ស្ថានការណ៍នៅតំបន់មជ្ឈិមបូព៌ាកាន់តែមានភាពតានតឹង ដោយសារការបាញ់ស្រោចដាក់គ្នាទៅវិញទៅមកដូចទឹកភ្លៀងរវាងកងទ័ពចម្រុះរបស់សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់ ដែលបញ្ហានេះបានជំរុញឱ្យតម្លៃជញ្ជូននៅតំបន់នោះហក់ឡើងយ៉ាងគំហុក។ ជាក់ស្តែងតម្លៃជួលនាវាដឹកប្រេងយក្សចេញពីតំបន់ជម្លោះទៅកាន់ប្រទេសចិនបានហក់ឡើងខ្ពស់កប់ពពកឈានដល់ជាង៤២ម៉ឺនដុល្លារក្នុងមួយថ្ងៃ។ សម្ពាធនេះ បានកើតឡើងចំពេលជម្លោះរវាងអាមេរិក-អ៊ីស្រាអែលជាមួយអ៊ីរ៉ង់កំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅ។
យោងតាមទីភ្នាក់ងារព័ត៌មាន AP មន្ត្រីជាន់ខ្ពស់ នៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានប្រកាសយ៉ាងដាច់អហង្ការថា ច្រកសមុទ្រហ័រមូស លែងជាផ្លូវសេរីទៀតហើយ ដែលជាហេតុធ្វើឱ្យតម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិហក់ឡើងភ្លាមៗលើសពី៧០ដុល្លារក្នុងមួយបារ៉ែល។ សង្គ្រាមនេះមិនត្រឹមតែបង្កឱ្យកើតមានវិបត្តិប្រេងប៉ុណ្ណោះទេ សូម្បីតែទីផ្សារថាមពល និងឧស្ម័ន ក៏កំពុងរង្គោះរង្គើដែរ។ សារព័ត៌មាន Euro News បានបញ្ជាក់ថា ការវាយប្រហារចំគោលដៅលើរោងចក្រចម្រាញ់ប្រេង និងឧស្ម័ន បានរុញច្រានតម្លៃឧស្ម័នធម្មជាតិនៅអាស៊ីឱ្យកើនឡើង៤០% និងនៅសហភាពអឺរ៉ុបកើនឡើងដល់៤៥% ដែលជាសម្ពាធសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរមិនធ្លាប់មាន។
សូមបញ្ជាក់ថា ច្រកសមុទ្រហ័រមូស គឺជាសរសៃឈាមយុទ្ធសាស្ត្រដ៏សំខាន់ នៃវិស័យថាមពលសកល ដែលតភ្ជាប់ប្រទេសផលិតប្រេងយក្សៗដូចជាអារ៉ាប៊ីសាអូឌីត អ៊ីរ៉ាក់ និងអេមីរ៉ាតអារ៉ាប់រួម។ បច្ចុប្បន្ន ចំណុចស្លាប់រស់ នៃច្រកសមុទ្រ ដែលមានទទឹងត្រឹម៣៣គីឡូម៉ែត្រនៅចន្លោះឆ្នេរអ៊ីរ៉ង់ និងអូម៉ង់កំពុងស្ថិតក្រោមការគ្រប់គ្រងយ៉ាងតឹងរ៉ឹងរបស់អ៊ីរ៉ង់។ អ្នកវិភាគព្រមានថា ប្រសិនបើសង្គ្រាមបិទច្រកនេះនៅតែបន្ត ពិភពលោក នឹងត្រូវត្រៀមខ្លួនទទួលយកមហន្តរាយតម្លៃថាមពល ដែលអាចនឹងអូសសេដ្ឋកិច្ចសកលឱ្យធ្លាក់ក្នុងជ្រោះវិបត្តិយ៉ាងជ្រៅ៕
ដោយៈ សរ សុជាតិ