ការនាំចេញស្ករកាន់តែតិចពីប្រទេសឥណ្ឌាដែលជាប្រទេសនាំចេញធំជាងគេទី២នៅក្នុងពិភពលោកនោះអាចលើកតម្លៃទីផ្សារស្ករសសកល និងអនុញ្ញាតឱ្យគូប្រជែងរបស់ខ្លួន គឺប្រទេសថៃ និងប្រេស៊ីលបង្កើនការនាំចេញរបស់ពួកគេ ដើម្បីបំពេញតម្រូវការទីផ្សារ។
លោក ប្រាឌីប ចាកតេប (Pradip Jagtap) កសិករមកពីស្រុកសូឡាពូ (Solapur) នៅរដ្ឋម៉ាហារ៉ាស្ត្រា (Maharashtra) ជារដ្ឋមួយដែលផលិតស្ករអំពាវច្រើនជាងគេបំផុតនៅភាគខាងលិចប្រទេសឥណ្ឌានោះបាននិយាយថា ដំណាំអំពាវមើលទៅដូចឆ្នាំមុនដែរ ប៉ុន្តែនៅពេលពួកគេចាប់ផ្តើមប្រមូលផល ទើបពួកគេដឹងថាទិន្នផលមានកម្រិតទាបណាស់។
កសិកររូបនេះ អះអាងថា នៅឆ្នាំនេះលោកអាចប្រមូលផលអំពៅបាន ៥៣០ តោនពីផ្ទៃដីទំហំ ៩ ហិកតារបស់គាត់ ពោលគឺបានធ្លាក់ចុះពីឆ្នាំមុនដែលធ្លាប់មានដល់ទៅ ៧៥០ តោន។ ចំណែកកសិករជិត២០០នាក់ផ្សេងទៀតមកពីស្រុក ផលិតអំពៅសំខាន់ៗចំនួន ១១ នៅរដ្ឋម៉ាហារ៉ាស្ត្រា ក្នុងប្រទេសឥណ្ឌាបានប្រាប់សារព័ត៌មានរ៉យទ័រថា ការអូសបន្លាយលក្ខខណ្ឌអាកាសធាតុស្ងួតក្នុងរដូវក្តៅ ហើយបន្ទាប់មកភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារដល់ដំណាំអំពៅយ៉ាងខ្លាំង។
ក្រុមកសិករឥណ្ឌាបានរាយការណ៍ពីការធ្លាក់ចុះទិន្នផលអំពៅជាមធ្យមប្រហែល ១៥ % ប៉ុន្តែនៅកន្លែងខ្លះពួកគេបាននិយាយថា មានការខាតបង់ក្នុងមួយហិកតាប្រហែល ៣៥%។
ស្របពេលដែលទិន្នផលអំពៅធ្លាក់ចុះ រោងចក្រផលិតស្ករក៏បានធ្លាក់ចុះផលិតកម្មដូចគ្នា។ តួយ៉ាងការផលិតស្ករមាននៅត្រឹមជាង ៣៣ លានតោនប៉ុណ្ណោះ ក្នុងឆ្នាំ២០២២-២៣ បើធៀបនឹងកំណត់ត្រាកាលពីឆ្នាំមុនដែលមានជិត៣៦លានតោន។
ក្រុងញូវដេលីបានអនុញ្ញាតឱ្យរោងចក្រផលិតស្ករនាំចេញស្ករសចំនួនជាង ៦ លានតោនក្នុងដំណាក់កាលដំបូង ហើយស្ថាប័នអ្នកផលិត គឺសមាគមរោងចក្រផលិតស្ករឥណ្ឌាបានរំពឹងថា ឥណ្ឌានឹងប្រមូលស្ករបានរហូតដល់ ៤ លានតោនសម្រាប់ការនាំចេញទៅបរទេសក្នុងតំណាក់កាលទី២។
ប៉ុន្តែការធ្លាក់ចុះនៃការផលិតនេះមានន័យថា រដ្ឋាភិបាលអាចអនុញ្ញាតឱ្យមានការនាំចេញតិចតួចនៅក្នុងការនាំចេញជាលើកទីពីរ ឬក៏មិនអាចអនុម័តការនាំចេញបន្ថែមទៀតតែម្ដងក៏ថាបានដែរ ដើម្បីធានាដល់ការផ្គត់ផ្គង់ប្រើប្រាស់ក្នុងស្រុក។ នេះបើតាមប្រភពអ្នករកស៊ីនៅក្នុងឧស្សាហកម្មស្ករសឥណ្ឌា។
ជាមួយគ្នានេះ មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ម្នាក់បាននិយាយថា ប្រទេសឥណ្ឌានឹងអនុញ្ញាតឱ្យមានការនាំចេញបន្ទាប់ពីធានាបានថា មានការផ្គត់ផ្គង់គ្រប់គ្រាន់ដើម្បីបំពេញតម្រូវការក្នុងស្រុកប្រហែល ជាង ២៧លានតោនក្នុងមួយឆ្នាំនោះ៕
អត្ថបទ៖ សុខ ជា