ប្លុកប្រទេសមានសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ខ្លាំងហៅកាត់ថា BRICS ដែលមានសមាជិកស្ថាបនិកចំនួន៥ រួមមាន ប្រេស៊ីល រុស្ស៊ី ឥណ្ឌា មហាយក្សចិន និងអាហ្វ្រិកខាងត្បូង បាននិងកំពុងបង្កើនចលនាបដិដុល្លារនីយកម្ម ឬការឈប់ប្រើប្រាស់ប្រាក់ដុល្លារ ដើម្បីទូទាត់ពាណិជ្ជកម្មអន្តរជាតិ ហើយកំពុងបន្តលើកកម្ពស់ការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុកនៃប្លុកនេះ។
ស្របពេលជាមួយគ្នានេះ ស្រាប់តែលោក រ៉ូបឺត ឃីយ៉ូសាគិ (Robert Kiyosaki) ដែលល្បីល្បាញខាងផ្ដល់ដំបូន្មានទាក់ទិននឹងចំណេះដឹងហិរញ្ញវត្ថុ ជាពិសេសអំពីយុទ្ធសាស្ត្រយកលុយទៅបង្កើតលុយ និងជាអ្នកនិពន្ធសៀវភៅ “Rich Dad, Poor Dad” ដែលលក់ដាច់បំផុតមួយក្នុងពិភពលោក បានលើកឡើងគួរឱ្យភ្ញាក់ផ្អើលលើគណនីបណ្ដាញសង្គម X របស់លោកកាលពីថ្ងៃសុក្រសប្តាហ៍មុន ដែលមានអ្នកចូលមើលជាង៣៦១K ឬជាង៣៦ម៉ឺន១ពាន់នាក់ថា សេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិកកំពុងធ្លាក់ចូលក្នុងវិបត្តិហើយ។
ទាក់ទិនបញ្ហានេះ លោក រ៉ូបឺត ឃីយ៉ូសាគិ (Robert Kiyosaki) បានសរសេរបែបសំណួរ និងចម្លើយថា៖ A: តើសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិក កំពុងតែធ្លាក់ចូលក្នុងវិបត្តិហើយមែនទេ? B: ចម្លើយគឺប្រាកដណាស់ វាកំពុងធ្លាក់ចូលក្នុងវិបត្តិហើយ។
អ្នកជំនាញរូបនេះបានពន្យល់ក្នុងសំណេរដដែលថា និយមន័យនៃការធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច គឺនៅពេលសេដ្ឋកិច្ចនៃប្រទេសមួយទទួលបានសន្ទុះកំណើនយឺតក្រោមសក្ដានុពលរបស់វាបង្ហាញថា សេដ្ឋកិច្ចនៃប្រទេសនោះកំពុងធ្លាក់ចូលក្នុងវិបត្តិហើយ។
លោកបានគូសបញ្ជាក់ថា ជាក់ស្ដែងសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិក សម្រេចបានកំណើន៣,៤%ក្នុងត្រីមាសទី៤ ចុងឆ្នាំ២០២៣ ប៉ុន្តែនៅត្រីមាសទី១ ដើមឆ្នាំ២០២៤ សេដ្ឋកិច្ចអាម៉េរិក សម្រេចបានកំណើនតែ១,៦%ប៉ុណ្ណោះដែលមិនបាននឹងពាក់កណ្ដាលផង បើធៀបនឹងតួលេខក្នុងត្រីមាសទី៤។ ជាចុងបញ្ចប់នៃសំណេររបស់លោក លោកបានក្រើនរំឭកថា កុំជឿលើព័ត៌មានក្លែងក្លាយអី ចូរមើលលើការពិតជាក់ស្ដែង ហើយត្រៀមខ្លួន និងប្រយ័ត្នប្រយែង៕
ដោយ: តែម សុខុម