វិស័យឯកជន-បណ្ណបំណុល

រដ្ឋបន្ដលើកទឹកចិត្តដល់វិស័យឯកជនឲ្យចូលរួមទិញបណ្ណបំណុលរដ្ឋ


រាជរដ្ឋាភិបាលនៅតែបន្ដលើកទឹកចិត្តដល់វិស័យឯកជន នៅក្នុងការចូលរួមទិញបណ្ណបំណុលរដ្ឋ ខណៈឆ្នាំ២០២៤ រាជរដ្ឋាភិបាលគ្រោងបោះផ្សាយបណ្ណបំណុលក្នុងទំហំ១០៨លានដុល្លារបន្ថែមទៀត បើទោះបីជា នៅឆ្នាំ២០២៣នេះ លទ្ធផលនៃការលក់បណ្ណបំណុលរដ្ឋហាក់នៅមានចំនួនតិចជាងផែនការ ២០០ លានដុល្លារក្ដី។
1
ដោយ

តាមសេចក្តីព្រាងច្បាប់ថវិកាជាតិ សម្រាប់ឆ្នាំ២០២៤ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថា នៅឆ្នាំ២០២៤ខាងមុខ រាជរដ្ឋាភិបាលគ្រោងបោះផ្សាយមូលបត្របំណុលរដ្ឋចំនួន ៤៤០ប៊ីលានរៀល ឬស្មើនឹងប្រមាណ១០៨លានដុល្លារ ខណៈគិតត្រឹមពាក់កណ្ដាលឆ្នាំ២០២៣ ការលក់បណ្ណបំណុលរដ្ឋសម្រេចបានប្រមាណតែ២៧លានដុល្លារប៉ុណ្ណោះ នៃផែនការបោះផ្សាយ២០០លានដុល្លារអាម៉េរិក។

ការបោះផ្សាយមូលបត្ររដ្ឋចំនួន១០៨លានដុល្លារនៅឆ្នាំក្រោយនេះ ត្រូវបានរាជរដ្ឋាភិបាលគូសបញ្ជាក់ថា គឺសម្រាប់សងប្រាក់ដើម និងការប្រាក់មូលបត្ររដ្ឋ ដែលបានបោះផ្សាយនាឆ្នាំកន្លងមក និងដើម្បីធ្វើហិរញ្ញប្បទានលើគម្រោងវិនិយោគ ដែលអាចផ្តល់ចំណូលដោយត្រង់មករាជរដ្ឋាភិបាល និងផ្តល់ផលរហ័ស ដើម្បីធានាប្រសិទ្ធភាពនៃការវិនិយោគ និងចីរភាពនៃការគ្រប់គ្រងបំណុលសាធារណៈ និងថវិកាជាតិ។

ជុំវិញបញ្ហានេះ ឯកឧត្តម មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គូសបញ្ជាក់ថា តាមរយៈការបោះផ្សាយមូលបត្របំណុលរដ្ឋចំនួន១០៨លានដុល្លារ នៅឆ្នាំ២០២៤នេះ ឯកឧត្តមមិនទាន់អាចវាយតម្លៃបាននោះទេថា តើនឹងមានស្ថានភាពល្អប្រសើរជាងឆ្នាំ២០២៣ ឬយ៉ាងណា ដ្បិតការបោះផ្សាយមូលបត្ររដ្ឋ និងការលក់ទិញមូលបត្រនេះ គឺវាអាស្រ័យទៅលើស្ថានភាពទីផ្សារជាក់ស្តែង​។ ទោះយ៉ាងណា មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចរូបនេះ អះអាងថា ទំនុកចិត្តរបស់វិស័យឯកជន ជាកត្តាសំខាន់ ហើយអត្រាការប្រាក់ក៏ជាកត្តាសំខាន់មួយទៀត សម្រាប់ធ្វើការពិចារណារបស់វិស័យឯក ជន។ ជាមួយគ្នានេះ រដ្ឋក៏នឹងគិតគូអំពីការផ្ដល់ជាការលើកទឹកចិត្តក្នុងកម្រិតណាមួយបន្ថែមទៀត សម្រាប់វិស័យឯកជនដែលចង់ចូលរួមទិញបណ្ណបំណុលរដ្ឋផងដែរ។ ទោះយ៉ាងណា ឯកឧត្តម បានបន្តទៀតថា ការជួញដូរមូលបត្ររដ្ឋនេះមិនមានការបង្ខិតបង្ខំឡើយ ហើយវាគឺជាវិធីសាស្ត្រមួយ ក្នុងការប្រមូលប្រភពទុនពីបរទេស ក្នុងន័យកាត់បន្ថយការខ្ចីបំណុលក្រៅស្រុក។

យ៉ាងណាក៏ដោយចុះ សម្រាប់ឆ្នាំ២០២៤ខាងមុខ រាជរដ្ឋាភិបាលគ្រោងខ្ចីប្រាក់ពីដៃគូអភិវឌ្ឍន៍ក្នុងកម្រិត​១ពាន់៧រយលាន SDR ដែលស្មើនឹងប្រមាណ២ពាន់៣រយលានដុល្លារផងដែរ ដែលទំហំនេះ គឺរក្សាពិតានដូចក្នុងឆ្នាំ២០២៣ ដើម្បីយកមកទ្រទ្រង់ចីរភាពនៃកំណើនសេដ្ឋកិច្ច និងជំរុញការអភិវឌ្ឍជាតិ​។

តាមរយៈការបោះផ្សាយលក់មូលបត្ររដ្ឋ និងការខ្ចីពីក្រៅប្រទេសក្នុងទំហំខាងលើនេះ រាជរដ្ឋាភិបាលអះអាងថា នឹងមិនបង្កើតជាបន្ទុកបំណុលវ័ណ្ឌកដល់កម្ពុជាទេ ពោលគឺជាទិដ្ឋភាពបច្ចេកទេសស្ថានភាពបំណុលសាធារណៈកម្ពុជា នៅតែត្រូវបានវាយតម្លៃថាមាន «ចីរភាព» និង «ហានិភ័យកម្រិតទាប» ដដែល ដោយរាល់សូចនាករបំណុលគន្លឹះៗរបស់កម្ពុជា សុទ្ធតែស្ថិតក្រោមអនុបាតគោលទាំងអស់។ គួរជម្រាបថា គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៣នេះ កម្ពុជាមានសន្និធិបំណុលសាធារណៈប្រមាណជាង ១០ពាន់លានដុល្លារ។ នេះបើតាមសេចក្តីព្រាងច្បាប់ថវិកាជាតិសម្រាប់ឆ្នាំ២០២៤៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទីស្ដីការគណៈរដ្ឋមន្ត្រី សម្រេចតែងតាំងសមាជិកភាពគណៈប្រតិបត្តិ និងបង្កើតក្រុមការងារនៃក្រុមប្រឹក្សាអ្នកច្បាប់

ព័ត៌មាន
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានសម្រេចតែងតា…

តើច្បាប់ថ្មីរបស់អឺរ៉ុប ដែលហាមកាប់ព្រៃឈើអាចធ្វើឱ្យប៉ះពាល់ដល់ផលិតកម្មកៅស៊ូកម្ពុជាដែរឬទេ?

ព័ត៌មាន
មន្ត្រី និងអ្នកជំនួញក្នុងវិស័យកសិកម្មអះអាងថា ច្បាប់ថ្មីរបស់សហភាពអឺរ៉ុប ដែលមានគោលបំណងបញ្ឈប់ការកាប់បំផ្លាញព្រៃឈើមិនបានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ