
មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) នៅថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៥ បានរៀបចំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីត្រួតពិនិត្យ និងវាយតម្លៃការងារ នីតិវិធី លក្ខខណ្ឌតម្រូវ និងកម្មវិធីពាក់ព័ន្ធនានា ក្នុងគោលដៅកំណត់នូវភាពចន្លោះប្រយោង និងស្វែងរកដំណោះស្រាយ ដែលអាចធ្វើឱ្យប្រតិបត្តិការ និងគុណភាពសេវារបស់ SDF កាន់តែមានប្រសិទ្ធភាព និងឆ្លើយតបបានឆាប់រហ័សទៅនឹងតម្រូវការរបស់វិស័យឯកជនក្នុងការអភិវឌ្ឍជំនាញរបស់បុគ្គលិក។

កិច្ចពិភាក្សានេះបានប្រព្រឹត្តទៅរយៈពេលមួយថ្ងៃពេញ ដោយមានការដឹកនាំដោយលោកនាយកប្រតិបត្តិ SDF រួមទាំងថ្នាក់ដឹកនាំគ្រប់ផ្នែក, មន្ត្រីជំនាញ និងជំនាញការរបស់ដៃគូអភិវឌ្ឍន៍ជាច្រើនរូបទៀត។
បន្ទាប់ពីមានការជជែកពិភាក្សាយ៉ាងផុសផុល អង្គប្រជុំ បានសម្រេចនូវលទ្ធផលផ្លែផ្កាសំខាន់ៗជាច្រើនរួមមាន៖
១) បានកាត់បន្ថយ ឬបង្រួមដំណើរការប្រតិបត្តិការ និងលក្ខខណ្ឌតម្រូវនៅពេលរៀបចំសំណើគម្រោងបណ្តុះបណ្តាល
២) កាត់បន្ថយការងារដោយប្រើក្រដាស ងាកមកប្រើប្រាស់ប្រព័ន្ធអនឡាញដែលមានលក្ខណៈស្វ័យប្រវត្តិវិញ ៣) ដាក់ចេញសូចនាករសមិទ្ធកម្មគន្លឹះសម្រាប់ SDF និងទៅតាមផ្នែកជំនាញនីមួយៗ ដើម្បីត្រួតពិនិត្យ និងវាយតម្លៃជាប្រចាំ។

បន្ថែមពីនេះ SDF បានប្តេជ្ញាចិត្ត នឹងខិតខំធ្វើយ៉ាងណាបញ្ចប់ការកែសម្រួលនូវចំណុចខាងលើនេះ ឲ្យបាននៅត្រឹមខែកុម្ភៈ ឆ្នាំ២០២៥ ព្រមទាំងដាក់ឲ្យប្រើប្រាស់ និងផ្សព្វផ្សាយនីតិវិធី, លក្ខខណ្ឌតម្រូវនិងកម្មវិធីដែលបានកែសម្រួលរួចនៅក្នុងខែមីនាខាងមុខ។ ទន្ទឹមនឹងនេះ SDF នឹងបន្ដធ្វើឲ្យប្រសើរឡើងនូវស្ដង់ដារនីយកម្ម និងឌីជីថលូបនីយកម្មឱឲ្យបានចប់សព្វគ្រប់នៅក្នុងឆ្នាំ២០២៥នេះផងដែរ។

ជាមួយកិច្ចខិតខំប្រឹងប្រែងទាំងនេះ SDF ជឿជាក់យ៉ាងមុតមាំថា រោងចក្រ-សហគ្រាស គ្រប់កម្រិត នឹងកាន់តែមានភាពងាយស្រួលក្នុងការទទួលបានការគាំទ្រនពី SDF ដើម្បីអភិវឌ្ឍជំនាញបុគ្គលិករបស់ខ្លួនឱ្យមានសមត្ថភាពគ្រប់គ្រាន់ ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងអាជីវកម្ម ព្រមទាំងរក្សាបាននូវភាពប្រកួតប្រជែងក្នុងពេលបច្ចុប្បន្ន និងអនាគត។

SDF ប្តេជ្ញាចិត្តបន្ដបេសកកម្មរបស់ខ្លួន ក្នុងការជំរុញភាពជាដៃគូពិតប្រាកដរវាងឧស្សាហកម្ម និងគ្រឹះស្ថានបណ្ដុះបណ្ដាលសម្រាប់ការអភិវឌ្ឍជំនាញ ដែលត្រូវនឹងតម្រូវការវិស័យឯកជនប្រកបដោយប្រសិទ្ធភាព និងចីរភាព ដើម្បីចូលរួមសម្រេចឱ្យបាននូវចក្ខុវិស័យឆ្នាំ ២០៥០ របស់រាជរដ្ឋាភិបាលកម្ពុជា៕








