
ផ្អែកតាមទិន្នន័យពីក្រុមហ៊ុន S&P Global Mobility បានឱ្យដឹងថា ការផ្គត់ផ្គង់ថ្មអាគុយយានយន្តអគ្គិសនីត្រូវបានគេរំពឹងថា នឹងកើតឡើងយ៉ាងហោចណាស់៣ដងនៃតម្រូវការបច្ចុប្បន្នរហូតដល់ឆ្នាំ២០២៦ ហើយនឹងកើនឡើងជាងទ្វេដងបន្ថែមទៀតនៅត្រឹមឆ្នាំ២០៣០។ សមត្ថភាពផលិតថ្មអាគុយមួយចំនួននៅប្រទេសចិន ដែលជាទីផ្សារធំបំផុតរបស់ពិភពលោកមិនត្រូវបានបង្ហាញឱ្យដឹងនោះទេ មានន័យថា គម្លាតអាចមានទំហំធំជាងនេះ។
ប្រទេសដែលផលិតអាគុយយានយន្តអគ្គិសនីច្រើនជាងគេនៅលើពិភពលោកបច្ចុប្បន្ន គឺប្រទេសចិន ដោយប្រទេសមានសេដ្ឋកិច្ចធំបំផុតលំដាប់ទីពីរមួយនេះបានក្តោមចំណែករហូតដល់៧០% នៃការផលិតអាគុយរថយន្តអគ្គិសនីសរុបនៅលើពិភពលោក ក្នុងនោះក្រុមហ៊ុនបច្ចេកវិទ្យាទំនើប Amperex (CATL) បាននាំមុខគេ បន្ទាប់មកក្រុមហ៊ុន BYD។
ចំណែកប្រទេសកូរ៉េខាងត្បូង បានជាប់ចំណាត់ថ្នាក់ទី៣ ក្រោមប្រតិបត្តិការដោយក្រុមហ៊ុន LG Energy Solution ហើយប្រទេសជប៉ុន បានជាប់ចំណាត់ថ្នាក់លេខ៦ ក្រោមប្រតិបត្តិការដោយក្រុមហ៊ុន Panasonic Holdings ប៉ុន្តែគ្មានរបាយការណ៍អំពីទិន្នន័យនៃផលិតកម្មរបស់ក្រុមហ៊ុនទាំងនេះឡើយ។
ប្រទេសមួយចំនួនរួមទាំងសហរដ្ឋអាម៉េរិក និងជប៉ុនផង កំពុងលើកទឹកចិត្តឱ្យក្រុមហ៊ុនផលិតអាគុយយានយន្តអគ្គិសនីក្នុងស្រុកឱ្យបានកាន់តែច្រើន ដើម្បីជៀសវាងការពឹងផ្អែកលើប្រទេសចិន ប៉ុន្តែយុទ្ធសាស្រ្តនេះកំពុងដើរថយក្រោយ ដោយសារការធ្លាក់ចុះខ្លាំងដ៏មិននឹកស្មានដល់នូវតម្រូវការរថយន្ត EV។ ការធ្លាក់នេះបានកើតឡើងខ្លាំងនៅតំបន់អាម៉េរិកខាងជើង ជាទីដែលការផ្គត់ផ្គង់នៅទីនោះត្រូវបានគេរំពឹងថា នឹងកើនលើសតម្រូវការជិត៥ដងនៅឆ្នាំនេះ ហើយគម្លាតនេះត្រូវបានគេរំពឹងថានឹងបន្តកើនលើសតម្រូវការ៤ដងរហូតដល់ឆ្នាំ២០២៨៕
ដោយ៖ សុខ មង្គល