គណបក្សនយោបាយ

គណបក្សនយោបាយថៃ ធំៗ៣ បង្ហាញបេក្ខភាពនាយករដ្ឋមន្រ្តី ដើម្បីប្រកួតប្រជែងដណ្តើមអំណាចដឹកនាំប្រទេសថៃ ដែលកំពុងញាំញីដោយវិបត្តិចាក់ស្រេះ


គណបក្សនយោបាយធំៗចំនួន៣ ដែលពោរពេញទៅដោយសក្តានុពលក្នុងការប្រកួតប្រជែងដណ្តើមអំណាចជានាយករដ្ឋមន្ត្រីដឹកប្រទេសថៃ ដែលបច្ចុប្បន្នកំពុងជាប់ផុងក្នុងវិបត្តិចាក់ស្រេះជាច្រើន ជាពិសេសការឈ្លានពានមកលើដែនអធិបតេយ្យភាពកម្ពុជា។ បក្សធំៗទាំងបីនេះ បង្ហាញមុខបេក្ខភាពនាយករដ្ឋមន្រ្តីរៀងៗខ្លួនដើម្បីស្រូបទាញអ្នកគាំទ្រ ដែលគ្រោងនឹងធ្វើការប្រកួតប្រជែងដណ្តើមសន្លឹកឆ្នោតនៅខែកុម្ភៈ ឆ្នាំ២០២៦។
គណបក្សនយោបាយ
ដោយ

​គណបក្សនយោបាយដែលគេរំពឹងថានឹងអាចឈ្នះក្នុងការបោះឆ្នោតខាងមុខរួមមាន គណបក្សភូមិចៃថៃ ដែលកំពុងដឹកនាំរដ្ឋាភិបាលចាំផ្ទះ គណបក្សភឿថៃ ដែលមានលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ជាស្ថាបនិក និងគណបក្សប្រជាជនថៃ ដែលពោរពេញដោយបញ្ញាវន្តវ័យក្មេង។

សារព័ត៌មានជប៉ុន Nikkei Asia បានរាយការណ៍នៅថ្ងៃទី២៤ ខែធ្នូ ថា គណបក្សនយោបាយធំៗទាំង៣ នៅប្រទេសថៃ បានបង្ហាញបេក្ខជននាយករដ្ឋមន្ត្រីរបស់ខ្លួន​ដើម្បីប្រកួតប្រជែងក្នុងការបោះឆ្នោតដែលគ្រោងធ្វើឡើងនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងនោះគណបក្សភូមិចៃថៃ ដែលកំពុងកាន់អំណាចបានជ្រើសរើស លោក អានុទីន ឆានវីរៈគុល ឱ្យធ្វើជាបេក្ខភាពនាយករដ្ឋមន្ត្រី ខណៈគណបក្សភឿថៃ បានជ្រើសរើសក្មួយប្រុសលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា រីឯគណបក្សប្រជាជនថៃ បានជ្រើសរើសលោក ណាតាផុង រឿងបញ្ញាវុធ ជាបេក្ខភាពនាយករដ្ឋមន្ត្រី ។

នាយករដ្ឋមន្ត្រីចាំផ្ទះរបស់ថៃ លោក អានុទីន បានលើកឡើងក្នុងអំឡុងពេលបើកយុទ្ធនាការឃោសនាបោះឆ្នោតរបស់ខ្លួនថា ប្រសិនបើលោកបន្តក្លាយជានាយករដ្ឋមន្ត្រីថៃ នៅក្នុងអាណត្តិថ្មី នោះលោកនឹងរក្សារដ្ឋមន្ត្រីសំខាន់ៗ ដែលកំពុងកាន់តំណែងក្នុងនោះ មានរដ្ឋមន្ត្រីការបរទេសលោក ស៊ីហាសាក់ ភួងកេតកែវ ផងដែរ។ តែយ៉ាងណាលោកមិនបានបង្ហើបពីបេក្ខភាពនាយករដ្ឋមន្រ្តីបម្រុង២រូបទៀតនៅឡើយទេ។

ដោយឡែក គណបក្សភឿថៃ ដែលដឹកនាំរដ្ឋាភិបាលពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥ បានតែង តាំងបេក្ខជននាយករដ្ឋមន្ត្រី ៣រូបក្នុងនោះក៏មាន លោក យ៉តឆាណាន វង្សសាវ៉ាត (Yodchanan Wongsawat) ដែលជាក្មួយប្រុសរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ផងដែរ។

ក្នុងនាមជាអ្នកវិទ្យាសាស្ត្រ និងបញ្ចប់ថ្នាក់បណ្ឌិតផ្នែកវិស្វកម្មអគ្គិសនីពីសាកលវិទ្យាល័យតិចសាស បេក្ខភាពនាយករដ្ឋមន្ត្រីវ័យ៤១ឆ្នាំរបស់គណបក្សភឿថៃ ក្មួយប្រុសលោកថាក់ស៊ីន ស៊ីណាវាត្រា បានសន្យាថា លោកនឹងប្រើប្រាស់បញ្ញាសិប្បនិម្មិត និងបច្ចេកវិទ្យាផ្សេងៗ ដើម្បីបង្កើនផលិតភាពទាំងក្នុងវិស័យកសិកម្ម និងឧស្សាហកម្ម ដើម្បីជំរុញប្រទេសថៃ ឆ្ពោះទៅរកជាប្រទេស ដែលមានចំណូលខ្ពស់។

សម្រាប់គណបក្សប្រជាជនថៃ ដែលជាគណបក្សប្រឆាំងធំជាងគេប្រចាំប្រទេសថៃ បានតែងតាំងមេដឹកនាំរបស់ខ្លួន គឺលោក ណាតាផុង រឿងបញ្ញាវុធ (Natthaphong Ruengpanyawut ) វ័យ៣៨ឆ្នាំជាបេក្ខជនទី១ ខណៈអនុប្រធានគណបក្ស គឺលោកស្រី ស៊ីរីកាន់យ៉ា តានសាគុន (Sirikanya Tansakun) អាយុ ៤៤ឆ្នាំ និងលោក វីរ៉ាយុត កាន់ឈូឆាត (Veerayooth Kanchoochat) សាស្ត្រាចារ្យនៅវិទ្យាស្ថានជាតិសម្រាប់ការសិក្សាគោលនយោបាយនៅទីក្រុងតូក្យូ ជាបេក្ខជនទី២ និងទី៣។ គោលនយោបាយសំខាន់របស់គណបក្សនេះ គឺការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងផ្តល់ការធានាសុខុមាលភាពដល់ប្រជាជនចាប់ពីកុមារភាពរហូតដល់ចូលនិវត្តន៍៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ចិន បង្ហាញឆន្ទៈជាថ្មីក្នុងការជួយសម្របសម្រួលឱ្យភាគីកម្ពុជា-ថៃ ឈានដល់កិច្ចព្រមព្រៀងសន្តិភាព

ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ បេសកជនពិសេសទទួលបន្ទុកកិច្ចការអាស៊ី នៃក្រសួងការបរទេស លោក តេង ស៊ីជុន (Deng Xijun) បានមកបំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ