វិស័យពាណិជ្ជកម្ម

ការស្ទង់មតិមួយបង្ហាញថា សិង្ហបុរី និងហុងកុង ស្ថិតក្នុងចំណោមទីផ្សារល្អដាច់គេនៅអាស៊ី សម្រាប់ការ វិនិយោគ និងធ្វើអាជីវកម្ម


របាយការណ៍ស្ទង់មតិថ្មីមួយរបស់ធនាគារអង់គ្លេស HSBC បានបង្ហាញថា បណ្ដាវិនិយោគិនមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ ដែលកំពុងសម្លឹងរកឱកាសចល័តទ្រព្យសម្បត្តិរបស់ពួកគេសម្រាប់ការវិនិយោគ ឬផ្លាស់ប្តូរទីតាំងធ្វើអាជីវកម្មរបស់ពួកគេនៅរយៈពេល១២ខែខាងមុខ ពេញចិត្តប្រទេសសិង្ហបុរី ជាងក្រុងហុងកុង ក្នុងចំណោមគោលដៅទាក់ទាញសំខាន់ៗនៅអាស៊ី។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត បាងកក ប៉ុស្ដិ៍។
វិស័យពាណិជ្ជកម្ម
ដោយ

របាយការណ៍ស្ទង់មតិដែលមានឈ្មោះថា ទ្រព្យសម្បត្តិសហគ្រិនសកលរបស់ធនាគារអង់គ្លេស HSBC ដែលចេញផ្សាយកាលពីថ្ងៃទី២៥ ខែវិច្ឆិកា បានបង្ហាញថា ជិត៧០%នៃវិនិយោគិន ដែលមានទ្រព្យសម្បត្តិស្តុកស្ដម្ភនិយាយថា ពួកគេកំពុងពិចារណាចល័តទ្រព្យសម្បត្តិមួយចំនួន ឬទ្រព្យសម្បត្តិមួយទាំងអស់របស់ពួកគេទៅកាន់ទីតាំងថ្មីនៅរយៈពេល១២ខែខាងមុខ។ ក្នុងនោះប្រទេសស្វីស បានក្លាយជាជម្រើសកំពូលទី១ របស់ពួកគេ ខណៈដែលសិង្ហបុរី ជាប់ចំណាត់ថ្នាក់លេខ៤ ហើយហុងកុង ជាប់ចំណាត់ថ្នាក់លេខ៧។  

ទន្ទឹមនេះ ប្រមាណ៥៥%នៃវិនិយោគិនដែលមានទ្រព្យសម្បត្តិស្តុកស្ដម្ភកំពុងពិចារណាផ្លាស់ប្តូរទីតាំងអាជីវកម្មរបស់ពួកគេទៅកាន់ទីតាំងថ្មី ដោយប្រទេសសិង្ហបុរី ជាគោលដៅដែលពួកគេពេញចិត្តបំផុត ខណៈដែលហុងកុងមិនជាប់ក្នុងកំពូលតារាងទាំង១០នោះទេ។  

ប្រទេសដែនកោះសិង្ហបុរី បានឈរនៅកំពូលតារាងក្នុងចំណោមមជ្ឈមណ្ឌលហិរញ្ញវត្ថុសម្រាប់សហគ្រិនដែលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភក្នុងការវិនិយោគទ្រព្យសម្បត្តិរបស់ពួកគេ និងធ្វើអាជីវកម្មនៅអាស៊ីនៅរយៈពេល១២ខែខាងមុខ។

ធនាគារ HSBC បានស្ទង់មតិម្ចាស់អាជីវកម្មជិត១ពាន់៩រយក្រុមហ៊ុននៅសហរដ្ឋអាម៉េរិក អង់គ្លេស បារាំង ហុងកុង ឥណ្ឌា ចិនដីគោក សិង្ហបុរី ស្វីស តៃវ៉ាន់ អេមីរ៉ាតអារ៉ាប់រួម ជប៉ុន និងអូស្ត្រាលី អំឡុងខែកក្កដា និងខែសីហា។ លទ្ធផលនៃការស្ទង់មតិនេះបានបង្ហាញថា សហគ្រិនទាំងនេះមានទ្រព្យសម្បត្តិ ដែលអាចវិនិយោគបានយ៉ាងតិច២លានដុល្លារអាម៉េរិក ហើយ១ភាគ៣នៃសហគ្រិនទាំងនេះមានទ្រព្យសម្បត្តិដែលអាចវិនិយោគបានចាប់ពី១០លានដុល្លារអាម៉េរិកឡើងទៅ។

លោក វីលសុន ចាន់់ ហ្វុងឈឹង (Wilson Chan Fung-Cheung) នាយករងនៃកម្មវិធីសិក្សាថ្នាក់អនុបណ្ឌិតគ្រប់គ្រងធុរកិច្ចនៃសកលវិទ្យាល័យ ស៊ីធី (City University) នៅក្រុងហុងកុង បានលើកឡើងថា ការស្ទង់មតិបានបង្ហាញថា ហុងកុង និងសិង្ហបុរី នៅតែជាទីផ្សារទាក់ទាញបំផុតនៅអាស៊ី សម្រាប់បុគ្គលដែលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


រដ្ឋមន្ត្រីការពារជាតិចិន ត្រូវបានដាក់នៅក្រោមការស៊ើបអង្កេត ពាក់ព័ន្ធនឹងអំពើពុករលួយ

រដ្ឋមន្ត្រីការពារជាតិចិន លោក តុង ជុន (Dong Jun) ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការស៊ើបអង្កេត ដែលជាផ្នែកមួយនៃការប្រឆាំងនឹងអំពើពុករលួយដ៏ធំទូ…

តើមានកត្តាអ្វីជំរុញឱ្យធនាគារ JPMorgan ថា បណ្ដាទីផ្សារកំពុងរីកចម្រើនឆាប់រហ័សនឹងជួបបញ្ហាប្រឈមធំៗនៅឆ្នាំ២០២៥?

ធនាគារខ្នាតយក្ស JPMorgan បានលើកឡើងក្នុងរបាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចប្រចាំឆ្នាំរបស់ខ្លួនកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ថា បណ្ដាទីផ្សារកំពុងរីកច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ