វិស័យការបរទេស

ការដាក់ពង្រាយទូកុងតឺន័រលើទឹកដីខ្មែរ ស្របពេលការបោះឆ្នោតជិតមកដល់ តើថៃមានចេតនាអ្វី?


ស្ថានភាពនៅតាមព្រំដែនកម្ពុជា និងថៃ បានឡើងកម្តៅជាថ្មី បន្ទាប់ពីយោធាថៃ បានរំលោភលើស្មារតីបទឈប់បាញ់ និងធម្មនុញ្ញអន្តរជាតិ ដោយបានដាក់ពង្រាយកងទ័ព និងទូកុងតឺន័រចូលដីកម្ពុជា។ ក្រុមអ្នកជំនាញ និងអ្នកតាមដានស្ថានការណ៍សង្គម បានវាយតម្លៃថា សកម្មភាពដ៏កម្រោលនេះកើតឡើងចំពេលដែលថៃ ជិតដល់ថ្ងៃបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ដែលអាចជាសន្លឹកបៀរចុងក្រោយរបស់អ្នកនយោបាយថៃ ក្នុងការយកកម្ពុជា ធ្វើជានុយដើម្បីទាក់ទាញប្រជាប្រិយភាពពីមហាជន។ តើកម្ពុជា គួរប្រកាន់គោលជំហរបែបណា និងគួរឆ្លើយតបយ៉ាងណាចំពោះសកម្មភាពដ៏គឃ្លើនរបស់យោធាថៃ?
វិស័យការបរទេស
ដោយ

លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច បានលើកឡើងថា គណបក្សភូមិចៃថៃ ដែលដឹកនាំដោយលោក អានុទីន ឆានវីរៈគុល កំពុងប្រើប្រាស់យុទ្ធសាស្ត្របង្កជម្លោះជាមួយកម្ពុជា ធ្វើជាសន្លឹកបៀរចុងក្រោយរបស់ខ្លួន ដើម្បីបង្កើនឥទ្ធិពលនយោបាយរបស់ខ្លួននៅមុនថ្ងៃបោះឆ្នោតចូលមកដល់។ ស្ថិតក្នុងស្ថានភាពនេះ អ្នកជំនាញរូបនេះយល់ថា កម្ពុជា ត្រូវតែប្រកាន់ភ្ជាប់នូវផ្លូវច្បាប់ដោយដាក់ពាក្យតវ៉ា និងប្តឹងទៅស្ថាប័នអន្តរជាតិ ក៏ដូចជាកៀរគរមហាអំណាចឱ្យចូលរួមត្រួតពិនិត្យទង្វើឈ្លានពានរបស់ថៃ ដើម្បីចៀសវាងការប្រើប្រាស់កម្លាំងទ័ព ដែលនាំឱ្យមានការបង្ហូរឈាម។

​ជាមួយគ្នានេះ លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានចាត់ទុកសកម្មភាពរបស់យោធាថៃ ដែលបានពង្រាយ និងដាក់ទូកុងតឺន័រលើទឹកដីកម្ពុជាថា ជាទង្វើឈ្លានពានទាំងកម្រោល និងបានបង្ហាញពីចេតនាចង់កេងចំណេញការគាំទ្រពីពលរដ្ឋខ្លួនមុនថ្ងៃបោះឆ្នោតជាតិថៃ ខាងមុខ និងបន្តមហិច្ចតាប្លន់ទឹកដីកម្ពុជា។ អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា កម្ពុជា ចាំបាច់ត្រូវតែប្រកាសមិនទទួលស្គាល់ណាមួយរបស់ថៃ ដែលកែប្រែខ្សែរបន្ទាត់ព្រំដែនតាមរយៈកម្លាំងទ័ពយ៉ាងដាច់អហង្ការដោយត្រូវតែប្រកាសទទួលស្គាល់លើផែនទី ដែលទទួលស្គាល់ដោយអន្តរជាតិ និងត្រូវចៀសវាងឱ្យបានការប្រើកម្លាំងទ័ពតាមដែលអាចធ្វើទៅបាន។

​ស្រដៀងគ្នានេះ លោក រស់ សុដ្ឋា ប្រធានអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា បានលើកឡើងថា ភាគីថៃ ដើម្បីតែបំពេញតាមចិត្តពលរដ្ឋរបស់ខ្លួនបានយកកម្ពុជា ធ្វើជាល្បែងនយោបាយ និងបំផ្លិចបំផ្លាញតាមអំពើចិត្ត ដែលកំពុងបំផ្លាញអត្តសញ្ញាណជាតិខ្មែរ។ អ្នកជំនាញរូបនេះអះអាងថា ដល់ពេលហើយដែលកម្ពុជា ចាំបាច់ត្រូវតែចងសម្ពន្ធមិត្តជាមួយប្រទេសមហាអំណាចដូចជា សហរដ្ឋអាម៉េរិកជាដើម ដើម្បីបង្កើនឥទ្ធិពលខ្លួនឱ្យកាន់តែខ្លាំងទាំងផ្នែកសេដ្ឋកិច្ច និងសព្វាវុធ។

​គួរបញ្ជាក់ថា ក្រសួងការបរទេសកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ជំទាស់យ៉ាងដាច់អហង្ការ ដោយចាត់ទុកការដាក់ទូកុងតឺន័រក្នុងទឹកដីខ្មែរថា ជាអំពើខុសច្បាប់ ដែលបំពានលើកិច្ចព្រមព្រៀងកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ។ ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់វិធានការការទូតយ៉ាងសកម្ម ដោយបានផ្ញើលិខិតទៅកាន់ប្រទេសបារាំង ដើម្បីស្នើសុំឯកសារប្រវត្តិសាស្ត្រ និងបច្ចេកទេសព្រំដែនក្នុងគោលដៅបញ្ចប់វិវាទនេះដោយសន្តិវិធី យុត្តិធម៌ និងតម្លាភាព៕

អត្ថបទ​៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


ប្រធានសហព័ន្ធដំឡូងមីជំរុញឱ្យអ្នកពាក់ព័ន្ធផ្តោតលើការពង្រឹងគុណភាពដំឡូងមី បើមិនចង់រងការកាត់ភាគរយពេលនាំចេញទៅវៀតណាម

ប្រធានសហព័ន្ធដំឡូងមីកម្ពុជាបានផ្ញើសារដាស់តឿន និងជំរុញឱ្យកសិករខ្មែររួមគ្នាបង្កើនគុណភាពផលិតកម្មដំឡូងមី ដើម្បីជៀសវាងការកាត់ភាគរយពីសំណាក់អ្…

កម្ពុជា កើបចំណូលបានជាង២៩លានដុល្លារពីការលក់ផ្លាកលេខពិសេស និងពិសេសផ្ទាល់ខ្លួន

កម្ពុជា រកចំណូលបានជាង២៩លានដុល្លារពីលក់ផ្លាកលេខពិសេស និងពិសេសផ្ទាល់ខ្លួនដល់យានយន្តជាង៥ម៉ឺន៦ពាន់គ្រឿងនៅពេញមួយឆ្នាំ២០២៥ មានកើនឡើងគួរឱ្យក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ