ពលរដ្ឋភៀសសឹក

តើរដ្ឋគួរមានយន្តការអ្វីដើម្បីឱ្យពលរដ្ឋភៀសសឹកដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះបានអាចរកប្រាក់ចំណូលបាន?


បច្ចុប្បន្ននេះមានពលរដ្ឋភៀសសឹកជាច្រើនបានវិលត្រឡប់ទៅកាន់លំនៅឋាន ដើម្បីប្រកបការងារនិងមុខរបររកស៊ីផ្សេងៗ ប៉ុន្តែពលរដ្ឋភៀសសឹកមួយចំនួន ដែលដីធ្លី និងផ្ទះរបស់ពួកគេត្រូវបានគ្រប់គ្រងខុសច្បាប់ដោយយោធាថៃ ក្រោយអនុវត្តបទឈប់បាញ់មិនទាន់អាចវិលត្រឡប់ទៅលំនៅឋាន និងប្រកបមុខរបរបាននៅឡើយទេ។ ទោះបីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំពុងស្វែងរកទីតាំងសាងសង់ជំរុំស្នាក់នៅបណ្តោះអាសន្នដល់ពលរដ្ឋភៀសសឹកទាំងនោះក៏ដោយ តែមានការចោទជាសំណួរថា តើឱ្យពួកគេរស់នៅដោយរបៀបណា បើគ្មានមុខរបរ។
តើរដ្ឋគួរធ្វើដូចម្តេច_ដើម្បីឱ្យពលរដ្ឋភៀសសឹក_ដែលមិនទាន់បានវិលត្រឡប់ទៅផ្ទះបាន
ដោយ

ឆ្លើយតបនឹងសំណួរនេះអ្នកជំនាញបានផ្តល់ជាយោបល់ថា ក្រសួងស្ថាប័នពាក់ព័ន្ធគួរតែបង្កើតមុខរបរនៅនឹងកន្លែង ដើម្បីអាចឱ្យពួកគេអាចប្រាក់ចំណូល ក៏ដូចជាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ។

លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព យល់ឃើញថា ទន្ទឹមនឹងរកទីតាំងសាងសង់ជំរុំឱ្យពលរដ្ឋភៀសសឹក ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញបានស្នាក់នៅបណ្ដោះអាសន្ន រដ្ឋាភិបាល និងដៃគូរពាក់ព័ន្ធគួរបង្កើតមុខរបរដល់ពួកគេ ដើម្បីឱ្យពួកគេអាចរកប្រាក់ចំណូលសម្រាប់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃ។ បើតាមអ្នកជំនាញរូបនេះ មានតែកិច្ចចរចារកដំណោះស្រាយប៉ុណ្ណោះ ទើបអាចជួយសម្រួលឱ្យពលរដ្ឋអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន។ តែយ៉ាងណាអ្នកជំនាញរូបនេះកត់សម្គាល់ឃើញថា ថៃ ហាក់មានលេសពន្យារពេលកិច្ចចរចាជាបន្តបន្ទាប់ ជាមួយកម្ពុជា ដែលទាមទារឱ្យកម្ពុជាត្រូវពន្លឿនការដាក់ពាក្យបណ្តឹងទៅស្ថាប័នអន្តរជាតិ ឱ្យជួយដោះស្រាយបញ្ហានេះ។

​ជាមួយគ្នានេះ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្រ្តនយោបាយ បានលើកឡើងថា បច្ចុប្បន្នពលរដ្ឋភៀសសឹកដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញបាន កំពុងប្រឈមនឹងបញ្ហាដូចជាមិនមានមុខរបរច្បាស់លាស់ បាត់បង់ប្រាក់ចំណូល ផ្ទះរងការខូតខាត និងបាត់បង់ទ្រព្យសម្បត្តិ ដោយសារក្រុមយោធាថៃបំផ្លិចបំផ្លាញ និងលួចប្លន់។ ជាការយល់ឃើញរបស់អ្នកជំនាញរូបនេះ ទន្ទឹមនឹងកំពុងស្វែងរកទីលំនៅថ្មីបណ្ឌោះអាសន្នដល់ពលរដ្ឋភៀសសឹក រដ្ឋាភិបាលគួរតែគិតគូរបណ្ដុះបណ្ដាលជំនាញវីជ្ជាជីវៈ ក៏ដូចជាបង្កើតមុខរបរជាក់ស្ដែងនៅនឹងកន្លែង ដើម្បីអាចឱ្យពលរដ្ឋមានលទ្ធភាពទ្រទ្រង់ជីវភាពដោយខ្លួនឯងជាជាងផ្ដល់ជាជំនួយដោយផ្ដល់។

​ដោយឡែកលោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិតបានចាត់ទុកសកម្មភាពរបស់ថៃថា ជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។ លោកបានជំរុញឱ្យកម្ពុជាប្រើប្រាស់យន្តការច្បាប់អន្តរជាតិជាធំ ដើម្បីដាក់សម្ពាធឱ្យថៃដកទ័ព និងប្រគល់ទីលំនៅជូនពលរដ្ឋខ្មែរវិញ ព្រោះការអត់ធ្មត់តែម្យ៉ាងមិនមែនជាដំណោះស្រាយជោគជ័យឡើយ។

​គួរបញ្ជាក់ថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បាននិងកំពុងរៀបចំផែនការជ្រើសរើសទីតាំងរៀបចំលំនៅដ្ឋានថ្មីបណ្តោះអាសន្នដល់ប្រជាពលរដ្ឋភៀសសឹក ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញបាន ដើម្បីធានាថា ទោះបីជាមិនទាន់បានទៅផ្ទះដើមវិញ ក៏ពួកគេមានកន្លែងរស់នៅប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរនៅតាមបណ្តោយព្រំដែនកម្ពុជា៕

អត្ថបទ​​៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


អ្នកឧកញ៉ា គិត ម៉េង បង្ហាញផែនការប្រកបដោយមហិច្ឆតារបស់សភាពាណិជ្ជកម្ម ដើម្បីនាំកម្ពុជា ទៅកាន់ពិភពលោក

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានអះអាងថា សភាពាណិជ្ជកម្ម មិនមែនគ្រាន់តែជាបណ្តាញធុរកិច្ចប៉ុណ្ណោះទេ ប៉ុន្តែជាតំណាងវិស័យឯកជ…

ក្រុមហ៊ុន វីរ:ប៊ុនថាំ បោះទុនវិនិយោគ៣០លានដុល្លារ បង្កើតរោងចក្រផលិតចំណីអាហារក្នុងស្រុក

បន្ថែមលើការវិនិយោគក្នុងវិស័យទេសចរណ៍ និងកសិកម្ម ក្រុមហ៊ុន វីរៈប៊ុនថាំ បានបោះជំហានបន្ថែមទៀតហើយចូលទៅក្នុងវិស័យកែច្នៃចំណីអាហារនៅប្រទេសកម្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ