សារព័ត៌មានវៀតណាម ទួយ ទ្រេ ញូ (Tuoi Tre News) បានរាយការណ៍កាលពីថ្ងៃទី២៧ ខែមករា ថា នាយកដ្ឋានសន្តិសុខសាធារណៈ នៅខេត្ត ភូថូ បានបើកប្រតិបត្តិការបង្ក្រាប និងកម្ទេចទីតាំងផលិតទឹកម្ទេស និងទឹកជ្រលក់ក្លែងក្លាយដ៏ធំមួយ ដែលត្រូវបានគេចាត់ទុកថា ជាថ្នាំពុលក្នុងចានអាហារសម្រាប់ប្រជាជន។ នៅក្នុងប្រតិបត្តិការបង្ក្រាបទីតាំងផលិតគ្រឿងទេសក្លែងក្លាយនេះ សមត្ថកិច្ចវៀតណាមបានរកឃើញ និងរឹបអូសទឹកម្ទេស និងទឹកជ្រលក់ម៉ាក ង៉ាន ហា (Ngan Ha) ដែលគ្មានគុណភាពជាង២,៣៩០ដប។ អ្វីដែលគួរឱ្យបារម្ភបំផុតនោះ គឺផលិតផលក្លែងក្លាយទាំងនេះ ត្រូវបានចែកចាយ និងប្រើប្រាស់ស្ទើរតែគ្រប់ទីតាំងរាប់ចាប់តាំងពីភោជនីយដ្ឋានរហូតដល់ផ្ទះបាយ និងតូបលក់អាហារតាមដងផ្លូវនៅទូទាំងតំបន់។
នៅចំពោះមុខសមត្ថកិច្ច នាយកក្រុមហ៊ុន ង៉ាន ហា វិញ ភុក លោក ង្វៀន មិញ ក្វាង បានសារភាពថា ខ្លួនពិតជាបានបញ្ជាឱ្យបុគ្គលិកប្រើប្រាស់ល្បិចកាត់បន្ថយថ្លៃដើមក្នុងការផលិតគ្រឿងទេសក្លែងក្លាយខាងលើពិតប្រាកដមែន ដោយលោកបានបង្គាប់ឱ្យទិញវត្ថុធាតុដើមថោកៗ គ្មានប្រភពច្បាស់លាស់ និងគ្មានគុណភាពយកមកលាយឡំផលិតជាទឹកម្ទេស និងទឹកជ្រលក់ បន្លំភ្នែកអ្នកប្រើប្រាស់ថា ជាផលិតផលស្ដង់ដា ដែលបានចុះបញ្ជីត្រឹមត្រូវ។ បច្ចុប្បន្នជនសង្ស័យកំពុងស្ថិតក្រោមការចាត់ការតាមនីតិវិធីព្រហ្មទណ្ឌ ហើយអាជ្ញាធរកំពុងបន្តស្រាវជ្រាវរកប្រភពវត្ថុធាតុដើម ដើម្បីការពារសុខុមាលភាពសាធារណៈ៕
អត្ថបទៈ សួនឡង់ទី