
ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានគូសបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិ តេជោ កម្រិត 4F ដែលដាក់ឱ្យដំណើរការនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥នេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការតភ្ជាប់ការដឹកជញ្ជូនតាមផ្លូវអាកាសរបស់កម្ពុជា ទៅកាន់ទីផ្សារក្នុងតំបន់ និងពិភពលោក។ សម្រាប់មន្ត្រីជាន់ខ្ពស់រូបនេះ អាកាសយានដ្ឋានអន្តរជាតិ ថ្មីនេះ មិនត្រឹមជួយជំរុញកំណើននៃការដឹកជញ្ជូនទំនិញ និងអ្នកដំណើរពីគ្រប់ទិសទីចេញចូលឆ្លងកាត់ប្រទេសកម្ពុជា នោះទេ តែវាក៏នឹងក្លាយជាមជ្ឈមណ្ឌលតក្ជាប់ជើងហោះហើរដ៏សំខាន់មួយនៅក្នុងតំបន់ផងដែរ ដែលនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់មុខមាត់កម្ពុជា នៅលើឆាកអន្តរជាតិ ឱ្យកាន់តែរីកចម្រើនថែមមួយកម្រិតទៀត។
ជាមួយគ្នានេះ ឧកញ៉ា សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា និងឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុន CPL កត់សម្គាល់ឃើញថា ចាប់តាំងពីរាជរដ្ឋាភិបាល ប្រកាសពីគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិ តេជោមក តម្លៃអចលនទ្រព្យនៅជុំវិញតំបន់នោះ មានសន្ទុះកើនឡើងជាបន្តបន្ទាប់ ហើយគម្រោងអភិវឌ្ឍន៍ផ្សេងៗ ក៏បានផុសត្រដែតឡើងនៅក្បែរៗនោះផងដែរ។ អ្នកជំនាញទាំងពីររូបនេះជឿជាក់ថា ក្រោយព្រលានយន្តហោះនេះដាក់ឱ្យដំណើរការ វានឹងជួយជំរុញទីផ្សារ និងតម្លៃអចលនទ្រព្យនៅជុំវិញនោះឱ្យកាន់តែមានភាពល្អប្រសើរថែមទៀត ជាពិសេសជួយជំរុញការអភិវឌ្ឍតំបន់ប៉ែកខាងត្បូងរាជធានីភ្នំពេញតែម្តង។
ស្រដៀងគ្នានេះដែរ លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា និងលោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំនៅកម្ពុជា យល់ឃើញថា ក្រោយព្រលានយន្តហោះអន្តរជាតិ ដ៏ធំជាងគេរបស់កម្ពុជា ដាក់ឱ្យដំណើរការ វានឹងជួយជំរុញកំណើនការតភ្ជាប់ជើងហោះហើរត្រង់រវាងកម្ពុជា ជាមួយទីផ្សារអន្តរជាតិ ឱ្យមានការកើនឡើងកាន់តែច្រើន ដែលនឹងជួយកាត់បន្ថយតម្លៃដឹកជញ្ជូន ជួយជំរុញការដោះដូរពាណិជ្ជកម្ម និងទាក់ទាញការវិនិយោគផងដែរ។ សម្រាប់លោក ធួន ស៊ីណាន ទោះបីព្រលានយន្តហោះនេះ អាចជួយជំរុញការតភ្ជាប់ជើងហោះហើរត្រង់បន្ថែមមកកាន់កម្ពុជា ក៏ពិតមែន ប៉ុន្តែកម្ពុជា ត្រូវពង្រឹងការផ្សព្វផ្សាយឱ្យបានកាន់តែច្រើនបន្ថែមទៀត ដើម្បីអាចស្រូបទាញភ្ញៀវទេសចរបរទេសឱ្យចូលមកកម្ពុជាតាមរយៈព្រលានយន្តហោះនេះ។
ជាមួយគ្នានេះ លោកបណ្ឌិត ឌុច ដារិន្ទ អ្នកជំនាញសេដ្ឋកិច្ចយល់ឃើញថា ក្រោយអាកាសយានដ្ឋានអន្តរជាតិ ថ្មីនេះ ដាក់ឱ្យដំណើរការ វានឹងក្លាយជាច្រកទ្វារអន្តរជាតិ ដ៏សំខាន់មួយក្នុងការទាក់ទាញភ្ញៀវទេសចរ និងវិនិយោគគិនពីបរទេសឱ្យចូលមកកម្ពុជា បានកាន់តែច្រើន ដែលនឹងធ្វើឱ្យកម្ពុជា ក្លាយជាទីតាំងប្រកបដោយសក្ដានុពលនៅក្នុងតំបន់។
គួរជម្រាបថា អាកាសយានដ្ឋានអន្តរជាតិ តេជោ ដែលចំណាយទុនសាងសង់អស់ប្រមាណជាង២ពាន់លានដុល្លារនេះ ត្រូវបានសាងសង់ឡើងជាប្រភេទ 4F ដែលជាស្តង់ដាធំជាងគេនៅក្នុងហេដ្ឋារចនាសម្ព័ន្ធសាងសង់អាកាសយានដ្ឋាន ដែលមានសមត្ថភាពអាចឱ្យយន្តហោះធុនយក្សគ្រប់ប្រភេទដូចជា Airbus A380-800 និង Boeing 747-800 អាចចុះចតបាន និងមានសមត្ថភាពស្វាគមន៍អ្នកដំណើរប្រចាំឆ្នាំរហូតដល់១៣លាននាក់ បន្ទាប់ពីដំណាក់កាលទី១ដាក់ឱ្យដំណើរការ ហើយនឹងកើនឡើងជាលំដាប់រហូតដល់៣០លាននាក់ នាពេលអនាគត។ អាកាសយានដ្ឋានអន្តរជាតិនេះ ត្រូវបានសាងសង់លើផ្ទៃដីប្រមាណ២ពាន់៦រយហិកតាស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងមួយផ្នែកស្ថិតនៅស្រុកបាទី ខេត្តតាកែវ៕