុកស្តុកទុកស្រូវនឹងទទួលបានលុយ១.៥០០បាត ឬប្រមាណ៤៦ដុល្លារអាម៉េរិកក្នុងមួយតោន ហើយស្រូវដែលរដ្ឋាភិបាលថៃ អន្តរាគមន៍ជួយប្រមូលទិញនឹងត្រូវកិនលក់ទៅឱ្យបណ្ដាទីភ្នាក់ងាររដ្ឋ ដែលមានតម្រូវការពិតប្រាកដ។
ចំណែកវិធានការរយៈពេលវែង រដ្ឋាភិបាលថៃនឹងកែសម្រួលតំបន់ដាំដុះស្រូវខុសរដូវមួយចំនួន ដើម្បីឱ្យសមស្របនឹងតម្រូវការទីផ្សារ ក៏ដូចជាលើកទឹកចិត្តកសិករឱ្យប្តូរពីការផលិតស្រូវគុណភាពទាបទៅផលិតស្រូវដែលមានគុណភាពខ្ពស់រួមមានស្រូវផ្កាម្លិះ និងស្រូវសម្គាល់ភូមិសាស្ត្រ GI ជាដើម។
លើសពីនេះរដ្ឋាភិបាលថៃនឹងជួយគាំទ្រក្រុមកសិករចំនួន២០០ក្រុមជាមួយថវិកាចំនួន១២០ លានបាត ឬ៣,៧លានដុល្លារអាម៉េរិក, អភិវឌ្ឍពូជស្រូវថ្មីៗដែលសមស្របសម្រាប់តំបន់ភាគកណ្តាល និងពង្រីកពិព័រណ៍ទីផ្សារស្រូវនៅក្នុងខេត្តជាង ៤០ ដើម្បីឱ្យរោងម៉ាស៊ីនកិនស្រូវអាចទិញដោយផ្ទាល់ពីកសិករក្នុងតម្លៃកាន់តែល្អប្រសើរ។
សូមបញ្ជាក់ថា សមាគមអ្នកនាំចេញអង្ករថៃ ពេលនេះរំពឹងថា ការនាំចេញអង្កររបស់ថៃនឹងឈានដល់៨ទៅ៩លានតោន ដែលកើនឡើងពីគោលដៅមុននេះដែលមាន៧,៥លានតោន៕
ដោយ: តែម សុខុម