
មន្ត្រីសេតវិមានបានទម្លាយឱ្យដឹងថា លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាមួយ បញ្ជាឱ្យគណៈកម្មាធិការទទួលបន្ទុកការវិនិយោគរបស់បរទេសនៅលើទឹកដីសហរដ្ឋអាម៉េរិក (CFIUS) រឹតបន្តឹងការវិនិយោគរបស់មហាយក្សចិន ក្នុងវិស័យយុទ្ធសាស្ត្រសំខាន់ៗនានា នៅលើទឹកដីសហរដ្ឋអាម៉េរិក ហើយថា បទបញ្ជាដើម្បីរក្សាសន្តិសុខជាតិ ខាងលើនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការវិនិយោគបរទេស ហើយទន្ទឹមនេះ ក៏ដើម្បីការពារផលប្រយោជន៍សន្តិសុខជាតិ របស់សហរដ្ឋអាម៉េរិក ពីការគំរាមកំហែងពីបណ្ដាបច្ចាមិត្តបរទេសដូចជាប្រទេសចិន ជាដើមផងដែរ។
បទបញ្ជាដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃសុក្រ សប្ដាហ៍មុននេះ បានគូសបញ្ជាក់ថា ប្រទេសចិន កំពុងកេងប្រវ័ញ្ច ឬប្រើប្រាស់ធនធានរបស់សហរដ្ឋអាម៉េរិក ដើម្បីពង្រឹងសមត្ថភាពយោធា និងការស៊ើបការណ៍សម្ងាត់របស់ខ្លួន ហើយកំពុងបង្កការគំរាមកំហែងដោយផ្ទាល់ដល់សន្តិសុខរបស់សហរដ្ឋអាម៉េរិក។
មន្ត្រីសេតវិមានដដែលបានបញ្ជាក់ថា ក្រោមបទបញ្ជាថ្មីនេះ សហរដ្ឋអាម៉េរិក នឹងបង្កើតច្បាប់ថ្មី ដើម្បីទប់ស្កាត់បណ្ដាប្រទេសជាបច្ចាមិត្ត ដូចជា មហាយក្សចិន ជាដើម ពីការកេងប្រវ័ញ្ច ឬប្រើប្រាស់ធនធានរបស់ខ្លួន ពោលគឺនឹងអនុញ្ញាតតែការវិនិយោគណាដែលបម្រើឱ្យផលប្រយោជន៍របស់សហរដ្ឋអាម៉េរិកប៉ុណ្ណោះ។
មន្ត្រីរូបនេះក៏បាននិយាយដែរថា រដ្ឋបាល លោក ដូណាល់ ត្រាំ នឹងពិចារណាដាក់ការរឹតបន្តឹងថ្មីៗ ឬបន្ថែមការរឹតបន្តឹងលើការវិនិយោគក្រៅប្រទេសរបស់បណ្ដាក្រុមហ៊ុនអាម៉េរិក ដែលវិនិយោគលើបច្ចេកវិទ្យាសំខាន់ៗ រួមមាន បច្ចេកវិទ្យាបន្ទះឈីប បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ជីវបច្ចេកវិទ្យា និងអាកាសវេហាជាដើម។
ជាការឆ្លើយតប ក្រសួងពាណិជ្ជកម្មចិន បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ សប្ដាហ៍មុនថា សហរដ្ឋអាម៉េរិក គួរតែបញ្ឈប់ការយកបញ្ហាសេដ្ឋកិច្ចធ្វើជារឿងនយោបាយ និងធ្វើជាអាវុធ ហើយថា ប្រទេសចិន នឹងតាមដានស្ថានការណ៍នេះ ដោយយកចិត្តទុកដាក់ ហើយនឹងចាត់វិធានការចាំបាច់ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន៕
ដោយ: តែម សុខុម