លោកភីផាត លឿងណារ៉ុមីតឆៃ ប្រធានសេដ្ឋវិទូថៃ បានព្រមានថា ទោះបីជាបញ្ហាជម្លោះព្រំដែនជាមួយកម្ពុជា មិនបានប៉ះពាល់ដោយផ្ទាល់ចំពោះទំហំផលិតផលក្នុងស្រុកសរុប (GDP)របស់ថៃ ក៏ដោយ ក៏ប៉ុន្ដែ ការរំខានផ្នែកពាណិជ្ជកម្ម និងក្ដីកង្វល់ ពាក់ព័ន្ធនឹងវិស័យទេសចរណ៍ នឹងផ្ដល់ហានិភ័យដ៏អាក្រក់ ដែលជាផលប៉ះពាល់ធំធេងសម្រាប់សេដ្ឋកិច្ចថៃទៅថ្ងៃមុខ។ សេដ្ឋកិច្ចថៃ នៅឆ្នាំ២០២៦ ត្រូវបានក្រុមសេដ្ឋវិទូថៃ ព្យាករថា នឹងកើនក្នុងរង្វង់១,៦% ប៉ុណ្ណោះ ពោលគឺទាបជាងអ្វីដែលធ្លាប់បានព្យាករកាលពីមុន ដែលរំពឹងថា នឹងកើនដល់២%។
សូមបញ្ជាក់ថា ក្រៅតែពីបញ្ហាជម្លោះព្រំដែនជាមួយកម្ពុជា ប្រទេសថៃ ថ្មីៗនេះ ក៏បានប្រឈមនឹងគ្រោះមហន្ដរាយទឹកជំនន់ដ៏អាក្រក់បំផុត មិនធ្លាប់មានក្នុងរយៈពេលជាង ៣០០ឆ្នាំមកនេះ បង្កឱ្យស្លាប់បាត់បង់ជីវិតមនុស្សរាប់រយនាក់ និងខូចខាតសេដ្ឋកិច្ចអស់រាប់ពាន់លានដុល្លារ។ លើសពីនេះទៅទៀត បញ្ហាឧក្រិដ្ឋកម្មបោកប្រាស់តាមប្រព័ន្ធអនឡាញ (Online Scam) ក៏កំពុងបង្កព្យុះភ្លៀងយ៉ាងខ្លាំងចំពោះប្រទេសថៃ ដែលវាកំពុងធ្វើឱ្យបាត់បង់ទំនុកចិត្តអ្នកវិនិយោគ និងទេសចរអន្តរជាតិ ផងដែរ៕