ឧស្សាហកម្មបន្ទះសូឡា

តើឧស្សាហកម្មបន្ទះសូឡានៅកម្ពុជា ឈានទៅដល់មាត់ជ្រោះ ឬយ៉ាងណា ក្រោយការនាំចេញធ្លាក់ចុះជាង៩៩%?


ឧស្សាហកម្មផលិតបន្ទះសូឡាមានការរីកចម្រើនគួរឱ្យកត់សម្គាល់នៅតាមបណ្ដាប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន រួមទាំងកម្ពុជា ផងដែរ បន្ទាប់ពីមានតម្រូវការខ្ពស់ពីសហរដ្ឋអាម៉េរិក និងសហគមន៍អឺរ៉ុប នៅប៉ុន្មានឆ្នាំមុន។ ប៉ុន្តែនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ការនាំចេញផលិតផលបន្ទះសូឡារបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ បានធ្លាក់ចុះយ៉ាងគំហុក បន្ទាប់ពីសហរដ្ឋអាម៉េរិក បានដំឡើងពន្ធនាំចូលផលិតផលបន្ទះសូឡាពីកម្ពុជា។
ឧស្សាហកម្មបន្ទះសូឡា
ដោយ

តួយ៉ាងនៅក្នុងរយៈពេល៥ខែកន្លងមកនេះ ការនាំចេញផលិតផលបន្ទះសូឡារបស់កម្ពុជា បានធ្លាក់ចុះហៅលែងលឺរហូតដល់ជាង៩៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។​

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា ការនាំចេញផលិតផលបន្ទះសូឡារបស់កម្ពុជា ទៅកាន់ទីផ្សារពិភពលោកមានការធ្លាក់ចុះនៅប៉ុន្មានឆ្នាំចុងក្រោយ គឺដោយសារការធ្លាក់ចុះការនាំចេញទៅកាន់ទីផ្សារអាម៉េរិក ហើយការធ្លាក់ចុះនេះ បានកើតឡើងតាំងពីមុនរដ្ឋបាលលោក ដូណាល់ ត្រាំ បានប្រកាសដាក់ពន្ធជាង៣,៥០០% មកម្ល៉េះ។ សម្រាប់អ្នកជំនាញរូបនេះ ផលិតផលបន្ទះសូឡា មិនមែនជាផលិតផលនាំចេញចម្បងរបស់កម្ពុជា នោះទេ ដូច្នេះការធ្លាក់ចុះការនាំចេញនេះ ក៏មិនបានធ្វើឱ្យប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចកម្ពុជា នោះដែរ។ តែយ៉ាងណា ដើម្បីបញ្ចៀសនូវទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិក លើការនាំចេញផលិតផលបន្ទះសូឡានេះ លោកបណ្ឌិត គិន ភា ជំរុញឱ្យក្រសួងពាក់ព័ន្ធពិនិត្យមើលឱ្យបានដិតដល់លើបញ្ហានេះ ដើម្បីស្វែងរកដំណោះស្រាយជាមួយសហរដ្ឋអាម៉េរិក។ ម្យ៉ាងទៀត កម្ពុជា ក៏ត្រូវធ្វើពិពិធកម្មលើការនាំចេញទៅកាន់ទីផ្សារផ្សេងៗទៀតឱ្យបានច្រើន ចៀសវាងការពឹងផ្អែកទៅលើទីផ្សារតែមួយផងដែរ។

​ពាក់ព័ន្ធបញ្ហានេះដែរ ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអះអាងថា អត្រាពន្ធជាង៣,៥០០% ដែលអាម៉េរិក ដាក់លើផលិតផលបន្ទះសូឡាកម្ពុជា​ មិនមែនក្តោបលើផលិតផលបន្ទះសូឡាកម្ពុជា ទាំងមូលនោះទេ ពោលគឺអត្រាពន្ធនេះត្រូវបានអាម៉េរិក ដាក់លើក្រុមហ៊ុនមួយ ដែលមានកំហុសជុំវិញបញ្ហាពន្ធគយជាមួយអាម៉េរិក តែប៉ុណ្ណោះ។ តែយ៉ាងណាជុំវិញបញ្ហានេះ ក្រសួងពាណិជ្ជកម្មកម្ពុជា កំពុងខិតខំប្រឹងប្រែងចរចាដោះស្រាយបញ្ហានេះជាមួយភាគីអាម៉េរិក ដើម្បីឱ្យអត្រាពន្ធដ៏ខ្ពស់នេះធ្លាក់ចុះមកវិញ និងដើម្បីកុំឱ្យបញ្ហានេះរាលដាលទៅដល់ក្រុមហ៊ុនផលិតបន្ទះសូឡានៅកម្ពុជា ដទៃទៀត។

​ជាមួយគ្នានេះ លោកបណ្ឌិត មាស នី អ្នកតាមដានការអភិវឌ្ឍសង្គមយល់ឃើញថា ឧស្សាហកម្មផលិតបន្ទះសូឡានៅកម្ពុជា បច្ចុប្បន្នកំពុងប្រឈមមុខនឹងបញ្ហាធំៗមួយចំនួនទាំងក្នុង និងខាងក្រៅប្រទេស ក្នុងនោះបញ្ហាខាងក្រៅ គឺដោយសារវត្ថុធាតុដើមសម្រាប់ផលិតបន្ទះសូឡានៅកម្ពុជា ត្រូវបាននាំចូលពីប្រទេសចិន ដែលជំរុញឱ្យសហរដ្ឋអាម៉េរិក ដាក់គំនាបពន្ធលើការនាំចូលបន្ទះសូឡាពីកម្ពុជា និងបានធ្វើឱ្យកម្ពុជា មានការប្រកួតប្រជែងខ្ពស់លើការនាំចេញរបស់ខ្លួន។ ដោយឡែកចំពោះបញ្ហាខាងក្នុង គឺការប្រើប្រាស់ថាមពលសូឡានៅកម្ពុជា បច្ចុប្បន្ននៅមានភាពយឺតយ៉ាវនៅឡើយ បើធៀបនឹងការប្រើប្រាស់ថាមពលអគ្គិសនី បើទោះបីជាស្ថាប័នពាក់ព័ន្ធពីបរទេសមួយចំនួនបានចូលរួមជំរុញ និងពង្រីកការប្រើប្រាស់សូឡានៅកម្ពុជា ឱ្យមានភាពទូលំទូលាយយ៉ាងណាក្តី។

​បើតាមការបញ្ជាក់របស់ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីពេលកន្លងទៅបានឱ្យដឹងថា ក្រោយការនាំចេញបន្ទះសូឡាកម្ពុជា មានការធ្លាក់ចុះយ៉ាងគំហុកនេះ កម្ពុជានឹងធ្វើពិពិធកម្មទីផ្សារផលិតផលបន្ទះសូឡាទៅកាន់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសអភិវឌ្ឍន៍ផ្សេងទៀតនៅតំបន់អាហ្រ្វិក និងបណ្ដាប្រទេសផ្សេងទៀតក្នុងសហគមន៍អឺរ៉ុប ខណៈកន្លងទៅការនាំចេញបន្ទះសូឡាបានពឹងផ្អែកខ្លាំងលើសហរដ្ឋអាម៉េរិក រហូតដល់៩០%នៃការនាំចេញឯណោះ។

បើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ការនាំចេញផលិតផលបន្ទះសូឡារបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ សម្រេចបានទឹកប្រាក់ជាង៣,៨លានដុល្លារប៉ុណ្ណោះនៅរយៈពេល៥ខែឆ្នាំ២០២៥ បានធ្លាក់ចុះប្រមាណ៩៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលសម្រចបានទឹកប្រាក់ជាង ៤១២លានដុល្លារ។ ក្នុងនោះការនាំចេញបន្ទះសូឡារបស់កម្ពុជា ទៅកាន់សហរដ្ឋអាម៉េរិក បានធ្លាក់ចុះប្រមាណ៩៩,៧៣% ដោយគិតជាទឹកប្រាក់ស្មើនឹងប្រមាណជាង២៥៦លានដុល្លារ៕




អត្ថបទបន្ទាប់


JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ

ថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ២០២៥ ក្នុងឱកាសអបអរការ ចូលបញ្ជីទីផ្សារមូលបត្រនៅហុងកុងរបស់Jetour Auto ក្រុមហ៊ុនរថយន្តប្រណីតនេះ បានផ្តល់ជូនតម្លៃពិស…

មន្ត្រីជាន់ខ្ពស់ថៃ ម្នាក់អះអាងថា ប្រធានាធិបតីចិន ធ្លាប់ប្រាប់ឱ្យលោកស្រី ផែថងថាន បោះបង់ច្បាប់បង្កើតកាស៊ីណូបើមិនចង់មានបញ្ហា

នៅទីបំផុតសេចក្ដីព្រាងច្បាប់ ស្ដីពីកាស៊ីណូ ត្រូវបានដកចេញពីរបៀបវារៈនៃកិច្ចប្រជុំសភារបស់ថៃ ហើយអតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ លោក អានូទីន ឆា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ