
តែយ៉ាងណាអ្នកជំនាញយល់ឃើញថា ថៃ មិនអាចគេចវេសមិនដោះលែងកងទ័ពកម្ពុជា ទាំង១៨រូបនេះ បាននោះទេ ហើយបើថៃ នៅតែបំពាននោះថៃ អាចប្រឈមនឹងទណ្ឌកម្មផ្សេងៗ។
លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានចាត់ទុកការប្រកាសមិនដោះលែងទាហានកម្ពុជា ទាំង១៨នាក់របស់យោធាថៃ ជាទង្វើក្បត់ពាក្យសម្ដី ដែលពិបាកទុកចិត្តលើឥរិយាបទរបស់អ្នកនយោបាយថៃ។ តែយ៉ាងណាលោកបណ្ឌិតជឿជាក់ថា ទាហានខ្មែរទាំង១៨នាក់នឹងត្រូវបានដោះលែងក្នុងពេលឆាប់ៗ ក្រោយពីបានចុះហេត្ថលេខាលើកិច្ចព្រមព្រៀង ពីព្រោះថៃ មិនអាចគេចវេះពីកាព្វកិច្ចអន្តរជាតិ បាននោះទេ។ បើតាមអ្នកជំនាញរូបនេះ ថៃ ក្រឡាស់ពាក្យសម្ដីក៏ដោយសារថៃ ចង់ផ្គាប់ចិត្តក្រុមអ្នកជ្រុលនិយមថៃ ដែលកំពុងតាមដាននយោបាយថៃ។
ជាមួយគ្នានេះ លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ កត់សម្គាល់ឃើញថា ថៃ ជាមនុស្សដែលពិបាកទុកចិត្ត ដោយសារពួកគេតែងតែធ្វើទង្វើខុសពីអ្វីដែលពួកគេបានសន្យានៅក្នុងកិច្ចប្រជុំ។ ដូច្នេះការប្រកាសមិនដោះលែងទាហានខ្មែរទាំង១៨នាក់របស់យោធាថៃ បានបង្ហាញយ៉ាងច្បាស់ថា ថៃ មិនគោរពតាមការសន្យារបស់ខ្លួនចំពោះមុខអន្តរជាតិ។ អ្នកជំនាញរូបនេះ យល់ឃើញថា ការដែលថៃ មិនចង់ដោះលែងទាហានខ្មែរ ព្រោះពួកគេចង់ទុកសម្រាប់ដាក់សម្ពាធលើកម្ពុជា។
គួររំលឹកថា កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំចតុភាគីរវាងកម្ពុជា ថៃ ម៉ាឡេស៊ី និងសហរដ្ឋអាម៉េរិក ភាគីកម្ពុជា និងថៃ បានឯកភាពគ្នាលើកិច្ចព្រមព្រៀងសន្តិភាព ដែលរំពឹងអាចចុះហត្ថលេខានៅក្រៅកិច្ចប្រជុំសន្តិភាពចន្លោះពីថ្ងៃទី២៦-២៨ ខែតុលា ឆ្នាំ២០២៥ ក្រោមវត្តមានរបស់លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ជាសាក្សី។ បើតាមការអះអាងរបស់ប្រមុខការបរទេសកម្ពុជា នៅក្នុងកិច្ចព្រមព្រៀងនេះ ភាគីថៃបានឯកភាពដោះលែងកងកម្លាំងកម្ពុជា ទាំង១៨រូប នៅក្រោយភាគីទាំងពីរចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះរួចរាល់។
គិតមកទល់ពេលនេះ មានរយៈពេលជិត៣ខែហើយ ដែលវីរៈកងទ័ពកម្ពុជា ទាំង១៨រូប ត្រូវបានកងទ័ពថៃ ចាប់យកទៅ និងឃុំខ្លួនដោយខុសច្បាប់។ កងទ័ពកម្ពុជា ទាំង១៨រូបនេះត្រូវបានយោធាថៃ ប្រើល្បិចកលចាប់យកទៅនៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ដែលជាថ្ងៃដំបូងនៃការអនុវត្តបទឈប់បាញ់រវាងប្រទេសទាំងពីរ៕
អត្ថបទ៖ ជា ម៉ារ៉ា