លោក កុលឡាយ៉ា មន្ត្រីនាំពាក្យក្រសួងហិរញ្ញវត្ថុថៃ បាននិយាយថា មានពលរដ្ឋថៃជាង៣២លាននាក់ មានសិទ្ធិទទួលបានការផ្ដល់ជូនការឧបត្ថម្ភគាំទ្រពីរដ្ឋាភិបាល នៅក្នុងវិធានការជំរុញសេដ្ឋកិច្ចដែលរដ្ឋាភិបាលបានដាក់ចេញជាបន្តបន្ទាប់នាពេលកន្លងទៅនេះ ដោយគិតជាទឹកប្រាក់មានប្រហែលជិត ៤ពាន់៨រយលានដុល្លារអាមេរិក ដែលប្រាក់ទាំងនោះ បានចាក់បញ្ជូលទៅក្នុងសេដ្ឋកិច្ចតាំងពីខែមុនមកម្ល៉េះ។
យុទ្ធនាការអំពីវិធានការជំរុញសេដ្ឋកិច្ចរបស់រដ្ឋាភិបាលថៃចំនួន៣លើកហើយត្រូវបានរដ្ឋាភិបាលដាក់ចេញដើម្បីធ្វើយ៉ាងណាជំរុញឲ្យមានការចំណាយរបស់ពលរដ្ឋ សំដៅធ្វើឲ្យមានចលនាចរន្ដសេដ្ឋកិច្ច ពិសេសនៅក្នុងវិស័យទេសចរណ៍។
អ្នកនាំពាក្យរបស់ក្រសួងហិរញ្ញវត្ថុថៃ បានគូសបញ្ជាក់ទៀតថា មានអាជីវកម្មប្រហែល១លាន២សែនបានចូលរួមនៅក្នុងយុទ្ធនាការនៃវិធានការជំរុញសេដ្ឋកិច្ចរបស់រដ្ឋាភិបាល រួមមានហាងលក់រាយ, ហាងអាហារ, ភោជនីយដ្ឋាន, ហាងបម្រើសេវាកម្ម និងក្រុមហ៊ុនដឹកជញ្ជូនសាធារណៈជាដើម៕