ក្រុមហ៊ុន Applied Materials មានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា ដែលជាក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបរិក្ខារផលិតឈានមុខគេអាមេរិកនោះ ថ្មីៗនេះបានបន្ទាបចក្ខុវិស័យប្រាក់ចំណូលរបស់ខ្លួនចាប់ពីខែសីហាដល់ខែតុលា ខណៈដែលអ្នកផ្គត់ផ្គង់គ្រឿងបរិក្ខារអាមេរិកផ្សេងទៀត គឺក្រុមហ៊ុន Lam Research និងក្រុមហ៊ុន KLA បានផ្អាកការផ្គត់ផ្គង់គ្រឿងបរិក្ខាររបស់ខ្លួនជាបណ្តោះអាសន្ន សម្រាប់ក្រុមហ៊ុនផលិតបន្ទះឈីបរបស់ចិនមួយចំនួន។
ក្រុមហ៊ុន Applied Materials បានកែប្រែការព្យាករប្រាក់ចំណូលរបស់ខ្លួននៅចន្លោះខែសីហាដល់ខែតុលាពីប្រហែលជាង៦ពាន់៦រយលានដុល្លារ មកនៅប្រហែល ៦ពាន់៤លានដុល្លារវិញ។ ខណៈដែលការបន្ធូរបន្ថយការរំខាននៃខ្សែចង្វាក់ផ្គត់ផ្គង់ត្រូវគេមើលឃើញថា កំពុងតែជំរុញកាន់តែខ្លាំងឡើងនោះ បទបញ្ជាតឹងរ៉ឹងរបស់អាមេរិកទៅលើក្រុមហ៊ុនផលិតបន្ទះឈីបរបស់ប្រទេសចិនក៏ត្រូវគេរំពឹងថា នឹងជំរុញឱ្យការលក់ធ្លាក់ចុះចន្លោះពី ២៥០ លានដុល្លារទៅ ៥៥០ លានដុល្លារផងដែរ។
ការលក់បន្ទះឈីបរបស់ក្រុមហ៊ុន Applied Materials ទៅឱ្យប្រទេសចិនសម្រាប់ត្រីមាសខែឧសភាដល់ខែកក្កដាមានចំនួនជិត២ ពាន់លានដុល្លារដែលជាចំនួនច្រើនបំផុតនៅក្នុងតំបន់ ឬក៏ស្មើនឹង ២៧% នៃចំនួនលក់សរុប។
សូមរំឭកថា ច្បាប់ថ្មីដែលចេញដោយក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកកាលពីថ្ងៃទី០៧ ខែតុលានោះ តម្រូវឱ្យមានការអនុម័តជាមុនពីអាជ្ញាធរអាមេរិក សម្រាប់បរិក្ខារដែលយកទៅប្រើនៅក្នុងការផលិតគ្រឿងអេឡិចត្រូនិកបន្ទះឈីបទំនើបៗដែលត្រូវនាំចេញទៅកាន់ប្រទេសចិន ពោលគឺ បើគ្មានការអនុញ្ញាតពីអាជ្ញាធរ មិនអាចនាំចេញបានឡើយ។
ទន្ទឹមនឹងនេះដែរប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិកបានរាយការណ៍ថា ក្រុមហ៊ុន Lam Research ក្រុមហ៊ុន KLA និងក្រុមហ៊ុនផ្សេងទៀតបានផ្អាកជាបណ្តោះអាសន្ននូវការផ្គត់ផ្គង់គ្រឿងបរិក្ខារសម្រាប់ផលិតបន្ទះឈីបដល់ក្រុមហ៊ុនយ៉ាងសេ មេម៉ូរី ធិកណូឡូជីស៍ (Yangtze Memory Technologies) ជាក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំរបស់ចិន ហើយបានចាប់ផ្តើមដកបុគ្គលិករបស់ពួកគេ ដែលឈរជើងនៅក្រុមហ៊ុនចិនមួយនេះត្រឡប់មកវិញផងដែរ។
ក្រុមហ៊ុន Yangtze Memory គឺជាក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំដែលប្រើក្នុងទូរស័ព្ទស្មាតហ្វូន និងឧបករណ៍ផ្សេងទៀតរបស់ប្រទេសចិន ហើយសហរដ្ឋអាមេរិកក៏កំពុងត្រួតពិនិត្យលើក្រុមហ៊ុននេះផងដែរ ដោយសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងយោធាចិន ខណៈដែលវិធានការបង្ក្រាបលើការនាំចេញបច្ចេកវិទ្យាសម្រាប់ផលិតបន្ទះឈីបទៅចិន ដោយរដ្ឋាភិបាលក្រុងវ៉ាស៊ិនតោននេះ គឺមានគោលដៅ បង្អាក់នូវការរីកលូតលាស់ដ៏ខ្លាំងក្លានៃវិស័យបច្ចេកវិទ្យារបស់ចិន ពិសេស គឺមិនចង់ឲ្យបច្ចេកវិទ្យាជឿនលឿននានា អាចធ្លាក់ដល់ដៃយោធាចិន ដ្បិតអាមេរិកថា វាជាការគំរាមកំហែងដល់សន្ដិសុខរបស់ខ្លួន៕
9-នៅអំឡុងសមាជបក្សកុម្មុយនិស្តចិនលើកទី២០ បុរសខ្លាំងរដ្ឋចិនស៊ី ជីនពីង លើកឡើងអ្វីខ្លះអំពីស្ថានភាពសេដ្ឋកិច្ចចិន?
អត្ថបទ៖ សុខ ជា