ក្រុមហ៊ុន ស្កាយត្រេក (Skytrax) បានស្ទង់មតិអ្នកដំណើរតាមព្រលានយន្តហោះជាច្រើននៅក្នុងពិភពលោកដោយចាប់ធ្វើពីខែសីហា ឆ្នាំ២០២៣ ដល់ខែមីនា ឆ្នាំ២០២៤ ដើម្បីផ្ដល់ពានរង្វាន់ជាអាកាសយានដ្ឋានល្អបំផុតនៅក្នុងពិភពលោកសម្រាប់ឆ្នាំ២០២៤។ ការស្ទង់មតិនេះតម្រូវឱ្យអ្នកដំណើរវាយតម្លៃពីសេវាកម្មអាកាសយានដ្ឋានអន្តរជាតិនីមួយៗលើចំណុចសំខាន់ៗមួយចំនួនដូចជាបទពិសោធន៍នៃការត្រួតពិនិត្យអីវ៉ាន់ និងការផ្ទេរជើងហោះហើរ ការពិនិត្យឯកសារអន្តោប្រវេសន៍ ការដើរទិញអីវ៉ាន់ និងការចេញដំណើរជាដើម។
ក្រុមហ៊ុន ស្កាយត្រេក បានចេញផ្សាយលទ្ធផលនៃការស្ទង់មតិនេះ កាលពីពេលថ្មីៗថា អាកាសយានដ្ឋានអន្តរជាតិ ហាម៉ាត់ នៅទីក្រុងដូហារបស់ប្រទេសកាតា បានទម្លាក់ព្រលានយន្តហោះឆាងអ៊ីរបស់សិង្ហបុរី ដើម្បីក្លាយជាព្រលានយន្តហោះដ៏ល្អបំផុតនៅក្នុងពិភពលោកសម្រាប់ឆ្នាំ២០២៤ នេះ។ នេះគឺជាលើកទីបីហើយដែលអាកាសយានដ្ឋានអន្តរជាតិ ហាម៉ាត់ បានជាប់ឈ្មោះជាអាកាសយានដ្ឋានល្អបំផុតរបស់ពិភពលោក បន្ទាប់ពីអាកាសយានដ្ឋាននេះបានឈ្នះជើងឯកពីរលើកជាប់ៗគ្នាក្នុងឆ្នាំ២០២១ និងឆ្នាំ២០២២។
ជាមួយនឹងការរចនាបែបទំនើបដ៏អស្ចារ្យ អាកាសយានដ្ឋានអន្តរជាតិហាម៉ាត់ មានលក្ខណៈពិសេសមួយចំនួនដូចជាមានសណ្ឋាគារដ៏ប្រណិតដោយមានបន្ទប់ស្នាក់នៅជាង១០០បន្ទប់ និងមានសួនច្បារត្រូពិច និងផ្សារទំនើបផងដែរ។
អាកាសយានដ្ឋានអន្តរជាតិឆាងអ៊ី ដែលមានភាពល្បីល្បាញចំពោះទឹកធ្លាក់ខ្ពស់ជាងគេនៅក្នុងពិភពលោកនៅក្នុងព្រលានយន្តហោះនេះធ្លាប់បានជាប់ឈ្មោះជាព្រលានយន្តហោះល្អបំផុតរបស់ពិភពលោកចំនួន១២លើក ចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០២០ និងជាប់ម្តងទៀតនៅឆ្នាំ២០២៣។
លទ្ធផលនៃការស្ទង់មតិនេះ ក៏បានបង្ហាញដែរថា សម្រាប់ឆ្នាំ២០២៤នេះ អាកាសយានដ្ឋានអន្តរជាតិអ៊ីនឈាន់របស់កូរ៉េខាងត្បូង បានឡើងចំណាត់ថ្នាក់លេខ៣ ខណៈលេខ៤ បានទៅលើអាកាសយានដ្ឋានហាណេដា របស់ជប៉ុន និងលេខ៥ បានទៅលើអាកាសយានដ្ឋានអន្តរជាតិ ណារីតា របស់ជប៉ុនផងដែរ។ ចំណែកអាកាសយានដ្ឋានណូយបៃ (Noi Bai) និងដាណាងរបស់ប្រទេសវៀតណាម បានស្ថិតនៅក្នុងលំដាប់អាកាសយានដ្ឋានកំពូលទាំង១០០នៅក្នុងពិភពលោក៕
អត្ថបទ៖ សុខ មង្គល