
លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានគូសបញ្ជាក់ពីតួនាទីយ៉ាងសំខាន់របស់ក្រសួងពាណិជ្ជកម្មក្នុងការលើកកម្ពស់ប្រព័ន្ធម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) នៅកម្ពុជា ដែលជាឧបករណ៍សម្រាប់ជំរុញពាណិជ្ជកម្មឱ្យមាននិរន្តរភាព និងការអភិវឌ្ឍជនបទ។ បើតាមថ្នាក់ដឹកនាំរូបនេះ ការទទួលស្គាល់ជាផ្លូវការនូវប្រហុកសៀមរាបជាផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រទំនិញបានឆ្លុះបញ្ចាំងពីការបន្តខិតខំប្រឹងប្រែងក្នុងការការពារ និងលើកកម្ពស់ទ្រព្យសម្បត្តិវប្បធម៌ដ៏ពិសេសរបស់កម្ពុជាតាមរយៈក្របខណ្ឌកម្មសិទ្ធិបញ្ញាដ៏រឹងមាំ ពោលគឺសមិទ្ធផលដ៏សំខាន់នេះ មិនត្រឹមតែជាការការពារចំណេះដឹងប្រពៃណីប៉ុណ្ណោះទេ ថែមទាំងអាចពង្រឹងបាននូវទីផ្សារ និងភាពប្រកួតប្រជែងនៃផលិតផលក្នុងស្រុក ទាំងក្នុងនិងក្រៅប្រទេស។ លោកជំទាវ ចម និម្មល ប្តេជ្ញាបន្តពង្រឹងប្រព័ន្ធម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ (GI) ឱ្យក្លាយជាឧបករណ៍យុទ្ធសាស្ត្រសម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន និងការបន្ថែមតម្លៃលើពាណិជ្ជកម្ម។
ជាមួយគ្នានេះ ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាបានគូសបញ្ជាក់ថា ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) គឺជាឧបករណ៍ដ៏មានឥទ្ធិពលសម្រាប់ផ្តល់អំណាចដល់ផលិតកករខ្នាតតូចក្នុងការអភិរក្សប្រពៃណី និងលើកកម្ពស់ការគ្រប់គ្រងធនធានប្រកបដោយទំនួលខុសត្រូវ ដែលចូលរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាព។ ឯកឧត្តមបានបន្ថែមថា ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ មានតួនាទីយ៉ាងសំខាន់នៅអឺរ៉ុប ដែលមានការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញជាង៣,៥00មុខ ហើយ EU បានគាំទ្រការអភិវឌ្ឍម៉ាកសម្គាល់ភូមិសាស្ត្រទំនិញកម្ពុជាជាងមួយទសវត្សន៍មកហើយតាមរយៈការបណ្តុះបណ្តាល និងជំនួយបច្ចេកទេស។ កិច្ចខិតខំប្រឹងប្រែងរបស់ EU ផ្តោតទៅលើច្រវាក់តម្លៃជលផលប្រកបដោយនិរន្តរភាព និងស្ដង់ដារគុណភាព ដើម្បីលើកកម្ពស់នវានុវត្តន៍ក្នុងការបង្កើនតម្លៃសេដ្ឋកិច្ច និងវប្បធម៌របស់ផលិតផលក្នុងស្រុក។
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា ប្រហុកសៀមរាប គឺជាតំណាងនៃការផ្សារភ្ជាប់គ្នារវាងប្រពៃណី និងការអភិវឌ្ឍប្រកបដោយចីរភាព ធានាគុណភាពសម្រាប់អ្នកបរិភោគ និងជំរុញភាពប្រកួតប្រជែងក្នុងវិស័យកសិកម្មនៅកម្ពុជា។ បន្ទាប់ពីត្រូវបានចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញថ្មី ប្រហុកសៀមរាប មិនត្រឹមតែអាចរួមចំណែកជួយជំរុញកំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងជួយការពារទំនៀមទម្លាប់ប្រពៃណី និងបរិស្ថានផងដែរ។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ឌិត ទីណា ដោយបានបន្ថែមថា ផ្អែកលើតួនាទីដ៏សំខាន់នៃវិស័យកសិកម្មសម្រាប់សន្តិសុខស្បៀងកម្ពុជា ក្រសួងប្តេជ្ញាពង្រឹងវិស័យនេះ តាមរយៈការកែលម្អខ្សែច្រវាក់តម្លៃ លើកកម្ពស់ការអនុវត្តប្រកបដោយនិរន្តរភាព និងភាពធន់ ដើម្បីជួយបង្កើនឱកាសទីផ្សារសម្រាប់អ្នកផលិត និងផ្តល់ជូនអ្នកបរិភោគនូវផលិតផលដែលគុណភាព និងរសជាតិដើមពិតប្រាកដរបស់ខ្មែរ៕
អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ