
ការបិទច្រកទ្វារព្រំដែនជាឯកតោភាគីពីសំណាក់យោធាថៃនេះ បានធ្វើឱ្យការដោះដូរពាណិជ្ជកម្មឆ្លងដែនរវាងប្រទេសទាំងពីរត្រូវបានជាប់គាំងទាំងស្រុង ខណៈភាគីថៃ ត្រូវបានគេដឹងថា រងការខាតបង់ច្រើនជាងកម្ពុជា។ តើការបិទខ្ទប់ច្រកទ្វារព្រំដែនដោយភាគីថៃនេះ បានបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ច និងពាណិជ្ជកម្មឆ្លងដែននៅក្នុងខេត្តណាខ្លះរបស់ថៃ?
ការបិទច្រកព្រំដែនអចិន្រ្តៃយ៍ចំនួន៦ និងច្រកត្រួតពិនិត្យព្រំដែនបណ្តោះអាសន្នចំនួន១០នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដោយឯកតោភាគីពីសំណាក់យោធាថៃ បានធ្វើឱ្យពាណិជ្ជករថៃ នៅក្នុងខេត្ត៧កំពុងរងផលប៉ះពាល់យ៉ាងដំណំ។ បើយោងតាមការចុះផ្សាយរបស់កាសែត The Nation ខេត្តទាំង៧នោះ រួមមាន ខេត្តស៊ីសាកេត, បុរីរ៉ាំ, អ៊ូប៊ុន រ៉ាតឆាតានី, ស្រះកែវ, សុរិន, ចន្ថាបុរី, និងខេត្តត្រាត។ ក្រោយថៃ បិទច្រកព្រំដែនជាមួយកម្ពុជា ពាណិជ្ជកម្មករ និងក្រុមហ៊ុនថៃ កំពុងរកច្រកថ្មី ដើម្បីធានាខ្សែច្រវាក់ផ្គត់ផ្គង់របស់ពួកគេ ហើយក្រុមហ៊ុនខ្លះបានធ្វើមាតុភូមិនិវត្តន៍បុគ្គលិកជនជាតិថៃ របស់ពួកគេចេញពីកម្ពុជា។
លោក វូរ៉ាថាត តានទីមង្គលស៊ុក (Voratat Tantimongkolsuk) ប្រធានក្រុមប្រឹក្សាធុរកិច្ចថៃ-កម្ពុជាកត់សម្គាល់ឃើញថា ការបិទព្រំដែនជាមួយកម្ពុជា កំពុងធ្វើឱ្យប៉ះពាល់ដល់ពាណិជ្ជកម្មឆ្លងដែន និងសេដ្ឋកិច្ចក្នុងស្រុកថៃ ជាពិសេសខេត្តទាំង៧ខាងលើនេះតែម្តង។ លោកបានអះអាងថា ពាណិជ្ជករខ្លះបានងាកទៅរកផ្លូវដឹកជញ្ជូនឆ្លងកាត់ប្រទេសឡាវ ហើយដឹកចេញមកកម្ពុជា កាត់តាមខេត្តចំប៉ាសាក់មកភ្នំពេញ ហើយខ្លះទៀតបានបង្វែរដឹកតាមកំពង់ផែឡាមថាបាងឆ្ពោះមកខេត្តព្រះសីហនុ។
ច្រកនៃការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅតែមាន គ្រាន់តែបន្ទុកនៃការចំណាយលើថ្លៃដឹកជញ្ជូនខ្ពស់ជាងមុន ដោយពីមុនថៃ ដឹកចេញមកកាន់កម្ពុជា មានចម្ងាយត្រឹមតែ៥០០គីឡូម៉ែត្រប៉ុណ្ណោះ តែឥឡូវត្រូវដឹកក្នុងចម្ងាយផ្លូវរហូតដល់១ពាន់៥រយគីឡូម៉ែត្រ ដែលធ្វើឱ្យតម្លៃដឹកជញ្ជូនមានការកើនឡើង៣ដង៕
ដោយៈ សរ សុជាតិ