
ជាមួយគ្នានេះ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា បានអះអាងថា កម្ពុជា មិនដែលបានបង្កការគំរាមកំហែងដល់អធិបតេយ្យភាពរបស់ប្រទេសណាមួយនោះទេ និងថា កម្ពុជា ជាប្រទេសតូចមួយ ដែលផ្តោតជាចម្បងលើការកសាងឡើងវិញនូវសេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាពប្រជាជន។
សារព័ត៌មាន Khaosod English របស់ថៃ បានចុះផ្សាយថា លោក ស៊ីហាសាក់ ភួងកេតកែវ រដ្ឋមន្រ្តីការបរទេសថៃ បាននិយាយនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិចោទកម្ពុជា ទាំងបំពានការពិតថា កម្ពុជា កំពុងតាំងខ្លួនជនរងគ្រោះ និងព្យាយាមបកស្រាយការពារទង្វើដ៏គឃ្លើនរបស់ទាហានថៃ ដែលបានបំពានលើដែនអធិបតេយ្យភាពរបស់កម្ពុជា និងរំលោភលើបទឈប់បាញ់ម្តងហើយម្តងទៀត។
រដ្ឋមន្ត្រីការបរទេសថ្មីរូបនេះបានលើកឡើងទាំងក្បត់មនសិការរបស់ខ្លួនថា តំបន់អាស៊ានជាមូលដ្ឋានគ្រឹះនៃសហគមន៍ពិភពលោក ហើយសន្តិភាព និងស្ថិរភាព គឺជាចំណុចស្នូលនៃកិច្ចខិតខំប្រឹងរបស់អាស៊ានក្នុងការកសាង។ ប៉ុន្តែសកម្មភាពជាក់ស្តែងរបស់ប្រទេសថៃ ហាក់ផ្ទុយពីការលើកឡើងនេះ ដោយប្រទេសនេះបានបង្កជម្លោះជាមួយប្រទេសជិតខាងគ្រប់គ្នា។ លោកបានលើកឡើងថា សន្តិភាព ស្ថិរភាព និងវិបុលភាពរបស់តំបន់ត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធ ហើយក៏មិនអាចបែកគ្នាបានទេ ព្រោះតំបន់ទាំងមូលជាផ្នែកនៃគ្រួសារអាស៊ានតែមួយ។
លោកបានព្យាយាមនិយាយលាងខ្លួនថា ស្ថានភាពនៅប្រទេសមីយ៉ាន់ម៉ា នៅតែជាកង្វល់ ដោយប្រទេសថៃ បានផ្តល់ជំនួយមនុស្សធម៌នៅតាមព្រំដែន ហើយថៃ បន្តអំពាវនាវឱ្យមានកិច្ចសន្ទនារវាងគ្រប់ភាគី និងដំណើរការសន្តិភាពប្រកបដោយនិរន្តរភាព ព្រោះវាជាមូលដ្ឋានគ្រឹះសម្រាប់សន្តិភាពយូរអង្វែងនៅក្នុងប្រទេសមីយ៉ាន់ម៉ា។
ដោយឡែកពាក់ព័ន្ធភាពតានតឹងព្រំដែនជាមួយកម្ពុជា អ្នកការទូតថៃ រូបនេះ បានលើកឡើងថា លោកចង់និយាយអ្វីជាផលវិជ្ជមាន ដើម្បីឆ្លុះបញ្ចាំងពីក្តីសង្ឃឹមសម្រាប់អនាគត ហើយលោកបានបង្ហាញការសោកស្ដាយចំពោះការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសកម្ពុជា ដែលលោកចោទថា កំពុងបង្ហាញខ្លួនជាអ្នករងគ្រោះ។ បន្ថែមលើនេះ រដ្ឋមន្រ្តីរូបនេះ បានព្យាយាមចំណាយពេលបង្ហាញពីគុណតម្លៃរបស់ថៃមកលើកម្ពុជា តាំងពីសម័យសង្រ្គាមស៊ីវិល ហើយបានរំលេចថា បទឈប់បាញ់នៅថ្ងៃទី២៨ ខែកក្កដា នៅតែផុយស្រួយ ហើយចោទប្រកាន់កម្ពុជា ដែលព្យាយាមអត់ធ្មត់គ្រប់យ៉ាង សូម្បីថៃ ព្យាយាមប្រើប្រាស់កម្លាំងចូលមករាយរបងលួសបន្លាព័ទ្ធយកផ្ទះ និងដីរបស់ប្រជាពលរដ្ឋស៊ីវិលនៅក្នុងដែនអធិបតីភាពរបស់ខ្លួន ហើយបែរជាចោទកម្ពុជាថា ជាអ្នកបង្ក និងញុះញង់ទៅវិញ។
ដោយឡែក ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីការបរទេសកម្ពុជា បានលើកឡើងថា កម្ពុជា ជាប្រទេសតូចមួយ ដែលផ្តោតជាចម្បងលើការកសាងឡើងវិញនូវសេដ្ឋកិច្ច និងលើកកម្ពស់សុខមាលភាពប្រជាជនរបស់ខ្លួន។ ឯកឧត្តមបានសង្កត់ធ្ងន់ថា កម្ពុជា មិនដែលបង្កការគំរាមកំហែងដល់អធិបតេយ្យរបស់ប្រទេសណាមួយឡើយ និងបានចាត់ទុកសន្តិភាពជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់កម្ពុជា។
ជាមួយគ្នានេះ ក្រុមអ្នកវិភាគនយោបាយកម្ពុជា មួយចំនួន បានលើកឡើងថា ជ្រុលជាថៃ បានចោទប្រកាន់កម្ពុជា នៅមហាសន្និបាតអង្គការសហប្រជាជាតិទៅហើយ ថៃ គួរតែហ៊ានតតាំងក្តីនៅតុលាការយុត្តិធម៌អន្តរជាតិ និងហ៊ានទទួលយកអ្នកអង្កេតការណ៍ពេញសិទ្ធអាស៊ាន ស្របពេលដែលកម្ពុជា ហ៊ាននិយាយការពិត កម្ពុជា ក៏ហ៊ានស៊ូក្តីនៅគ្រប់តុលាការអន្តរជាតិ ហើយក៏មិនខ្លាចនឹងអញ្ជើញភាគីអន្តរជាតិ មកពិនិត្យស្ថានភាពពិតដែរ៕
ដោយៈ សរ សុជាតិ