លោក ស៊ូម៉េត ប្រាសុងផុងឆៃ ( Sumed Prasongpongchai ) នាយកវិទ្យាស្ថានត្បូង និងគ្រឿងអលង្ការថៃ បាននិយាយថា លោកពេញចិត្តនឹងការកើនឡើងនៃការនាំចេញ ហើយបានបន្ថែមថា សម្រាប់ឆមាសទីមួយនៃឆ្នាំ ២០២៣ ការនាំចេញត្បូង និងគ្រឿងអលង្ការ ដោយមិនរាប់បញ្ចូលមាសពាណិជ្ជករថៃអាចសម្រេចការនាំចេញបានតម្លៃសរុប ជា ៤ ២០០ លានដុល្លារ កើនឡើងប្រមាណជា ជាង ៩ ភាគរយ ។
លោកបានអះអាងថា គ្រាន់តែនៅក្នុងខែមិថុនាតែមួយខែ ការនាំចេញត្បូង និងគ្រឿងអលង្ការ មានតម្លៃសរុប ជាង ៧៣៧ លានដុល្លារ កើនឡើងជាង ៣១ ភាគរយ ។
នេះគឺជាសមិទ្ធផលនៃការធ្វើពាណិជ្ជកម្មគ្រឿងអលង្ការថៃ ប៉ុន្តែសម្រាប់និន្នាការទៅមុខ លោក ស៊ូមេត ក៏នៅមិនទាន់ប្រាកដនៅឡើយទេ ដោយសារតែស្ថានភាពសេដ្ឋកិច្ចពិភពលោក រួមទាំងអតិផរណា និងភាពមិនច្បាស់លាស់នៅតែបង្កបញ្ហាប្រឈម ទោះបីជាមានការគាំទ្រពីវិស័យសេវាកម្ម និងទេសចរណ៍ក៏ដោយ។
ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោកក្នុងអំឡុងឆមាសទីពីរនៃឆ្នាំនេះនៅតែមានភាពយឺតយ៉ាវដោយសារអតិផរណាបន្តកើន និងអស្ថិរភាពសេដ្ឋកិច្ច។ ស្ថានភាពសេដ្ឋកិច្ចសំខាន់ៗនៅក្នុងក្រុមប្រទេស G7 រួមទាំងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអាល្លឺម៉ង់ កំពុងប្រឈមមុខនឹងបញ្ហាប្រឈមខ្លាំងបើប្រៀបធៀបទៅនឹងប្រទេសដទៃទៀត នេះគឺដោយសារតែបញ្ហាស្ថាប័នហិរញ្ញវត្ថុ សម្ពាធអតិផរណា និងការកើនឡើងនៃការចំណាយហិរញ្ញវត្ថុលើអត្រាការប្រាក់ និងគោលនយោបាយគ្រប់គ្រងតឹងរ៉ឹង ដែលប៉ះពាល់ដល់ផលិតកម្ម ការវិនិយោគ និងការប្រើប្រាស់។
តាមស្ថិតិដែលទទួលបាន កំណើននៃការនាំចេញគ្រឿងអលង្ការថៃ គឺកើនខ្លាំងនៅកោះហុងកុង ដោយមានកំណើន រហូតដល់ជាង ១៨៤ ភាគរយ ជប៉ុន កើនឡើង ៦ភាគរយ អ៊ីតាលី កើន ៤៧ ភាគរយ អារ៉ាប់អេមីរ៉ាត កើនជាង ២២ ភាគរយ និង សិង្ហបុរីកើនឡើងជិត ៧៤ភាគរយ ។
ដោយឡែកទីផ្សារដ៏ទៃទៀត ដូចជាសហរដ្ឋអាមេរិកធ្លាក់ចុះ ជិត ៩ ភាគរយ អាល្លឺម៉ង់ជិត ១៨ ភាគរយចក្រភពអង់គ្លេសធ្លាក់ចុះជាង ១៦ភាគរយ និងស្វីស ជិត៣ភាគរយ ហើយសម្រាប់ឥណ្ឌាបានឃើញការថយចុះគួរឱ្យកត់សម្គាល់បំផុតគឺជិត ៦៥ ភាគរយ៕