
នាយករដ្ឋមន្ត្រីស្តីទីរបស់ថៃ លោក ភុមថាម វេឆាយ៉ាឆៃ បាននិយាយថា ការសន្ទនារបស់លោកជាមួយលោក ដូណាល់ ត្រាំ ទទួលបានផ្លែផ្កាល្អជាវិជ្ជមាន ប៉ុន្តែបានបញ្ជាក់ថា ថៃ ចង់បានការចរចាទ្វេភាគីជាមួយកម្ពុជាប៉ុណ្ណោះ។ លោក ភុមថាម បាននិយាយក្នុងសម្រង់សម្ដីដើមថា "យើងត្រូវតែធានាថា កម្ពុជាមិនក្រឡាស់សម្ដីមិនប្ដូរជំហរចរចាសន្តិភាព"។
ទោះជាយ៉ាងណានៅក្រោយការលើកឡើងនេះ អនុរដ្ឋមន្ត្រីការពារជាតិថៃ បានប្រកាសក្ដែងៗថា ប្រទេសថៃ មិនបានយល់ព្រមបទឈប់បាញ់ជាមួយកម្ពុជា តាមសំណើបទឈប់បាញ់របស់លោក ដូណាល់ ត្រាំ នោះឡើយ ហើយបានសង្កត់ធ្ងន់ថា ការសម្រេចចិត្តរបស់ក្រសួងការពារជាតិថៃ ត្រូវតែអនុវត្តតាមលទ្ធិប្រជាធិបតេយ្យ និងការពិគ្រោះយោបល់ជាសាធារណៈ។
អនុរដ្ឋមន្ត្រីការពារជាតិថៃ រូបបាន អះអាងថា ប្រទេសថៃ មិនបាននិយាយថា យល់ព្រមចំពោះសំណើបទឈប់បាញ់របស់លោក ដូណាល់ ត្រាំ ដែលបានស្នើឡើងនៅក្នុងកិច្ចសន្ទនាតាមទូរសព្ទជាមួយនាយករដ្ឋមន្ត្រីស្ដីទីថៃ កាលពីយប់ថ្ងៃទី២៦ ខែកក្កដា នោះឡើយ។ មន្ត្រីជាន់ខ្ពស់ថៃ រូបនេះ បានសង្កត់ធ្ងន់ថា ការសម្រេចចិត្ត គឺត្រូវតែអនុវត្តតាមដំណើរការប្រជាធិបតេយ្យ និងការពិគ្រោះយោបល់ជាសាធារណៈ ពោលគឺរដ្ឋាភិបាលថៃ ត្រូវស្តាប់សំឡេងរបស់ប្រជាជន និងអនុវត្តតាមនីតិវិធីរបស់រដ្ឋ ដែលខុសពីប្រទេសកម្ពុជា៕
ដោយ: តែម សុខុម