លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក បានបើកទ្វារសេតវិមានស្វាគមន៍ព្រះអង្គម្ចាស់រាជទាយាទអារ៉ាប៊ីសាអូឌីត មូហាមេដ ប៊ិន សាលមេន ជាលើកដំបូងក្នុងរយៈពេលជាង៧ឆ្នាំកន្លងមកនេះ បន្ទាប់ពីកើតមានករណីឃាតកម្មលើអ្នកសារព័ត៌មានអាម៉េរិកម្នាក់កាលពីឆ្នាំ២០១៨ ដែលកាលនោះសហរដ្ឋអាម៉េរិកបានដាក់ការសង្ស័យថា មានការជាប់ពាក់ព័ន្ធជាមួយព្រះអង្គម្ចាស់រូបនេះ ដែលធ្វើឱ្យទំនាក់ទំនងការទូតរវាងប្រទេសមានល្អក់កករមើលមុខគ្នាមិនចំ។
ក្រោយជាប់ក្នុងការសង្ស័យអស់រយៈពេលជាច្រើនមកនេះ លោក ដូណាល់ ត្រាំ បានអះអាងថា ព្រះអង្គម្ចាស់រាជទាយាទរូបនេះមិនដឹងអ្វីទាំងអស់អំពីករណីឃាតកម្មលើអ្នកកាសែតអាម៉េរិក ដែលបានកើតឡើងនៅអារ៉ាប៊ីសាអូឌីតនោះទេ។ លើសពីនេះ លោក ត្រាំ បានប្រកាសថា សហរដ្ឋអាម៉េរិកនឹងកំណត់យកអារ៉ាប៊ីសាអូឌីតធ្វើជាសម្ពន្ធមិត្ត ខណៈភាគីទាំងពីរបានប្រកាសពីកិច្ចព្រមព្រៀងស្តីពី ការលក់អាវុធ កិច្ចសហប្រតិបត្តិការនុយក្លេអ៊ែស៊ីវិល បញ្ញាសិប្បនិម្មិត និងរ៉ែកម្រសំខាន់ៗ។ បើតាមការអះអាងរបស់សេតវិមាន នៅក្នុងជំនួបនោះប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិ ជាយុទ្ធសាស្ត្រ ដែលជាការពង្រឹងការទប់ស្កាត់នៅទូទាំងមជ្ឈិមបូព៌ា។
នៅក្នុងជំនួបខាងលើ លោក ត្រាំ បានអនុម័តលើការដឹកជញ្ជូនយន្តហោះចម្បាំង F-35 នាពេលអនាគតទៅកាន់អារ៉ាប៊ីសាអូឌីត ដោយប្រភពខ្លះអះអាងថា ក្រុងរីយ៉ាត បានចុះកិច្ចព្រមព្រៀងទិញយន្តហោះនេះចំនួន៤៨គ្រឿង ហើយក្រៅពីនោះ អារ៉ាប៊ីសាអូឌីត ក៏បានយល់ព្រមទិញរថក្រោះអាម៉េរិក ចំនួន៣00 គ្រឿងបន្ថែមទៀតផងដែរ។ ក្រៅពីកិច្ចសហប្រតិបត្តិការលើវិស័យយោធា អារ៉ាប៊ីសាអូឌីត ក៏បានសន្យាថា នឹងបង្កើនការវិនិយោគនៅសហរដ្ឋអាម៉េរិកផងដែរ៕
ដោយៈ សរ សុជាតិ