ឧកញ៉ា កែវ បូណ៌ភិរក្ស អគ្គនាយកក្រុមហ៊ុន បូទីកា និងបុរី ឡុងនី ជឿជាក់ថា វិស័យអចលនទ្រព្យកម្ពុជានឹងចាប់ផ្ដើមមានដង្ហើមឡើងវិញនៅក្នុងឆ្នាំ២០២៦ នេះ ក្រោយមានការធ្លាក់ចុះអស់រយៈពេលជាច្រើនឆ្នាំកន្លងមក។ អ្នកជំនួញរូបនេះបានសង្កត់ធ្ងន់ថា ភាពល្អប្រសើរនៃវិស័យអចលនទ្រព្យ នឹងត្រូវបានជួយជំរុញដោយសារភាពរីកចម្រើននៃវិស័យឧស្សាហកម្ម និងកំណើនភ្ញៀវទេសចរបរទេស ដែលកត្តានេះវានឹងជួយបង្កើតឱ្យមានចរន្តសេដ្ឋកិច្ច និងតម្រូវការប្រើប្រាស់អចលនទ្រព្យពិតប្រាកដ។ តែយ៉ាងណអ្នកជំនាញរូបនេះយល់ឃើញថា បើទោះបីជាសេដ្ឋកិច្ចបានសញ្ញាល្អប្រសើរ ប៉ុន្តែអ្នកវិនិយោគគួរមានផែនការច្បាស់លាស់ ដើម្បីបង្ការហានិភ័យដែលអាចកើតមានពីការប្រែប្រួលនៃស្ថានការណ៍ពិភពលោក។
ពាក់ព័ន្ធបញ្ហានេះដែរ ឧកញ៉ា សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានគូសបញ្ជាក់ថា ទោះបីជាវិស័យអចលនទ្រព្យជារួមនៅតែបន្តរងសម្ពាធពីកត្តាខាងក្រៅ ដូចជាបញ្ហាពន្ធគយ និងភាពមិនច្បាស់លាស់តាមព្រំដែន ប៉ុន្តែផ្នែកខ្លះនៃវិស័យនេះនៅតែមានសក្តានុពល។ ក្នុងនោះ អចលនទ្រព្យដែលបម្រើឱ្យការប្រើប្រាស់ជាក់ស្តែង នៅតែមានចរន្តល្អ ជាពិសេសប្រភេទដីធ្លី ឬផ្ទះតូចៗនៅជុំវិញព្រលានយន្តហោះអន្តរជាតិតេជោ និងអចលនទ្រព្យតាមបណ្តោយផ្លូវធំៗ ដែលស័ក្តិសមសម្រាប់បើកអាជីវកម្ម និងវិនិយោគក្នុងតំបន់សក្តានុពលតាមបណ្តាខេត្តនានាជាដើម៕
អត្ថបទ៖ បូ ដូឡា