លោក សេង សុភ័ក្រ អនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានសាទរចំពោះការសម្រេចបន្តពន្យារពេលអនុវត្តពន្ធលើចំណេញមូលធនផ្នែកអចលនទ្រព្យរយៈពេល១ឆ្នាំទៀត របស់រាជរដ្ឋាភិបាល ស្របពេលវិស័យអចលនទ្រព្យបច្ចុប្បន្ននៅតែបន្តជួបការលំបាកក្នុងការងើបឡើងវិញ ដែលបានអូសបន្លាយតាំងពីអំឡុងពេលវិបត្តិកូវីដ-១៩ មក។
ដូច្នេះតាមរយៈការពន្យាពេលយកពន្ធលើប្រាក់ចំណេញមូលធននេះ វាសមស្របសម្រាប់ជួយសម្រាលបន្ទុករបស់អ្នករកស៊ីក្នុងវិស័យនេះ។ សម្រាប់អ្នកជំនាញរូបនេះ ការរីកចម្រើនរបស់វិស័យអចលនទ្រព្យកម្ពុជា ទំនងជាត្រូវការពេលវេលា និងការចូលរួមគាំទ្រពីវិស័យផ្សេងៗបន្ថែមទៀត ទើបអាចវិលទៅរកភាពល្អប្រសើរឡើងវិញបាន។
តែយ៉ាងណា លោកជឿជាក់ថា វិស័យអចនលទ្រព្យកម្ពុជា នៅឆ្នាំ២០២៦ នឹងមានភាពល្អប្រសើរជាងឆ្នាំ២០២៥ កន្លងទៅ តាមរយៈកំណើនវិនិយោគពីបរទេស និងការកើនឡើងនៃឧស្សាហកម្មក្នុងស្រុក។
បើយោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចពន្យារពេលអនុវត្តពន្ធលើចំណេញមូលធនផ្នែកអចលនទ្រព្យរយៈពេល១ឆ្នាំទៀត ពោលគឺពន្ធលើចំណេញមូលធនដែលសម្រេចបានពីការលក់ ឬផ្ទេរអចលនទ្រព្យ ត្រូវចាប់អនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៧ តទៅ។
ដោយឡែក ពន្ធលើចំណេញមូលធនដែលសម្រេចបានពីការលក់ឬផ្ទេរ ភតិសន្យា ទ្រព្យវិនិយោគ កេរ្តិ៍ឈ្មោះអាជីវកម្ម កម្មសិទ្ធិបញ្ញា និងរូបិយបណ្ណបរទេស ត្រូវអនុវត្តចាប់ពីថ្ងៃទី១ខែមករា ឆ្នាំ២០២៦ នេះតទៅ៕