
លោក ស៊ា ឆៃលីន អនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា កត់សម្គាល់ឃើញថា នៅមួយរយៈចុងក្រោយនេះ ការទិញលក់នៅក្នុងវិស័យអចលនទ្រព្យពុំសូវមានសកម្មភាពច្រើននោះទេ។ យ៉ាងណាមិញអ្នកជំនាញរូបនេះ ក៏ពុំទាន់អាចវាយតម្លៃពីការងើបឡើងវិញរបស់វិស័យដ៏សំខាន់នេះនៅពេលណានោះដែរ ដោយសារការងើបឡើងវិញនៅក្នុងវិស័យអចលនទ្រព្យ គឺអាស្រ័យលើស្ថានភាពនៃសេដ្ឋកិច្ចពិភពលោក។
ជាមួយគ្នានេះ លោក ប៉ូ អ៊ាវគង់ នាយកប្រតិបត្តិ និងជាស្ថាបនិកក្រុមហ៊ុន អ៊ែតវ៉ានស៍ រៀលអ៊ីស្ទេត កត់សម្គាល់ឃើញថា នៅមួយរយៈចុងក្រោយ វិស័យអចលនទ្រព្យរបស់កម្ពុជា ពុំសូវមានអ្វីប្រែប្រួលខ្លាំងនោះទេ ដោយសារស្ថានភាពសេដ្ឋកិច្ចនៅពុំទាន់មានភាពប្រាកដប្រជា និងបន្តអូសបន្លាយដោយមិនមានពេលកំណត់ច្បាស់លាស់។ បើតាមអ្នកជំនាញរូបនេះ នៅក្នុងស្ថានភាពបច្ចុប្បន្នវិស័យដ៏សំខាន់នេះទំនងជាមិនអាចកម្រើកឡើងខ្លាំងដូចមុននោះទេ ប៉ុន្តែលោកបានប៉ាន់ស្មានថា វិស័យអចលនទ្រព្យរបស់កម្ពុជា អាចរង់ចាំពេលប្រមាណ៣ឆ្នាំទៀតទើបអាចមើលឃើញពីការប្រែប្រួល។
ដោយឡែក លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ប្រសិនបើស្ថានភាពសេដ្ឋកិច្ចពិភពលោកពុំបង្កផលប៉ះពាល់ខ្លាំងទេ នោះវិស័យអចលនទ្រព្យនៅកម្ពុជា អាចនឹងមានភាពប្រសើរឡើងវិញនៅក្នុងរយៈពេលពី៣ទៅ៤ឆ្នាំខាងមុខ។ បើតាមអ្នកជំនាញរូបនេះ នៅក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៥ នេះ វិស័យអចលនទ្រព្យមិនមានសម្ទុះកើនឡើងគួរឱ្យកត់សម្គាល់នោះទេ ប៉ុន្តែមានស្ថានភាពប្រសើរជាងឆ្នាំ២០២៤។
ជាមួយគ្នានេះ អ្នកជំនាញសេដ្ឋកិច្ចរូបនេះ បានលើកឡើងថា កត្តាដែលវិស័យអចលនទ្រព្យមិនមានសម្ទុះលឿន គឺដោយសារតែកន្លងមកអ្នកទិញភាគច្រើនពុំបានទិញសម្រាប់ប្រើប្រាស់នោះទេ តែផ្ទុយទៅវិញពួកគេទិញដើម្បីទុកលក់យកប្រាក់ចំណេញ ជាហេតុធ្វើឱ្យការផ្គត់ផ្គង់លើសពីតម្រូវការ។ ក្រៅពីនេះ បញ្ហាពលរដ្ឋរកប្រាក់ចំណូលពុំសូវបានដូចមុនក៏ជាកត្តាធ្វើឱ្យវិស័យនេះពុំសូវរីកចម្រើនផងដែរ។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានព្យាករថា វិស័យអចលទ្រព្យក្នុងឆ្នាំ២០២៥ នេះនឹងមានសម្ទុះកំណើនក្នុងរង្វង់២,៦%។ កំណើនក្នុងកម្រិតទាបនៅក្នុងវិស័យនេះ ត្រូវបានក្រសួងសេដ្ឋកិច្ចគូសបញ្ជាក់ថា គឺដោយសារសកម្មភាពសាងសង់ និងការទិញ-លក់អចលនវត្ថុមានតម្លៃទាប ខណៈលំហូរទុនវិនិយោគពីបរទេសនៅមានកម្រិតតិចតួចនៅឡើយ៕
អត្ថបទ៖ បូ ដូឡា