
គ្រួសារអ្នកមាននៅកោះហុងកុង មួយចំនួន កំពុងសិក្សាអំពីភាពមិនអាចទាយទុកជាមុនបាននៃការធ្លាក់ចុះទីផ្សារ និងប្រាក់ចំណូលរបស់ពួកគេ ដោយអ្នកខ្លះត្រូវលក់ផ្ទះ ដែលពួកគេកំពុងរស់នៅ ដើម្បីកាត់បន្ថយបំណុល។ ជាក់ស្តែងផ្ទះវីឡានៅជាប់មាត់សមុទ្រមួយកន្លែងរបស់អ្នកជំនួញដ៏មានទ្រព្យធនម្នាក់ គឺលោក ចាន់ ពីង ជេ (Chan Ping Che) ត្រូវបានដាក់លក់ក្នុងតម្លៃប្រមាណ៥៥លានដុល្លារ។ ក្រៅពីសេដ្ឋីរូបនេះ នាយកប្រតិបត្តិរបស់ក្រុមហ៊ុនវិនិយោគ Gale Well Group លោក ចាស៊ីនតូ តុង ( Jacinto Tong ) ក៏បានប្រកាសលក់ផ្ទះល្វែងរបស់ខ្លួនក្នុងតម្លៃជិត១៨លានដុល្លារផងដែរ។
បើតាមការចុះផ្សាយរបស់សារព័ត៌មាន The Edge លោក ចាន់ ពីង ជេ ដែលជាម្ចាស់គម្រោងអចលនទ្រព្យដ៏ធំមួយនៅកោះហុងកុង King of Cassettes បានជួបបញ្ហាក្នុងការទូទាត់សងបំណុលប្រមាណ៤៥លានដុល្លារ ដល់ធនាគារ Fubon Bank Hong Kong នៅដើមឆ្នាំ២០២៥។ ដូច្នេះដើម្បីដោះស្រាយបញ្ហានេះ លោកបានសម្រេចចិត្តលក់ផ្ទះវីឡា ដែលលោក និងក្រុមគ្រួសារបានរស់នៅតាំងពីឆ្នាំ១៩៨០ ដើម្បីទូទាត់បំណុលទាំងនោះ។ លោក ចាន់ បានព្យាយាមលក់លំនៅឋាននេះតាំងពីចុងឆ្នាំ២០២៣ តែមិនទាន់អាចស្វែងរកអ្នកទិញបាននៅឡើយទេ។
មកទល់ពេលនេះ ស្ថានភាពទីផ្សាអចលនទ្រព្យនៅហុងកុង កំពុងជួបបញ្ហាច្របូកច្របល់ ដោយសារការធ្លាក់ចុះសេដ្ឋកិច្ចនៅកោះនេះ និងការធ្លាក់ចុះកម្រិតជីវភាពរបស់ពលរដ្ឋ។ ស្ថិតក្នុងស្ថានភាពបែបនេះ លោក គ្រីស្តូភ័រ សូ (Christopher So) អ្នកជំនាញនៅក្រុមហ៊ុនអចលនទ្រព្យមួយនៅទីក្រុងហុងកុង បានលើកឡើងថា ការធ្លាក់តម្រូវការជួល និងការទិញអចលនទ្រព្យ ចង់ ឬមិនចង់វានឹងធ្វើឱ្យប៉ះពាល់ដល់លំហូរសាច់ប្រាក់សម្រាប់សេវាបំណុល និងអាចនាំទៅរកការកើនឡើងនៃអត្រាការប្រាក់។
ស្ថិតិពីរដ្ឋាភិបាលហុងកុង បានបង្ហាញថា តម្លៃអចលនទ្រព្យ ជាពិសេសលំនៅឋានបានធ្លាក់ចុះរហូតដល់ទៅ២៩% បើធៀបនឹងឆ្នាំ២០២១ ស្របពេលដែលតម្លៃជួលអគារការិយាល័យមានការធ្លាក់ចុះពី៨ទៅ ១០%៕
ដោយៈ សរ សុជាតិ