នៅក្នុងរយៈពេល១១ខែ ឆ្នាំ២០២៤ ខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជិត៤លាន៣សែននាក់ មានការធ្លាក់ចុះជាង៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះ ភ្ញៀវទេសចរជាតិ មានប្រមាណ៤លាននាក់ ថយចុះជិត ១០% និងភ្ញៀវទេសចរអន្តរជាតិ ជាង២៨ម៉ឺននាក់ កើនឡើងជិត៣%។
លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានចាត់ទុកការទទួលបានភ្ញៀវទេសចរតាមរយៈនាវាទេសចរណ៍ចូលសំចតនៅកំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ ជាចរន្តភ្ញៀវទេសចរសក្តានុពលមួយសម្រាប់ខេត្តជាប់មាត់សមុទ្រមួយនេះ ពោលគឺនៅមុនពេលមានវិបត្តិកូវីដ-១៩ ខេត្តព្រះសីហនុ ទទួលបាននាវាទេសចរណ៍ជាមធ្យមប្រមាណ៥០នាវាក្នុង១ឆ្នាំ ប៉ុន្តែដោយសារវិបត្តិសកលមួយនេះ បានធ្វើឱ្យការចូលកម្សាន្តរបស់ភ្ញៀវទេសរតាមរយៈនាវាបានថមថយចុះ។ តួយ៉ាងនៅក្នុងឆ្នាំ២០២៣ ខេត្តព្រះសីហនុ ទទួលបាននាវាទេសចរណ៍ចំនួន១៨ ជាមួយមានភ្ញៀវទេសចរសរុបជាង ១ម៉ឺន៤ពាន់នាក់ ហើយនៅពេញមួយឆ្នាំ២០២៤ នេះ ទទួលបាននាវាទេសចរណ៍ប្រមាណ២២គ្រឿងជាមួយភ្ញៀវទេសចរសរុបជាង១ម៉ឺន៨ពាន់នាក់។
បើតាមប្រធានមន្ទីរទេសចរណ៍រូបនេះ ភ្ញៀវដែលចូលតាមរយៈនាវាទេសចរណ៍ភាគច្រើនជាភ្ញៀវជនជាតិអាម៉េរិក អឺរ៉ុប អូស្រ្តាលី និងអាស៊ីមួយចំនួន ហើយពួកគេចូលចិត្តទៅកម្សាន្តតាមរមណីយដ្ឋានឆ្នេរ និងសហគមន៍នេសាទ ជាដើម។ ជាមួយគ្នានេះ លោក តាំង សុចិត្រគ្រឹស្នា បានគូសបញ្ជាក់ថា ដើម្បីទាក់ទាញភ្ញៀវទេសចរតាមរយៈនាវាទេសចរណ៍ឱ្យបានកាន់តែច្រើន រដ្ឋបាលខេត្តព្រះសីហនុ កំពុងរៀបចំផលិតផលទេសចរណ៍ទាក់ទាញបន្ថែមទៀត ដូចជាផ្សាររាត្រី និង Pub Street ជាដើម។
យ៉ាងណាមិញ ភ្ញៀវទេសចរធ្វើដំណើរកម្សាន្តតាមបណ្តាកោះនានា ក្នុងខេត្តព្រះសីហនុ នៅក្នុងរយៈពេល១១ខែ ឆ្នាំ២០២៤នេះ គឺមានចំនួនប្រមាណជាង១៥ម៉ឺននាក់ ថយចុះប្រមាណជិត១% បើធៀបនឹងឆ្នាំមុន ហើយសម្រាប់ភ្ញៀវទេសចរចូលតាមរយៈផ្លូវអាកាសមានជាង៤ម៉ឺននាក់ កើនឡើងជាង៦០% បើធៀបនឹងឆ្នាំមុន។ នេះបើតាមរបាយការណ៍មន្ទីរទេសចរណ៍ខេតព្រះសីហនុ៕