លោក ស៊ុយ កុកធាន ប្រធានសមាគមត្រចៀកកាំខ្មែរ បានឱ្យសារព័ត៌មាន ខេមបូណូមីស ដឹងថា ស្ថានទូតចិន ប្រចាំនៅកម្ពុជា កាលពីពេលថ្មីៗបានផ្ញើលិខិតមួយជូនរាជរដ្ឋាភិបាលកម្ពុជា ដោយឱ្យកែសម្រួលលើចំណុចមួយចំនួន នៃកិច្ចព្រមព្រៀងរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយគយចិន។ បើតាមអ្នកជំនាញរូបនេះ បច្ចុប្បន្នអ្នកជំនាញពាក់ព័ន្ធកំពុងពិនិត្យផ្ទៀងផ្ទាត់លិខិតនេះ ដើម្បីឆ្លើយតបទៅភាគីចិនវិញ ក្រោមក្ដីរំពឹងថា ការចុះកិច្ចព្រមព្រៀងឈានដល់ការនាំសំបុកត្រចៀកកាំទៅទីផ្សារចិន អាចនឹងធ្វើឡើងក្នុងពេលឆាប់ៗនៅក្នុងឆ្នាំ២០២៥ នេះ។
បើតាមការគូសបញ្ជាក់របស់ប្រធានសមាគមត្រចៀកកាំខ្មែររូបនេះ នៅពេលបំពេញ និងការកែតម្រូវចុងក្រោយលើកិច្ចព្រមព្រៀងខាងលើរួចរាល់ហើយ កម្ពុជាត្រូវធ្វើការជាមួយគយចិន បន្តទៀត លើនីតិវិធីមួយចំនួន ដើម្បីអាចឈានទៅរកការនាំចេញទៅកាន់ទីផ្សារចិន ដោយផ្ទាល់។
ពាក់ព័ន្ធគម្រោងនាំចេញសំបុកត្រចៀកកាំទៅចិន នេះដែរ ឯកឧត្តម ងិន ឆាយ អគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម បានគូសបញ្ជាក់កាលពីពេលថ្មីៗថា ការចរចាបើកទីផ្សារនាំចេញសម្បុកត្រចៀកកាំកម្ពុជា ទៅកាន់ទីផ្សារចិន កំពុងស្ថិតក្នុងនីតិវិធីបច្ចេកទេស ហើយបន្ទាប់ពីរៀបចំនីតិវិធីបច្ចេកទេសរួចរាល់ ភាគីចិននឹងចុះមកពិនិត្យដល់ទីតាំងផ្ទាល់នៅក្នុងប្រទេសកម្ពុជា។
បច្ចុប្បន្នសំបុកត្រចៀកកាំមិនទាន់កែច្នៃ ត្រូវបានលក់ចេញក្នុងចន្លោះពី៣០០ដុល្លារ ទៅ៤០០ដុល្លារ ក្នុង១គីឡូក្រាម។ ដោយឡែកសំបុកត្រចៀកកាំកែច្នៃរួចរាល់មានតម្លៃចន្លោះពី៩០០ដុល្លារ ដល់១,៤០០ដុល្លារ ក្នុង១គីឡូក្រាម ពោលគឺអាស្រ័យលើគុណភាពនៃប្រភេទសម្បុកត្រចៀកកាំនីមួយៗ។ កម្ពុជា មានសក្ដានុពលខ្ពស់ក្នុងការចិញ្ចឹមសត្វត្រចៀកកាំ ខណៈមកទល់ពេលនេះការចិញ្ចឹមត្រចៀកកាំនៅកម្ពុជាអាចមានក្នុងរង្វង់៧ពាន់ខ្នងអគារ ដែលអាចផ្តល់ផលទឹកមាត់ត្រចៀកកាំបានប្រមាណ១០០តោនក្នុង១ឆ្នាំ៕