
មន្ត្រីសហព័ន្ធបានចោទប្រកាន់អ្នកនយោបាយដ៏ល្បីល្បាញមួយរូបរបស់គណបក្សសាធារណរដ្ឋថា កំពុងដំណើរការគម្រោងវិនិយោគបោកប្រាស់ Ponzi ដែលបានបោកប្រាស់អ្នកវិនិយោគប្រមាណ៣០០នាក់ ឱ្យចាញ់បោកប្រាក់យ៉ាងហោចណាស់១៤០លានដុល្លារ។ ពាក់ព័ន្ធបញ្ហានេះ គណៈកម្មការមូលបត្រអាម៉េរិក បានអះអាងថា ខ្លួនបានដាក់បណ្តឹងរដ្ឋប្បវេណីមួយរួចហើយ លើគម្រោងអភិវឌ្ឈន៍មួយដែលមានឈ្មោះថា First Liberty Building and Loan ដែលគ្រប់គ្រងដោយលោក ប្រេន ហ្វ្រូស ( Brant Frost) ដែលគេសង្ស័យថា បានប្រើប្រាស់គម្រោងនេះបោកប្រាស់អ្នកវិនិយោគតាមទម្រង់ប្រមូលមូលនិធិពីអ្នកវិនិយោគនានាដោយសន្យាផ្តល់មកវិញជាមួយការប្រាក់ខ្ពស់។
បើតាមការលើកឡើងរបស់ក្រុមអ្នកស៊ើបអង្កេត ការដំណើរការគម្រោងបោកប្រាស់នេះ លោក ប្រេន បានប្រើវិធីសាស្ត្រប្រមូលប្រាក់ពីអ្នកថ្មីទៅសងអ្នកចាស់ជាបន្តបន្តាប់ និងបានប្រមូលយកមូលនិធិប្រមាណជា១៩លានដុល្លារពីគម្រោងនេះទៅប្រើប្រាស់លើការទិញគ្រឿងអលង្ការ ជួលផ្ទះវិស្សមកាល និងធ្វើប្រតិបត្តិការចំណាយមិនត្រឹមត្រូវជាច្រើនទៀត។ ក្រោយគម្រោងនេះជាប់ក្នុងការសង្ស័យ គេបានរកឃើញថា មានអ្នកវិនិយោគក្នុងគម្រោងនេះសរុបប្រមាណ៣០០នាក់ ដោយម្នាក់ៗបានវិនិយោគជាមធ្យមប្រមាណជិត៥០ម៉ឺនដុល្លារ៕
ដោយៈ សរ សុជាតិ