
ជនជាតិវៀតណាមទាំង៦នាក់ (ស្រី៣នាក់) បានចូលស្នាក់នៅសណ្ឋាគារមួយឈ្មោះ Grand Hyatt Erawan នៅក្នុងទីក្រុងបាងកក នៅម៉ោងផ្សេងគ្នា បន្ទាប់ពីបានមកដល់ប្រទេសថៃនៅថ្ងៃទី ១៣-១៤ ខែកក្កដា។
ក្រុមបុរស ៣នាក់ និងស្ត្រី៣នាក់ ដែលបានស្លាប់នោះ បានបើកបន្ទប់ស្នាក់នៅផ្សេងគ្នា ប៉ុន្ដែសាកសពរបស់ពួកគេត្រូវបានរកឃើញនៅក្នុងបន្ទប់តែមួយ ប៉ុន្ដែ មិនមានភស្ដុតាងបង្ហាញថា មានការប្រតាយប្រតប់ ឬស្លាកស្នាមរបួសអ្វីទាំងអស់។
ក្រោយការធ្វើកោសល្យវិច័យ អាជ្ញាធរមានសមត្ថកិច្ចបញ្ជាក់ថា ករណីនេះ គឺជាការស្លាប់ដោយសារការបំពុល។
បន្ទាប់ពីបានចុះទៅដល់កន្លែងកើតហេតុនៅយប់ថ្ងៃទី ១៦ កក្កដា លោកស្រ៊ីថា ក៏បានបញ្ជាក់ឲ្យសមត្ថកិច្ចស៊ើបអង្កេតឲ្យបានម៉ត់ចត់ និងឆាប់រហ័សលើករណីនេះ។

បន្ថែមពីនេះ នាយករដ្ឋមន្ត្រីថៃរូបនេះ ក៏បានបញ្ជាឲ្យភ្នាក់ងារដ្ឋាភិបាលទាំងអស់ ចាត់សកម្មភាពជាបន្ទាន់ ដើម្បីបញ្ជៀសផលប៉ះពាល់នានាទៅលើវិស័យទេសចរណ៍របស់ថៃ។
គិតមកត្រឹមព្រឹកថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២៤នេះ នៅពុំទាន់មានសេចក្ដីរាយការណ៍បន្ថែម ជុំវិញករណីពុលស្លាប់ជនជាតិវៀតណាមទាំង៦នាក់នេះនៅឡើយទេ ថាតើពួកគេស្លាប់ដោយសារការដាក់ថ្នាំបំពុល ឬក៏ពុលចំណីអាហារ។

យ៉ាងណាក៏ដោយចុះ ករណីស្លាប់ជនបរទេស ដែលជាភ្ញៀវទេសចរនៅក្នុងសណ្ឋាគារនេះ ក៏បានធ្វើឲ្យរាជរដ្ឋាភិបាលថៃ ដេកមិនលក់បក់មិនល្ហើយផងដែរ ដោយសារតែបារម្ភថា ហេតុការណ៍នេះអាចធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យទេសចរណ៍ ដ្បិតកន្លងមក ករណីបាញ់ប្រហារដ៏រន្ធត់នៅក្នុងផ្សារទំនើបក្នុងប្រទេសថៃ កាលពីខែតុលា ឆ្នាំមុន ក៏បានធ្វើឲ្យរង្គោះង្គើដល់វិស័យទេសចរណ៍មិនតិចដែរ។

វិស័យទេសចរណ៍ ដើរតួនាទីយ៉ាងសំខាន់ នៅក្នុងសេដ្ឋកិច្ចថៃ ខណៈនៅឆ្នាំនេះ ប្រទេសក្បែរខាងកម្ពុជាមួយនេះ រំពឹងទទួលបានទេសចរសរុប ៣៥លាននាក់ បន្ទាប់ពីទទួលបាន២៨លាននាក់កាលពីឆ្នាំមុន និងរំពឹងថា ទេសចរអន្តរជាតិនឹងចំណាយសរុបប្រមាណជិត ៣៤ពាន់លានដុល្លារអាមេរិកសម្រាប់ការដើរកម្សាន្ដនៅឆ្នាំនេះ៕