ការបន្តអូសបន្លាយនូវវិវាទពាណិជ្ជកម្ម និងបច្ចេកវិទ្យារវាងចិននិងអាម៉េរិក ទោះបីវាជាការបន្តការរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់បច្ចេកវិទ្យានិងសេដ្ឋកិច្ចជាសកលក្តី ប៉ុន្តែវាបង្ហាញពីឱកាសសេដ្ឋកិច្ចសម្រាប់ប្រទេស ដែលមានមូលដ្ឋានផលិតកម្មរឹងមាំ និងហេដ្ឋារចនាសម្ព័ន្ធល្អដូចជាម៉ាឡេស៊ី។
ក្រុមហ៊ុន Moody's Investors Services ដែលជាក្រុមហ៊ុនបណ្តាក់ទុនសាកលបានចេញរបាយការណ៍មួយថា ការប្រកួតប្រជែងលើបញ្ហាពាណិជ្ជកម្ម និងបច្ចេកវិទ្យារវាងប្រទេសចិន និងសហរដ្ឋអាម៉េរិក នឹងបន្តរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់ និងមានឥទ្ធិពលលើការសម្រេចចិត្តវិនិយោគរបស់វិនិយោគិននៅលើពិភពលោក ប៉ុន្តែគេជឿជាក់ថា ការគ្រប់គ្រងដ៏តឹងរ៉ឹងដែលដាក់ដោយលោកខាងលិចលើសមត្ថភាពរបស់ប្រទេសចិន ក្នុងការទទួលបាន ឬបង្កើតបន្ទះសៀគ្វីកុំព្យូទ័រកម្រិតខ្ពស់ នឹងធ្វើឱ្យការអភិវឌ្ឍនៃឧស្សាហកម្មបច្ចេកវិទ្យាបន្ទះសៀគ្វី របស់ចិនមានភាពយឺតយ៉ាវ ដូច្នេះចិនអាចនឹងស្វះស្វែងរកដៃគូផ្សេងៗនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ។
បញ្ហាបច្ចេកវិទ្យា បទប្បញ្ញត្តិទាក់ទងនឹងសន្តិសុខ និងគោលនយោបាយវិនិយោគរបស់បណ្តាប្រទេសនៅលោកខាងលិច ក៏នឹងបង្កើនការរារាំងដល់ការធ្វើសមាហរណកម្មនៃឧស្សាហកម្ម AI របស់ប្រទេសចិនជាមួយទីផ្សារពិភពលោកផងដែរ។ ប៉ុន្តែសម្រាប់ប្រទេសនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដូចជាម៉ាឡេស៊ី ត្រូវបានគេដឹងថា គឺជាប្រទេសមួយ ដែលមាននិន្នាការសេដ្ឋកិច្ចឈរលើមូលដ្ឋានផលិតកម្មរឹងមាំតាមគោលនយោបាយអព្យាក្រឹតភាព និងការបើកចំហចំពោះពាណិជ្ជកម្ម។
ដោយឡែក ភាពតានតឹងចិន-អាម៉េរិក នៅសមុទ្រចិនខាងត្បូង និងច្រកសមុទ្រតៃវ៉ាន់ ដែលកំពុងបង្កហានិភ័យដល់ខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ ក៏ដូចជា ការកើនឡើងនូវជម្លោះយោធានៅមជ្ឈិមបូព៌ា ក៏អាចជាហានិភ័យនិងជាឱកាសសម្រាប់ប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក ផងដែរ៕
ដោយៈ សរ សុជាតិ