កុំភ្លេចថា នេះគឺជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសថៃ ដូច្នេះសូមកុំយកភ្លើងស្រុកថៃមកដាក់នៅកម្ពុជា ទុកឲ្យគេដោះស្រាយគ្នាគេទៅ អ្វីដែលយើងគួរធ្វើ គឺតាមដាន ហើយរកយុទ្ធវិធី និងយុទ្ធសាស្រ្តធ្វើយ៉ាងណាដោះស្រាយបញ្ហាជម្លោះព្រំដែន និងអំពើឈ្លានពានរបស់ថៃលើដែនអធិបតេយ្យភាពកម្ពុជាវិញប្រសើរជាង។
សមរភូមិសន្លឹកឆ្នោត និងល្បែងជាតិនិយមជ្រុល
ការបោះឆ្នោតរបស់ថៃនៅថ្ងៃអាទិត្យ គឺជាការប្រកួតប្រជែងរវាងចរននយោបាយ៣ធំៗរួមមានទី១, ក្រុមបញ្ញវន្តជំហានថ្មីរបស់គណបក្សប្រជាជន ដែលដឹកនាំដោយលោក ណាត់ថាផុង រឿងបញ្ញាវុធ។ ទោះមានគោលនយោបាយកែទម្រង់រចនាសម្ព័ន្ធកងទ័ព និងតុលាការ ប៉ុន្តែហាក់មានភាពប្រយ័ត្នប្រយែងខ្លាំងចំពោះរឿងរាជានិយម ដើម្បីរស់រានខាងនយោបាយ។ ទី២, ក្រុមប្រជានិយមរបស់គណបក្សភឿថៃ ដែលដឹកនាំដោយលោក យុតឆាណាន់ នៅតែបន្តប្រើមន្តអាគមសេដ្ឋកិច្ចមាសប្រាក់ និងគោលនយោបាយជួយអ្នកក្រ ដើម្បីទាក់ទាញប្រជាប្រិយភាព និងទី៣, ក្រុមអភិរក្សនិយមរបស់គណបក្សភូមិចៃថៃ ដែលដឹកនាំដោយលោក អានុទីន ឆានវីរៈគុល ដែលកំពុងប្រើជាតិនិយមជ្រុល និងការការពាររបបរាជានិយមធ្វើជាឈ្នាន់នយោបាយយ៉ាងសកម្ម។
ទោះបីការស្ទង់មតិបង្ហាញថា គណបក្សប្រជាជនកំពុងនាំមុខជាមួយសំឡេងគាំទ្រប្រមាណ៣៦% តាមពីក្រោយដោយភឿថៃមានជាង២២% និងគណបក្សភូមិចៃថៃទទួលបានការគាំទ្រ១៨,៩% ក៏ដោយ ប៉ុន្តែនៅក្នុងបរិបទនយោបាយថៃរដ្ឋាភិបាលចម្រុះនៅតែជាលទ្ធផល ដែលគេពិបាកទស្សន៍ទាយ។ មិនថានរណានឹងក្លាយជានាយករដ្ឋមន្ត្រីទី៣៣នោះទេ អ្វីដែលច្បាស់ គឺមេដឹកនាំថ្មី តែអាចនឹងមានទស្សនៈចាស់ ជាពិសេសលើបញ្ហាព្រំដែន។
សមរភូមិការទូត និងការឈ្លានពានដែលមិនទាន់រលត់
នៅស្រុកថៃមានការវិភាគជាច្រើន ដោយឡែកនៅកម្ពុជាមិនអន់ដែរ គឺមានការវិភាគបែកអូរហូជាស្ទឹងនៅតាមតុកាហ្វេ និងបណ្តាញសង្គម ពីព្រោះវាផ្សារភ្ជាប់នឹងបញ្ហាជម្លោះព្រំដែន ដែលមកដល់ពេលនេះវានៅតែក្តៅគគុក ជាពិសេសគឺសង្រ្គាមការទូត ទោះបីជាសង្រ្គាមដែលថៃប្រើគ្រប់មធ្យោបាយយោធាបានផ្អាក ត្រឹមបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដោយ។ ថៃដែលអាងមានសេដ្ឋកិច្ចធំ មានអាវុធច្រើន និងទំនើបនៅបន្តគ្រប់គ្រង និងកាន់កាប់ដែនអធិបតេយ្យកម្ពុជាដោយខុសច្បាប់នៅឡើយ ជាពិសេសគឺទីតាំងចំនួន១៤នៅក្នុងខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ ព្រះវិហារ និងឧត្តរមានជ័យ។ មកដល់ពេលនេះស្ថាប័នពាក់ព័ន្ធរបស់កម្ពុជាបាន និងកំពុងខិតខំប្រើសង្រ្គាមការទូត និងសមរភូមិច្បាប់យ៉ាងស្វាហាប់ ហើយថៃបន្តគេចវេស ក្រោមលេសថា មិនទាន់មានរដ្ឋាភិបាលត្រឹមត្រូវ ប៉ុន្តែទោះបីជាមាន ក៏មិនប្រាកដថា រដ្ឋាភិបាលថ្មីនោះនឹងអាចដោះស្រាយបញ្ហាចេញងាយស្រួលនោះឡើយ។
ក្រោយចុះអនុស្សារណៈឆ្នាំ២០០០ ព្រោះតែចលនាជាតិនិយមជ្រុល និងជំងឺតួឯក មេដឹកនាំថៃជាបន្តបន្ទបន្ទាប់បានរុញរហូតដល់ចង់ធ្វើប្រជាមតិលុបចោលអនុស្សារណៈនេះចោលទៀតផង។ នៅក្នុងយុទ្ធនាការឃោសនាលោក អានុទីន នៅតែបន្តកេងចំណេញពីនយោបាយជាតិនិយម ដែលបានឈ្លានពានដែនអធិបតេយ្យភាពកម្ពុជា រីឯលោក ណាត់ថាផុង និងលោក យុតឆាណាន់ ហាក់មិនបង្ហាញជំហរច្បាស់លាស់ឡើយរឿងជាតិនិយម និងការឈ្លានពានកម្ពុជា។
កុំផ្ញើវាសនាលើបបូរមាត់អ្នកដទៃ
សរុបមកលទ្ធផលបោះឆ្នោតនៅថៃអាចប្ដូរត្រឹមតែមុខមាត់របស់ថ្នាក់ដឹកនាំប៉ុណ្ណោះ ប៉ុន្តែមិនងាយនឹងប្ដូរយុទ្ធសាស្ត្រពង្រីកជាតិនិយមរបស់គេឡើយ។ កម្ពុជាមិនត្រូវផ្ញើវាសនាលើឆន្ទៈនយោបាយ បែបសប្បុរសធម៌ពីមេដឹកនាំថៃឡើយ។ កម្លាំងការពារជាតិមិនមែនកើតចេញពីការបួងសួងឱ្យគេអាណិតឡើយ ហើយដើម្បីការពារផ្ទះរបស់យើង យើងត្រូវពង្រឹងផ្ទៃក្នុង ឯកភាពជាតិ ពង្រឹងសេដ្ឋកិច្ច និងសមត្ថភាពការពារជាតិឱ្យរឹងមាំ ក៏ដូចជាដោះស្រាយបញ្ហាដោយផ្អែកលើច្បាប់អន្តរជាតិ និងឯកសារប្រវត្តិសាស្ត្រ ដែលមិនអាចប្រកែកបាន។ បន្ថែមលើនេះត្រូវធ្វើនយោបាយការទូតបែបបុរេសកម្ម តាមរយៈការធ្វើការងារការទូតដោយភាពឆ្លាតវៃ ម៉ឺងម៉ាត់ និងមានប្រសិទ្ធភាព។ ការឈ្លានពានរបស់ថៃនឹងបរាជ័យ លុះត្រាតែខ្មែរយើងរួមកម្លាំងគ្នាមើលឱ្យធ្លុះនូវល្បែងនយោបាយជិតខាង ហើយរួមគ្នាពង្រឹងផ្ទះខ្លួនឯងឱ្យរឹងមាំបំផុត៕
ដោយៈ ខេមបូណូមីស