
ជាក់ស្តែងកាលពីពេលថ្មីៗមានករណីមន្រ្តីប៉ូលិសចរាចរណ៍ឃាត់រថយន្តរបស់ជនជាតិ ឥណ្ឌូនេស៊ី សួរនាំរកឯកសាររថយន្ត និងទាមទាររកឯកសារផ្សេងៗ និងទារប្រាក់ចំនួន៣០០ដុលា្លរ ដែលវាហាក់ផ្ទុយពីច្បាប់ និងធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់កេរ្តិ៍ឈ្មោះប្រទេសជាតិ។
លោកបណ្ឌិត មាស នី អ្នកតាមដានការអភិវឌ្ឍសង្គមយល់ឃើញថា ការបើកបររថយន្តឆ្លងដែន គឺតម្រូវឱ្យមានឯកសារគ្រប់គ្រាន់ ដូចជាលិខិតកាន់កាប់រថយន្ត បណ្ណបើកបរជាដើម ដែលត្រូវបំពេញបែបបទឯកសារពាក់ព័ន្ធនៅព្រំដែនជាមុនសិនមុននឹងអាចបន្តដំណើរឆ្លងកាត់បាន។ តែយ៉ាងណាប្រសិនបើរថយន្តធ្វើដំណើរឆ្លងកាត់ព្រំដែនមានឯកសារគ្រប់គ្រាន់ហើយ នោះប៉ូលិសចរាចរណ៍ផ្លូវគោកត្រូវទទួលយកលក្ខខណ្ឌនោះ ហើយប្រសិនមានដល់ការទាមទារប្រាក់បន្ថែមទៀតនោះអាចប្រឈមនឹងខុសច្បាប់។
ជាមួយគ្នានេះ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា កត់សម្គាល់ឃើញថា ពាក់ព័ន្ធនឹងការចុះអនុវត្តត្រួតពិនិត្យទិសដៅរបស់មន្ត្រីប៉ូលិសចរាចរណ៍នេះ ប្រជាពលរដ្ឋតែងតែរអ៊ូរទាំ ក៏ដូចជាបង្ហាញការមិនពេញចិត្តជាដើម។ ជាមួយគ្នានេះលោកបណ្ឌិត សំណូមពរដល់ក្រសួងពាក់ព័ន្ធធ្វើយ៉ាងណាលុបបំបាត់នូវបាតុភាពដែលមន្រ្តីប៉ូលិសចរាចរណ៍តែងធ្វើខុសវិជ្ជាជីវៈកន្លងមក។ ជាក់ស្ដែងរឿងហេតុដែលទើបកើតមានលើបុរសជនជាតិឥណ្ឌូនេស៊ី ថ្មីៗនេះ ដោយលោកបណ្ឌិតសង្ឃឹមថា វាមិនមែនជាការពិត ដើម្បីជៀសវាងប៉ះពាល់ដល់កេរ្តិ៍ឈ្មោះនៃប្រទេសទាំងមូល។
ទន្ទឹមគ្នានេះ លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវកត់សម្គាល់ឃើញថា អ្នកបង្កើតមាតិការជាពិសេសជនបរទេស អាចចាត់ទុកថា ជាមនុស្សដែលមានឥទ្ធិពល ដែលអាចធ្វើឱ្យកេរ្តិ៍ឈ្មោះប្រទេសឡើង និងធ្លាក់បាន ប្រសិនជាមានការធ្វេសប្រហេសណាមួយកើតឡើង។ អ្នកជំនាញរូបនេះសង្កេតឃើញថា កន្លងមកក៏មានមន្រ្តីប៉ូលិសចរាចរណ៍ពិន័យជាប្រាក់លើជនបរទេសច្រើនដែរ ក៏ប៉ុន្តេពួកគេទាំងនោះមិនមែនជាអ្នកបង្កើតមាតិកា។ តែយ៉ាងណាថ្នាក់ដឹកនាំនៃក្រសួងមហាផ្ទៃ បានបង្ហាញឆន្ទៈពីការពង្រឹងសុវត្ថិភាពចរាចរណ៍ ធ្វើយ៉ាងណាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដល់ប្រជាពលរដ្ឋ ប៉ុន្តែការអនុវត្តរបស់មន្ត្រីថ្នាក់ក្រោមហាក់មិនសូវមានប្រសិទ្ធភាព។
ដោយឡែក លោក ចន ដែលភាគច្រើនគេស្គាល់លោកថា Jajago ជាអ្នកបង្កើតមាតិកាជនជាតិ ឥណ្ឌូនេស៊ី បានប្រាប់ខេមបូណូមីស តាមប្រព័ន្ធអីនស្តាក្រាមថា លោកមិនមានបញ្ហាអ្វីនោះទេ ដោយរឿងដែលបានកើតឡើងលើលោក និងមិត្តរបស់លោកក្នុងពេលបើកឡានមកទស្សនានៅកម្ពុជា នេះ មិនមែនជារឿងធំនោះទេ។ តែយ៉ាងណា លោក បានបង្ហាញការសោកស្ដាយចំពោះសកម្មភាពដែលប៉ូលិសចរាចរណ៍កម្ពុជា បានធ្វើដាក់លោក និងមិត្តរបស់លោក ដោយសារលោក និងមិត្តភក្តិមានបំណងចង់បង្កើតមាតិកាផ្សព្វផ្សាយពីភាពស្រស់ស្អាត ក៏ដូចជាទិសដៅទេសចរណ៍របស់កម្ពុជា។ លោកបានបន្ថែមថា ហេតុការណ៍ដែលបានកើតឡើងលើលោក និងមិត្តភក្តិនេះ គឺមានតែនៅក្នុងប្រទេសកម្ពុជា ប៉ុណ្ណោះ តែលោកជឿជាក់ថា បញ្ហានេះវាជារឿងបុគ្គលម្នាក់ប៉ុណ្ណោះ ព្រោះប្រជាជនកម្ពុជា ជាច្រើន មានភាពរួសរាយ និងរាក់ទាក់។
ពាក់ព័ន្ធបញ្ហាខាងលើ ស្នងការនគរបាលរាជធានីភ្នំពេញ បានកោះហៅមន្ត្រីនគរបាលចរាចរណ៍ និងមន្រ្តីជាប់កិច្ចសន្យាចំនួន៩រូប នៅគោលដៅស្តុបព្រះសក្យមុនីចេតិយ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដើម្បីសួរនាំបំភ្លឺ និងកំពុងធ្វើការស្រាវជ្រាវតាមជំនាញរបស់នគរបាលផងដែរ៕
អត្ថបទ ៖ ជា ម៉ារ៉ា