
អគ្គរដ្ឋអាជ្ញារុស្ស៊ី បានសម្រេចផ្ទេរទ្រព្យសម្បត្តិ ដែលរឹបអូសពីក្រុមហ៊ុនបរទេសប្រមាណជិត២៩ពាន់លានដុល្លារទៅឱ្យរដ្ឋជាអ្នកគ្រប់គ្រងជំនួស។ នេះបើយោងតាមការបញ្ជាក់របស់លោក អ៊ីហ្គ័រ ក្រាស្នូ (Igor Krasnov) អគ្គរដ្ឋអាជ្ញារុស្ស៊ី ប៉ុន្តែលោកមិនបានបញ្ជាក់ពីពេលវេលាច្បាស់លាស់នោះទេ។ ទ្រព្យសម្បត្តិដែលអាជ្ញាធររុស្ស៊ី រឹបអូសយកមកគ្រប់គ្រងមានតាំងពីគ្រាប់ធញ្ញជាតិ ប្រតិបត្តិការនៅអាកាសយានដ្ឋាននៅទីក្រុងម៉ូស្គូ ទ្រព្យសម្បត្តិដែលមាននៅឃ្លាំងយុទ្ធសាស្ត្រ និងធនធានស័ង្កសីជាដើម។ គ្រាន់តែអគ្គរដ្ឋអាជ្ញាបានប្រកាសភ្លាមអាជ្ញាធររុស្ស៊ី ក៏បានចាប់ផ្តើមរឹបអូសទ្រព្យសម្បត្តិទាំងនោះភ្លាមៗផងដែរ។
លោក ក្រាស្នូ បានអះអាងថា នៅក្នុងចំណោមសហគ្រាសធំៗ ដែលជាសហគ្រាសយុទ្ធសាស្រ្តទាំង៥របស់រុស្ស៊ី គឺមានចំនួនរហូតដល់៤សហគ្រាសឯណោះ ស្ថិតក្រោមការគ្រប់គ្រងរបស់បរទេស ដែលចាំបាច់ត្រូវតែរឹបអូសយកដាក់ឱ្យស្ថិតនៅក្រោមការគ្រប់គ្រងដោយរដ្ឋរុស្ស៊ី។ លោកបានបន្តថា ជារួមតាមរយៈតុលាការ អគ្គរដ្ឋអាជ្ញាបានរឹបអូសទ្រព្យសម្បត្តិមានតម្លៃជិត២៩ពាន់លានដុល្លារ យកមកធ្វើជាប្រយោជន៍របស់រដ្ឋរុស្ស៊ី។
តែយ៉ាងណា លោកមិនបានបញ្ចេញឈ្មោះក្រុមហ៊ុនសហគ្រាសខាងលើនោះទេ គ្រាន់តែបញ្ជាក់ថា ទ្រព្យសម្បត្តិដែលរឹបអូសទាំងនោះធ្វើឡើងក្រោយម្ចាស់ក្រុមហ៊ុនទាំងនោះព្យាយាមដកប្រាក់ចំណេញពីរុស្ស៊ី ប៉ុន្តែពួកគេមិនធ្វើសកម្មភាព និងខកខានបង់ពន្ធយូរ៕
ដោយៈ សរ សុជាតិ