
វាជាដំណឹងដ៏គួរឱ្យចាប់អារម្មណ៍ និងគួរឱ្យភ្ញាក់ផ្អើលដែលប្រទេសសិង្ហបុរី និង១៣ ប្រទេសផ្សេងទៀតដូចជាព្រុយណេ ស៊ីលី កូស្តារីកា អ៊ីស្លង់ លីចតេនស្ទីន ម៉ារ៉ុក នូវែលសេឡង់ ន័រវែស ប៉ាណាម៉ា រវ៉ាន់ដា ស្វីស អេមីរ៉ាតអារ៉ាប់រួម និងប្រទេសអ៊ុយរូហ្គាយ បានរួមគ្នាបង្កើតប្លុកសេដ្ឋកិច្ចថ្មីមានឈ្មោះថា ភាពជាដៃគូវិនិយោគ និងពាណិជ្ជកម្មថ្ងៃអនាគត ដើម្បីលើកកម្ពស់ពាណិជ្ជកម្មសេរី និងសម្រួលរំហូរវិនិយោគ។
ប្លុកសេដ្ឋកិច្ចភាពជាដៃគូវិនិយោគ និងពាណិជ្ជកម្មថ្ងៃអនាគតនេះ បានសន្យាពង្រឹងប្រព័ន្ធពាណិជ្ជកម្មដោយផ្អែកលើច្បាប់ជាមូលដ្ឋានគ្រឹះ ដកចេញរបាំងមិនមែនពន្ធ បង្កើនភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់ និងសម្របសម្រួលការវិនិយោគផ្ទាល់ពីបរទេស (FDI) ដើម្បីគាំទ្រកំណើនប្រកបដោយចីរភាព។
គំនិតផ្ដួចផ្ដើមនេះ នឹងបម្រើជាវេទិកាដែលមានភាពបត់បែនបានសម្រាប់កិច្ចសហប្រតិបត្តិការ ជាមួយនឹងផែនការពង្រីកសមាជិកភាពទៅកាន់ប្រទេស ដែលមានចិត្តគំនិតដូចគ្នា។ តាមការគ្រោងទុក រដ្ឋមន្ត្រីនៃប្លុកសេដ្ឋកិច្ច ភាពជាដៃគូវិនិយោគ និងពាណិជ្ជកម្មថ្ងៃអនាគតនឹងអនុម័តគំនិតផ្តួចផ្តើមជាក់ស្តែងនានា នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី FIT ជាលើកដំបូងរបស់ខ្លួននៅប្រទេសសិង្ហបុរី ដែលគ្រោងធ្វើឡើងនៅខែវិច្ឆិកា ឆ្នាំ២០២៥ នេះ។
គំនិតផ្ដួចផ្ដើមនេះ បង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ពាណិជ្ជកម្មសេរី និងត្រឹមត្រូវ និងជំរុញរំហូរវិនិយោគ ហើយបញ្ហាអាទិភាព ដែលត្រូវដោះស្រាយរួមមានការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់, ការដករបាំងមិនមែនពន្ធ, ការសម្រួលការវិនិយោគ និងការធ្វើសមាហរណកម្មបច្ចេកវិទ្យាពាណិជ្ជកម្មដែលកំពុងរីកចម្រើនឆាប់រហ័ស។ ជាការពិតណាស់ គំនិតផ្ដួចផ្ដើមនេះ ពិតជាមិនធម្មតានោះឡើយ បើធៀបនឹងកិច្ចព្រមព្រៀង RCEP និងកិច្ចព្រមព្រៀង CPTPP។
សូមបញ្ជាក់ថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ហៅកាត់ RCEP ត្រូវបានបង្កើតឡើងនៅឆ្នាំ២០២២ មាន១៥ប្រទេសនៅអាស៊ី-ប៉ាស៊ីហ្វិក ជាសមាជិកដូចជាសមាជិកទាំង១០របស់អាស៊ាន បូកចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់ ចំណែកឯកិច្ចព្រមព្រៀងទូលំទូលាយ និងរីកចម្រើនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក ហៅកាត់ CPTPP ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៨ មាន១១ប្រទេសជាសមាជិករួមមានជប៉ុន កាណាដា អូស្ត្រាលី នូវែលសេឡង់ សិង្ហបុរី វៀតណាម ម៉ាឡេស៊ី ព្រុយណេ ម៉ិកស៊ិក ប៉េរូ និងប្រទេស៊ីលី៕
ដោយ: តែម សុខុម