ទីភ្នាក់ងារព័ត៌មាន រ៉យទ័រ បានផ្សាយថា សាលារៀននានានៅក្នុងខេត្តប៉ាធុមថានី បានបើកទ្វារឲ្យសិស្សរៀនឡើងវិញ ដោយមានវិធានការម៉ឺងម៉ាត់ប្រឆាំងការឆ្លងកូវីដ១៩ ដូចជា ត្រួតពិនិត្យកម្ដៅខ្លួនសិស្ស និងការដាក់ប្រអប់របាំងមុខនៅតាមតុរបស់សិស្ស សម្រាប់រក្សាគម្លាតរវាងសិស្សម្នាក់ៗ នៅក្នុងថ្នាក់រៀន។
នៅឯសាលារៀនមួយ នៅចម្ងាយប្រហែល ៥០គីឡូម៉ែត្រ ភាគខាងជើងទីក្រុងបាងកក សិស្សជិត ៥ពាន់នាក់ ត្រូវបានប្រាប់ឲ្យធ្វើស្វ័យចតាឡីស័ក (self-quarantine) នៅតាមផ្ទះ រយៈពេល ១៥ថ្ងៃ នៅមុនពេលនៃការចាប់ផ្ដើមបើកសាលារៀនឡើងវិញ ដើម្បីជាវិធានការបង្ការបន្ថែម ។
នាយកសាលាមួយរូប បានប្រាប់ទីភ្នាក់ងារព័ត៌មាន រ៉យទ័រ ថា នៅពេលដែលសិស្សចូលមកដល់សាលារៀន លោកគ្រូអ្នកគ្រូចែកម៉ាស់មុខឲ្យគ្រប់គ្នា ពីព្រោះសិស្សគ្រប់រូបត្រូវតែពាក់ម៉ាស់មុខជាដាច់ខាត ។ ហើយលើសពីនេះទៀត ក្នុងអំឡុងពេលធ្វើសកម្មភាពសិក្សាជាក់លាក់ខ្លះ សិស្សត្រូវបានផ្ដល់របាំងការពារមុខបន្ថែមទៀត ផងដែរ ។
សិស្សក៏ត្រូវបានគេពិនិត្យកម្ដៅខ្លួន ហើយម៉ាស៊ីនស្កែនមុខបញ្ជូនសារដោយស្វ័យប្រវត្តិទៅកាន់អាណាព្យាបាលសិស្ស ផងដែរ ។
នៅក្នុងថ្នាក់រៀន ប្រអប់ក្រដាសកាតុងដែលធ្លាប់ត្រូវគេប្រើជាហិបឆ្នោតក្នុងពេលបោះឆ្នោត ត្រូវបានប្រើសម្រាប់ជារបាំងរក្សាគម្លាតពីតុមួយទៅតុមួយទៀត ។
ចំពោះវិធានការទាំងនេះ មានប្រតិកម្មចម្រុះគ្នាពីសិស្ស ដោយសិស្សខ្លះថា ខ្លួនមានអារម្មណ៍មានសុវត្ថិភាពដែលមានប្រអប់របាំងមុខការពារ និងរក្សាគម្លាតពីសិស្សម្នាក់ទៅសិស្សម្នាក់ ចំណែកឯសិស្សខ្លះទៀត រអ៊ូរទាំថា ពួកគេពិបាកមើលទៅកាន់គ្រូ ដោយសារតែប្រអប់របាំងទាំងនេះ។
នៅក្នុងប្រទេសថៃ មនុស្ស ៥៨នាក់បានស្លាប់បាត់បង់ជីវិតដោយសារវីរុសកូវីដ១៩ ក្នុងចំណោមករណីឆ្លងសរុប ៣១៧៣ករណី ។
រដ្ឋាភិបាលថៃ នៅសប្ដាហ៍នេះ បានសម្រេចពន្យារការអនុវត្តច្បាប់ដាក់ប្រទេសស្ថិតក្នុងភាពអាសន្ន រហូតដល់ដំណាច់ខែកក្កដានេះ ដោយព្រួយបារម្ភអំពីរលកទីពីរនៃការឆ្លងវីរុសកូវីដ១៩ ប៉ុន្តែ ទន្ទឹមនឹងនេះ ក៏មានការបន្ធូរបន្ថយការរឹតបន្តឹងខ្លះដែរ ដោយអនុញ្ញាតឲ្យមានការបើកបារនិងក្លិបកម្សាន្តឡើងវិញ និងការអនុញ្ញាតឲ្យជនបរទេសខ្លះ អាចធ្វើដំណើរចូលប្រទេសថៃបាន ៕